ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ករណី​វាយ​នារី​ជនជាតិ​ខ្មែរ រង​របួស​ជា​ច្រើន​កន្លែង

3 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ពាក់ព័ន្ធ​ករណី​ហិង្សា ដែល​កំពុង​មានការ​ចាប់អារម្មណ៍ និង​ចែករំលែក​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​សង្គម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ និង​កំពុង​បន្ត​នីតិវិធី​តាម​ច្បាប់ ។

ករណី​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ នៅ​បន្ទប់​លេខ​១២០៨ ជាន់​ទី​១២ នៃ​សណ្ឋាគារ​ប្ល៊ូ​បេ ស្ថិត​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។
តាម​ការ​ស្រាវជ្រាវ​បឋម ជនសង្ស័យ​ឈ្មោះ CHEN FUJIE ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន បាន​មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះជា​នារី​ជនជាតិ​ខ្មែរ អាយុ​១៧​ឆ្នាំ ហើយ​បាន​ប្រើ​អំពើ​ហិង្សា​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ច្រើន​កន្លែង មុន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ។

ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​បើក​ការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​១១​និង​០០​នាទី បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

តាម​ការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕