ទីក្រុងបាគូ ៖ «Sabah» បានក្លាយជាក្លិបបាល់ទាត់មានអាយុកាលក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានកៅអីលេងក្របខណ្ឌ UEFA Champions League បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ និងការវាយបកឈ្នះក្រុម Hapoel Be’er Sheva នៅជើងទី ២ វគ្គជម្រុះ ដែលបញ្ចប់ទៅ កាលពីវេលាឈានចូលព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។
ក្លិប Sabah ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ហើយគិតមកទល់ពេលមានអាយុកាលទើបតែប្រហែល ៩ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ ក្រុមមកពីប្រទេសអាស៊ែបៃហ្សង់មួយនេះ នឹងត្រូវចូលរួមប្រកួតប្រជែងពានរង្វាន់ដ៏ល្បីបំផុតរបស់ទ្វីបអឺរ៉ុប Champions League ជាមួយក្រុមលំដាប់កំពូលៗ ដូចជា Real Madrid, Bayern Munich និង Barcelona ជាដើម។
ក្រុមមានមូលដ្ឋាននៅតំបន់ Masazir មួយនេះ ស្ថិតក្នុងស្ថានភាពចាញ់ប្រៀប បន្ទាប់ពីត្រូវក្រុមតំណាងអ៊ីស្រាអែល Hapoel Be’er Sheva ក្នុងនាមក្រុមម្ចាស់ផ្ទះបានយកឈ្នះលទ្ធផល ១-២ កាលពីជើងទី១ វគ្គ Play-off នៅទឹកដីកណ្តាលនៃប្រទេសរូម៉ានី។ ស្ថានភាពកាន់តែមានភាពតានតឹងខ្លាំងឡើងថែមទៀត នៅពេលក្រុមទាំងពីរស្ថិតក្នុងលទ្ធផលស្មើគ្នា ២-២ នៅជើងទីពីរ ដែលធ្វើឱ្យ Hapoel មានឱកាសខ្ពស់ឡើងទៅវគ្គបន្ត។
ទោះជាយ៉ាងណាក៏ដោយ រឿងដ៏ភ្ញាក់ផ្អើលបានកើតឡើង នៅវិនាទីចុងក្រោយ បន្ទាប់ពីកីឡាករ Tellur Mutallimov បានលោតយ៉ាងខ្ពស់តែតបាល់បញ្ចូលទី ជួយក្រុមម្ចាស់ផ្ទះ Sabah Baku នាំមុខ ៣-២ និងរុញការប្រកួតឈានដល់វគ្គថែមម៉ោង ១៥នាទី ២ ដង។ នាទីដ៏គ្រោះថ្នាក់នេះហើយ ដែលក្រុមម្ចាស់ផ្ទះអាចរកបាន ២ គ្រាប់បន្ថែមទៀត ហើយបញ្ចប់ដោយយកឈ្នះលទ្ធផល ៥-២ នៅក្នុងជើងទីពីរ និងសរុបទាំងពីរជើង ៦-៤។ តាមរយៈលទ្ធផលនេះ Sabah Baku ធានាបានកៅអីផ្លូវការក្នុងការប្រកួត Champions League នារដូវកាល ២០២៦/២៧។
រឿងរ៉ាវរបស់ Sabah កាន់តែអស្ចារ្យខ្លាំង ប្រសិនបើក្រឡេកមើលចំណុចចាប់ផ្តើមដំបូងរបស់ពួកគេ។ រដូវកាលដំបូង ពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៥ ប៉ុណ្ណោះ នៅលីគលំដាប់ទី២ ប៉ុន្តែនៅក្នុងឆ្នាំនេះ ពួកគេបានឈ្នះជើងឯកលីគកំពូលជាលើកដំបូង និងបានបន្តបង្កើតរឿងភ្ញាក់ផ្អើលក្នុងការប្រកួតពានរង្វាន់អឺរ៉ុបថែមទៀត។ មុនយកឈ្នះក្រុម Hapoel ពួកគេក៏បានទម្លាក់ក្រុម The New Saints (វែលស៍), KuPS (ហ្វាំងឡង់) និង AGF (ដាណឺម៉ាក) ផងដែរ។ ដោយសារកីឡដ្ឋាន Bank Respublika Arena របស់ពួកគេ មិនឆ្លើយតបតាមស្តង់ដាររបស់ UEFA នោះ Sabah ត្រូវបង្ខំចិត្តប្រកួតវគ្គ Play-off នេះ នៅឯកីឡដ្ឋាន Tofiq Bahramov នៅរដ្ឋធានីបាគូជំនួសវិញ៕ ប្រភព ៖ Znews



ចែករំលែកព័តមាននេះ