ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ ៖ ​ការ​ចូលរួម​របស់​ប្រតិភូ​នានា ​ក្នុង​សន្និសីទ​ប្រធាន​សភា​នៅ​កម្ពុជា​ បាន​ឆ្លុះ​បញ្ចាំង​ពី​បំណងប្រាថ្នា​រួម​ចំពោះ​សន្តិភាព និង​វិបុលភាព

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​សន្និសីទ​ប្រធាន​សភា នៃ​អន្តរ​សភា លើក​ទី​២ (ISC-2) បាន​គូសបញ្ជាក់​ថា ​ការ​ចូលរួម​របស់គណៈប្រតិភូ​ក្នុង​សន្និសីទ​ប្រធាន​សភា នៃ​អន្តរ​សភា​លើក​ទី​២ នៅ​ប្រទេស​កម្ពុ​ជា នា​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​បំណងប្រាថ្នា​រួម​ចំពោះ​សន្តិភាព និង​វិបុលភាព​ ។

សម្ដេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​ស​ន្នី​សី​ទ​ប្រធាន​សភា ​នៃ​អន្តរ​សភា​លើក​ទី​២​ មាន​ប្រសាសន៍​ក្នុង​ពិធី​លៀង​សាយភោជន៍​ ជូន​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​ នៃ​ស​ន្នី​សី​ទ​ប្រធាន​សភា​ នៃ​អន្តរ​សភា​លើក​ទី​២ (ISC-2) នា​ល្ងាច​ថ្ងៃ​ទី​២៧​ ខែសីហា ឆ្នាំ​២០២៦​ថា ​៖ «​ការ​ចូលរួម​របស់ ឯកឧត្តម​-​លោកជំទាវ​ក្នុង​សន្និសីទ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​បំណងប្រាថ្នា​រួម​ចំពោះ​សន្តិភាព និង​វិបុលភាព និង​ពី​ជំនឿ​របស់​យើង ចំពោះ​សារៈសំខាន់​ នៃ​កិច្ច​សន្ទនា កិច្ច​សហ​ប្រ​តិប​ត្តិ​ការ និង​សាមគ្គីភាព ក្នុង​ពេល​ពិភពលោក​កំពុង​ប្រឈម​នឹង​ភាព មិន​ប្រាកដប្រជា ការ​បែកបាក់ និង​ជម្លោះ​កាន់តែ​ខ្លាំង​ឡើង​»​ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្មារតី​ នៃ​កិច្ច​សន្ទនា មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ ដែល​យើង​បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​នេះ នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​សភា និង​ប្រទេស​។ ទន្ទឹម​គ្នា​នេះ នឹងរួមចំណែក​កាន់តែ​ខ្លាំង​ដល់​ការ​កសាង​ពិភពលោក​មួយ ដែល​មាន​សន្តិភាព ស្ថិរភាព យុត្តិធម៌ និង​វិបុលភាព​យូរអង្វែង​សម្រាប់​មនុស្សជាតិ​ទាំងមូល​ ។

សម្តេច​តេ​ជោ ​បាន​បន្ថែម​ថា ​កិច្ច​ពិភាក្សា​ជា​ផ្លុ​វ​ការ​របស់​យើង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស​ន្នី​សី​ទ ប៉ុន្តែ​នៅ​រាត្រី​នេះ​ផ្តល់​ឲ្យ​យើង នូវ​ឪ​កាស​ល្អ​មួយ​ដើម្បី​បន្ត​ពង្រឹង​ទំនុកចិត្ត​ចំណង​មិ​ត្ភ​ភាព និង​ភាព​ជិត​ស្និ​ទរ​វាង​គ្នា​ក្នុង​បរិ​យា​ការ​កាន់តែ​កក់ក្តៅ និង​ស្នី​ទ​ស្នាល ។ សម្រាប់​កម្ពុជា​ការ​ធ្វើ​បដិសណ្ឋាកិច្ច​មិន​ត្រឹមតែ​ជា​ប្រពៃណី​នោះ​ទេ ប៉ុន្តែជា​ការ​បង្ហាញ​ពី​មិត្តភាព និង​ការ​គោរព​។ ​ដូច្នេះ​ខ្ញុំ​ជឿរ​ជាក់​ថា ​នឹង​ផ្តល់​ឪ​កាស​ដល់ ឯកឧត្តម លោក លោកស្រី​ ស្វែង​យល់ ពី​ម្ហូបអាហារ វប្បធម៌​ប្រពៃណី​ខ្មែរ ហើយ​អ្វី​ដែល​សំខាន់​បំផុត​ពី​មិត្តភាព​របស់​កម្ពុជា ​។

សូម​រំលឹក​ថា សន្និសីទ​ប្រធាន​សភា នៃ​អន្តរ​សភា គឺជា​វេទិកា​អន្តរ​សភា​ថ្មី​មួយ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមេសា ឆ្នាំ២០២៥​។ វេទិកា​នេះ មាន​គោល​បំណ​ង​ជំរុញ​ការ​កសាង​សហគមន៍អន្តរជាតិ​មួយ ដែល​ប្រទេស​ទាំងអស់​អាច​ធ្វើការ​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នានា លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​រួមចំណែក​កសាង​សន្តិភាព​យូរអង្វែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ៕