ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ វិទ្យាស្ថាន NPIC ផ្តោតលើ ៤ ចំណុចសំខាន់ដើម្បីធានាគុណភាពបណ្តុះបណ្តាលជំនាញ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក ស៊ុំ សុចិន្តា អ្នកនាំពាក្យនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា វិទ្យាស្ថានយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ ៤ ក្នុងការធានាគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមចំណែកជួយឱ្យសិស្សទទួលបានចំណេះដឹង និងជំនាញជាក់ស្តែង ព្រមទាំងមានឱកាសឈានទៅរកការងារធ្វើបានឆាប់រហ័សក្រោយបញ្ចប់ការសិក្សា។  

អ្នកនាំពាក្យរូបនេះប្រាប់ថា កត្តាទាំង ៤ រួមមានការបំពាក់ឧបករណ៍ និងសម្ភារៈសិក្សាទំនើប អ្នកបណ្តុះបណ្តាលប្រកបដោយគុណវុឌ្ឍិ មានក្រុមអ្នកជំនាញរៀបចំកម្មវិធីសិក្សាស្របតាមកម្រិត និងតម្រូវការជំនាញ ព្រមទាំងមានដៃគូសហការល្អសម្រាប់ផ្តល់ឱកាសហាត់ការ និងការងារសម្រាប់សិស្សពេលរៀនចប់។  លោកថ្លែងថា៖ «ធាតុទាំងបួននេះ គឺវាសំខាន់មែនទែនសម្រាប់ជា កត្តាគន្លឹះមួយដែលជួយជំរុញឱ្យសិស្សនិស្សិត អាចស្វែងរកគោលដៅរបស់ពួកគេឱ្យបានត្រឹមត្រូវ ក៏ដូចជាជំនាញ និងអាជីពនាពេលអនាគតរបស់ពួកគេផងដែរ»។ 

បើតាមលោក ស៊ុំ សុចិន្តា ដើម្បីធានាប្រសិទ្ធភាព និងគុណភាព នៃការសិក្សា វិទ្យាស្ថាន NPIC ប្រើយន្តការធំៗ ២ គឺ ទី១ យន្តការខាងក្នុងសាលា ដែលសំដៅដល់ការបំពាក់ឧបករណ៍ និងសម្ភារៈសិក្សាជាមូលដ្ឋាន ដើម្បីឱ្យនិស្សិតមានឱកាសអនុវត្តជាក់ស្តែង ដោយការអនុវត្តមានមិនក្រោម ៥០% នៃការសិក្សា តាមរយៈបន្ទប់អនុវត្ត និងមន្ទីរពិសោធន៍។ ចំណែក យន្តការខាងក្រៅសាលា សំដៅដល់ការសហការជាមួយក្រុមហ៊ុនឯកជន សហគ្រាស និងស្ថាប័នដែលកំពុងប្រតិបត្តិការជាក់ស្តែង ដើម្បីបញ្ជូននិស្សិតទៅហាត់ការងារ។ តាមរយៈវិធីនេះ និស្សិតអាចភ្ជាប់ទ្រឹស្តីជាមួយការអនុវត្ត ស្វែងយល់ពីចំណុចខ្វះខាត និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។នេះបើតាមអ្នកនាំពាក្យដដែល ៕ អត្ថបទសហការ