អគ្គិភ័យឆាបឆេះផ្ទះលក់ហ្គាសនៅទីប្រជុំជនអ្នកលឿង រាលដាលឆេះផ្ទះ ៣ខ្នងទៀត
- ព្រៃវែង
ខេត្តព្រៃវែង ៖ មនុស្សរាប់រយនាក់ បានរត់ប្រសាចពេញផ្លូវ ខ្លះប្រឹងជញ្ជូនឥវ៉ាន់ចេញពីផ្ទះ និងខ្លះទៀតប្រឹងទាញទុយោបាញ់ទឹក ដោយសារតែមានអគ្គីភ័យ កំពុងតែឆាបឆេះផ្ទះលក់ហ្គាស់១កន្លែង ក្នុងទីប្រជុំជនអ្នកលឿង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧សីហា នៅចំណុចភូមិ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងគេឃើញអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះលក់ហ្គាស់១កន្លែង ដែលមានម្ចាស់ឈ្មោះ ហេង ចំរើន ហៅ ម៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ហើយអ្នកស្រុកព្យាយាមចង់ជួយពន្លត់ដែរ តែផ្ទះជាប់សោរពីក្រៅ ហើយក្នុងផ្ទះមានផ្ទុះកំប៉ុងហ្គាស់បន្តកន្ទុយគ្នា ទើបមិនមានអ្នកណាហ៊ានចូលទៅជិត បានត្រឹមទាក់ទងហៅសមត្ថកិច្ចអោយមកជួយប៉ុណ្ណោះ។
សាក្សីដដែលនេះបានបន្តថា ពេលភ្លើងឆេះពេញក្រមុំ ឡានទឹកនគរបាលស្រុកពាមរក៍បានមកដល់ ព្យាយាមបាញ់ទឹកពន្លត់អស់ទឹក១ឡាន តែភ្លើងមិនរលត់ ក៏ទៅយកទឹក១ឡានមកទៀត តែទំរាំមកដល់ភ្លើងបានរាលដាលឆេះផ្ទះនៅជាប់គ្នាអស់៣ខ្នងទៀត ធ្វើអោយម្ចាស់ផ្ទះផ្សេងៗទៀតនៅក្បែគ្នានោះ ភ័យស្លន់ស្លោរ នាំកូនចៅជញ្ជូនឥវ៉ាន់ចេញពីផ្ទះមកទុកខាងក្រៅគ្រប់ៗគ្នា។
សមត្ថកិច្ចបានអោយដឹងថា អគ្គីភ័យនេះបានចាប់ឆាបឆេះ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ហើយរហូតដល់ម៉ោងជាង ២រសៀលអណ្តាតភ្លើងក៏ត្រូវគ្រប់គ្រងបាន លែងអាចឆេះរាលដាលបាន ដោយសមត្ថកិច្ចបានប្រើឡានទឹកចំនួន១០គ្រឿង បាញ់ទឹកអស់ជាង២០ឡាន ក្នុងនោះឡានទឹកខេត្តព្រៃវែងចំនួន៨គ្រឿង និងឡានទឹកខេត្តកណ្តាលចំនួន ២គ្រឿង។
សមត្ថកិច្ចបានអោយដឹងទៀតថា អគ្គ្ភ័យនេះ បានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន២ខ្នង និងខូចខាត៥០% ចំនួន២ខ្នង។ ដោយឡែកទំហំនៃការខូចខាត គេនៅមិនទាន់អាចប៉ាន់ស្មានបាននៅឡើយទេ ហើយមូលហេត្ដែលបណ្តាលអោយកើតមានអគ្គីភ័យនេះ គេនៅមិនទាន់អាចសន្និដ្ឋានជាផ្លូវការបានទេ តែបើតាមពត៌មានបឋមពីពលរដ្ឋ គឺមកពីភ្លើងធូបដែលម្ចាស់ផ្ទះដុតសែនក្បាលទឹក ៕





















ចែករំលែកព័តមាននេះ