ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ការ​ចោទប្រកាន់មន្ត្រី​បច្ចេកទេស​ខេត្តតាកែវ ទាមទារ​ភាគរយពី ២% ដល់ ៥%

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ​ ៖ មានការ​លើក​ឡើង​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​ម៉ៅ​ការ​សាងសង់​ផ្លូវ​ក្នុង​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់ ២០២៦ នៅ​ក្នុង​ខេត្តតាកែវ​ថា ពួក​គេ​ត្រូវ​ប្រឈម​នឹង​ការ​ទាមទារ​ភាគរយ​ពី​សំណាក់​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ នៅ​ពេល​ចុះ​ត្រួតពិនិត្យ ឬ​ចុះ​បិទ​ការងារ​តាម​ដំណាក់កាល​នៃ​គម្រោង​ ។ តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រភព​ក្រុមហ៊ុន​មួយ​ចំនួន ការ​ទាមទារ​នោះ​ត្រូវ​បាន​អះអាង​ថា មាន​ចាប់ពី​ប្រមាណ ២% ដល់ ៥% នៃ​តម្លៃ ឬ​បរិមាណ​ការងារ ដោយ​អាស្រ័យ​លើ​ទំហំ និង​ប្រភេទ​ផ្លូវ​ដែល​ក្រុមហ៊ុន​ទទួល​អនុវត្ត​ ។ ប្រភព​ដដែល​អះអាង​ថា ករណី​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​បរិបទ​ដែល​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យ និង​បិទ​ការងារ​តាម​ដំណាក់កាល​នៃ​គម្រោង ​។

ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ថា ការ​ចំណាយ​ក្រៅផ្លូវការ​បែប​នេះ ប្រសិនបើ​មាន​មែន អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​កំពុង​អនុវត្ត​គម្រោង​សាធារណៈ​ជួប​ការ​លំបាក ព្រោះ​ក្រុមហ៊ុន​ត្រូវ​គិតគូរ​ទាំង​ថ្លៃដើម​សម្ភារ កម្លាំង​ពលកម្ម និង​ចំណាយ​ប្រតិបត្តិការ​ផ្សេង​ៗ ខណៈ​ការ​ចំណាយ​បន្ថែម​ដែល​មិន​មាន​ក្នុង​កិច្ចសន្យា អាច​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ និង​គុណភាព​ការងារ​ ។

គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់ គឺជា​គម្រោង​ដែល​មាន​គោលបំណង​ចូលរួម​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ និង​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជា​ពិសេស​ការ​សាងសង់ និង​កែ​លម្អ​ផ្លូវ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ផល​កសិកម្ម​ ។ ដូច្នេះ ប្រសិនបើ​មានការ​ចំណាយ​ក្រៅផ្លូវការ​កើតឡើង​ពាក់ព័ន្ធ​នឹង​គម្រោង​ទាំងនេះ វា​គួរ​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ និង​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ដើម្បី​ធានា​ថា ថវិកាជាតិ​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ​។

ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​មូលនិធិ​ឃុំ​សង្កាត់ រំពឹង​ថា អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នឹង​ចុះ​ពិនិត្យ​ស្រាវជ្រាវ​លើ​ការ​លើក​ឡើង​នេះ ប្រសិនបើ​មាន​បណ្តឹង ឬ​ព័ត៌មាន​ដែល​អាច​ផ្តល់​ជា​ភស្តុ​តាង ដើម្បី​បញ្ជាក់​ថា តើ​មានការ​ទាមទារ​ថវិកា ឬ​ផលប្រយោជន៍​ក្រៅ​កិច្ចសន្យា​ពិតប្រាកដ​ឬ​យ៉ាងណា និង​ដើម្បី​ធានា​ថា ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព និង​គោរព​តាម​នីតិវិធី ​។

ជុំវិញ​កា​រលើក​ឡើង​ខាង​លើ​​នេះ លោក ឆេ​ង ច​ន្ថា​ នាយក​ទីចាត់ការ​ផែន​វិនិយោគ​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃ​ទី ​២៦ ខែសីហា ឆ្នាំ​ ២០២៦ បានឱ្យ​ដឹង​ថា លោក មិន​បានដឹង​មន្ត្រី​ក្រោម​ឱ​បាទ​លោក​ទាំង​ ១៣​នាក់​ ទារ​លុយ​ពី​ក្រុម​អ្នកម៉ៅការ​ពេល​ចុះ​ពិនិត្យ ឬ​បិទ​គម្រោង​ស្ថាបនា​នោះ​ទេ ។ លោក​បញ្ជាក់​ថា រសៀល​នេះ​លោក​នឹង​ហៅ​មន្ត្រី​ក្រោម​ឱវាទ​មក​សួរនាំ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

លោកឆេង ចន្ថា