ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមលុយឱ្យហើយ ! Apple កំណត់ពេលប្រកាស iPhone នៅថ្ងៃទី ៩ ខែកញ្ញា

2 ខែ មុន
  • ភ្នំពេញ

បរទេស ៖ បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម និង​ការ​លេច​ធ្លាយ​ជា​ច្រើន​ខែ​មក ទីបំផុត​យើង​បាន​ដឹង​ពី​កាលបរិច្ឆេទ​សម្រាប់​ស៊េរី iPhone 18 Pro របស់ Apple និង​ការ​ប្រកាស​ចេញទូរស័ព្ទ iPhone បត់​បាន​ដំបូង​គេ​បង្អស់ ។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ព្រឹត្តិការណ៍ដែលផ្តោតលើ iPhone របស់ខ្លួននឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកញ្ញា វេលាម៉ោង ១០ ព្រឹក PT ដែលក្រុមហ៊ុននឹងរៀបចំព្រឹត្តិការណ៍ផ្ទាល់មួយនៅ Apple Park ក្នុងទីក្រុង Cupertino រដ្ឋ California ហើយនឹងផ្សាយផ្ទាល់សុន្ទរកថាដ៏សំខាន់ ។

Apple កំណត់ពេលព្រឹត្តិការណ៍ iPhone នៅថ្ងៃទី ៩ ខែកញ្ញា ជាមួយផ្ទាំងរូបភាពព្រឹត្តិការណ៍នេះមានពាក្យស្លោកថា «ភ្ញាក់ផ្អើល និង ភ្លឺចែងចាំង» “Surprise and Shine” រួមជាមួយនឹងឡូហ្គោ Apple ដ៏ភ្លឺចែងចាំងដែលហាក់ដូចជាមានពន្លឺព្រះអាទិត្យចាំងចូល ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញ iPhone 18 Pro និង iPhone 18 Pro Max នៅក្នុងព្រឹត្តិការណ៍នេះ ។ ទោះជាយ៉ាងណាក៏ដោយចំណុចលេចធ្លោធំបំផុតនឹងជា iPhone Ultra ដែលជា iPhone បត់បានដំបូងរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះក្រុមហ៊ុន Apple ក៏អាចប្រកាសម៉ូដែល Apple Watch ថ្មីផងដែរ ។

ជម្រើសពណ៌ iPhone 18 Pro ដែលលេចធ្លាយ ត្រូវបានគេរំពឹងថា នឹងរក្សាការរចនាស្រដៀងគ្នាទៅនឹងត្រកូល iPhone 17 Pro ប៉ុន្តែមានពាក្យចចាមអារ៉ាមថា នឹងមានកាមេរ៉ាមេខាងក្រោយអាចផ្លាស់ប្តូររន្ធ Aperture បន្ទះឈីប A20/Pro ថ្មី មាន Dynamic Island តូចជាងមុន និងមានម៉ូដឹមថ្មីផងដែរ ។ ហើយទូរស័ព្ទទាំងនេះក៏ត្រូវបានគេរំពឹងថា នឹងមានជម្រើសពណ៌ថ្មី គឺ Dark Cherry និង Sky Blue ផងដែរ ។

ទន្ទឹមនឹងនេះដែរ iPhone Ultra ត្រូវបានគេនិយាយថា មានអេក្រង់គម្របទំហំ 5.5 អ៉ីញ និងអេក្រង់ខាងក្នុងទំហំ 7.67 អ៉ីញ ជាមួយនឹងសមាមាត្រ 4:3 ។ វាក៏មានពាក្យចចាមអារ៉ាមថា នឹងគាំទ្រ Touch ID និងផ្តល់ជូននូវចំណុចប្រទាក់អ្នកប្រើប្រាស់ដូច iPad ផងដែរ ៕ ប្រភព ៖ gsmarena