រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលសង្ស័យថាត្រូវថ្នាំវង្វេងស្មារតីលែងដឹងខុសត្រូវ បានបង្ហាញនូវឥរិយាបថប្រៀបដូចជាមនុស្សវិកលចរិត ហើយក៏មានកម្លាំងខ្លាំងដូចដំរីសារ សូម្បីសន្ដិសុខនិងគ្រូពេទ្យរហូតដល់ទៅ៧នាក់ក៏ចាប់នាងមិនជាប់ ដែរ ខណៈដឹកនាងតាមរ៉ឺម៉កម៉ូតូយកមកដាក់នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ- សូវៀត កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៩ សីហា ។
ប្រភព ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នារីដែលត្រូវថ្នាំនេះត្រូវបានដឹកតាមរ៉ឺម៉កម៉ូតូយកមកដាក់នៅ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដោយមានយុវជនម្នាក់អាយុប្រមាណ៣០ឆ្នាំ ជិះម៉ូតូម៉ាកស្ដេប ពណ៌ខ្មៅលាយព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ1S-7084តាមមកពីក្រោយ លុះមកដល់មន្ទីរពេទ្យយុវជននោះបានប្រាប់ថាទៅទូរស័ព្ទប្រាប់ បងប្អូនរួចក៏ចេញទៅបាត់រហូត។ ចំណែកម្ចាស់រ៉ឺម៉កក៏មិនបានផ្ដល់ព័ត៌មានអ្វីដែរគ្រាន់តែប្រាប់ថា ដឹកនាងចេញពីផ្ទះសំណាក់បឹងត្របែកប៉ុណ្ណោះ។
ពេលស្ថិតនៅ ក្នុងមន្ទីរពេទ្យនាងមិនព្រមឱ្យគ្រូពេទ្យព្យាបាលទេ ដោយរើបម្រះយកតែពីឈ្នះដៃ ទោះបីជាគ្រូពេទ្យនិងសន្ដិសុខរហូតមានគ្នាដល់ទៅ៧នាក់ក៏ចាប់នាង មិនឈ្នះដែរ។ ពេលនោះគ្រូពេទ្យក៏ដោះលែងនាងឱ្យដើរស្រេចតែចិត្ដ ដោយនាងបានដើរទៅដេកក្បែរមន្ទីរពេទ្យនិងដើរបេះផ្កាសើចលេងសប្បាយ ទៅវិញ លុះមួយសន្ទុះធំទើបគ្រូពេទ្យលួងលោមនាងយកទៅព្យាបាលបាន។ រហូតមកដល់ព្រឹកថ្ងៃទី១០ សីហា ស្ថានភាពរបស់នាងបានធូរស្បើយខ្លះហើយ ប៉ុន្ដែនៅមិនទាន់ដឹងខ្លួនស្រួលបួលនៅឡើយទេ។
ស្ត្រីម្នាក់ ដែលអះអាងថា ជាបងស្រីរបស់នាងបានឱ្យដឹងរបៀបលាក់លៀមថា នាងដែលត្រូវថ្នាំនេះឈ្មោះ មី អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកឈូក ខេត្ដកំពត បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ នាងទើបតែត្រឡប់មកពីលេងស្រុក និងមិនដឹងថានាងទៅណាមកណាទៀតទេ ទើបតែនៅព្រឹកថ្ងៃទី១០ សីហា ក៏មានអ្នករត់ម៉ូតូឌុបទូរស័ព្ទប្រាប់ថា នាងដេកនៅមន្ទីរពេទ្យក៏នាំគ្នាមក មើល។ ពេលនាងដឹងខ្លួនម្ដងៗប្រាប់ថា នាងលេបថ្នាំបារ៉ាអស់១០គ្រាប់ ថ្នាំងងុយដេកអស់៩គ្រាប់ និងថ្នាំគ្រាប់ពណ៌លឿងអស់មួយចំនួនទៀត ។
បើមើលតាមស្ថានភាពរបស់នាងពេលដែលទើបនឹងមកដល់មន្ទីរពេទ្យ ភ្លាមៗគេសង្ស័យថា នាងប្រើថ្នាំញៀន ព្រោះនាងមានកម្លាំងដូចដំរី ហើយស្ថិតក្នុងសភាពរវើរវាយសើចសប្បាយទៅវិញ ។ គ្រូពេទ្យមិនទាន់ឱ្យដឹងច្បាស់ថា តើនារីម្នាក់ត្រូវថ្នាំប្រភេទអ្វីនៅឡើយទេ ៕
ចែករំលែកព័តមាននេះ