ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លាន់​ញី​រស់​នៅ​ជា​មួយ​ជាង​10​ឆ្នាំ ពេល​នេះ​ខាំ​ជើង​លែង​ហ៊ាន​ចិញ្ចឹម

13 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ថ្លាន់ញី​មួយក្បាល​​ដែល​ពេលនេះ​​​​មានទម្ងន់​ជាង​១៥០គីឡូក្រាម ​​​និង​​មាន​​​ប្រវែង​ជាង​៥ម៉ែត្រ ​​រស់នៅ​​ជាមួយទារក​​​តាំង​ពី​នៅ​អាយុ​បាន៣​ខែ ​និ​ងនៅក្បែរ​​គ្នា​ជា​និច្ច ​​ជា​មួយ​គ្រួសារ​​នេះ​​​ទុក​ដូច​សមាជិក​ក្រុមគ្រួសារ​​​​អស់​រយៈ​ពេល​ជាង​ ១០ឆ្នាំ​មកហើយ​នោះ​ មិន​ដែល​បង្ក​​ផលវិបាក​​ ឬ​បញ្ហា​អ្វី​

ខេត្តកណ្តាល ៖ ថ្លាន់ញី​មួយក្បាល​​ដែល​ពេលនេះ​​​​មានទម្ងន់​ជាង​១៥០គីឡូក្រាម ​​​និង​​មាន​​​ប្រវែង​ជាង​៥ម៉ែត្រ ​​រស់នៅ​​ជាមួយទារក​​​តាំង​ពី​នៅ​អាយុ​បាន៣​ខែ ​និ​ងនៅក្បែរ​​គ្នា​ជា​និច្ច ​​ជា​មួយ​គ្រួសារ​​នេះ​​​ទុក​ដូច​សមាជិក​ក្រុមគ្រួសារ​​​​អស់​រយៈ​ពេល​ជាង​១០ឆ្នាំ​មកហើយ​នោះ​ មិន​ដែល​បង្ក​​ផលវិបាក​​ ឬ​បញ្ហា​អ្វី​មួយ​ដល់​ក្រុមគ្រួសារ​​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ-ឃុំ​​នោះទេ ​។​ រហូត​ដល់​អ្នក​ភូមិខ្លះ ​មានជំនឿថា ថ្លាន់​មួយនេះ​បានបារមី​​​ស័ក្តិ​សិទ្ធិ​​ពូកែ ​និង​​តែង​នាំគ្នា​​មក​សុំ​ទឹក​​​មន្ត ដើម្បី​​​ព្យាបាលជំងឺ ។​ ទាក់​ទិន​នឹង​​ថ្លាន់​ញី​នេះ ​​ដែរ ក៏​ត្រូវ​​​បានប្រព័ន្ធ​ផ្សព្វផ្សាយ​​បរ​ទេស​​នានា​​​​​​​ចុះ​​ផ្សាយ​​​​ព្រោងព្រាត​​ផង​ដែរ កាលពីប៉ុន្មាន​ឆ្នាំ​​​កន្លង​មកនេះ ។

ទោះបី​ជាបែបនេះក្តី កាលពី​ថ្ងៃទី៨ សីហា ​ក្រុម​គ្រួសារ​​ដែល​ធ្លាប់​ថែរក្សា​​​ថ្លាន់ញី​​​ទុកដូច​ជា​សមា​ជិក​គ្រួសារ​​ដែល​រស់នៅភូមិ​សិត្បូ ឃុំសិត្បូ ​ស្រុក​ស្អាង​បាន​សម្រេច​​ចិត្ត​ប្រគល់​​​ទៅ​ឱ្យមន្ត្រី​​នៃ​អង្គការ​​​​អភិរក្ស ​​សត្វព្រៃ​​យកទៅ​​​លែង​នៅ​សួន​សត្វ​​​ភ្នំតាម៉ៅ​ហើយ ។ មូល​ហេតុ​ដែល​​​អ្នក​ចិញ្ចឹម​​សម្រេច​ចិត្ត​បែបនេះ​ដោយ​សារ​តែ​​ថ្លាន់ញី​​មួយ​ក្បាលនេះ​​បាន​ខាំ​កូន​ប្រុស​​គាត់​​ដែល​ជា​​មនុស្ស​ស្និទ្ធ​​​ស្នាល​បំផុត​​ជាប់​​ក​​ជើង​​កាលពី​វេលាម៉ោង​៩ព្រឹកថ្ងៃទី៨ សីហា ​ខណៈ​កូន​ប្រុស​​គាត់​ចូលទៅ​បោស​សំអាត​​​ក្នុង​បន្ទប់​​ដែលពស់​ថ្លាន់នោះ​រស់នៅ​​ដូចសព្វមួយដង ។ ​កូន​ប្រុស​​​គាត់​នេះ​​គឺជា​​ទារក​ដែលពស់នេះ​មក​រស់នៅ​ក្បែរ​​តាំង​ពី​អាយុ​៣ខែ​មកនោះ ​។ មូលហេតុ​​​​ម្យ៉ាង​ទៀត ​​គឺ​ដោយសារ​​​គាត់ខ្វះ​​ថវិកា​​សម្រាប់​ទិញ​ចំណី​​ឱ្យស៊ី ​ព្រោះ​វាស៊ីម្តងៗ​​អស់សាច់​រហូតដល់​១០គីឡូក្រាម​​​​ ដោយ​សារ​​ខ្លួន​វា​កាន់​តែធំ​​មានប្រវែង​​ជាង​៥​ម៉ែត្រ​ទម្ងន់​ប្រហែល​១៥០​គីឡូក្រាម ។

លោកឃួន ​ សំអុល ​​អាយុ​៥៥ឆ្នាំ ​​​និង​ប្រពន្ធ​គាត់​ឈ្មោះគឹម កាណារ៉ា  រស់នៅ​ភូមិសិត្បូ ​ឃុំ​សិត្បូ ស្រុកស្អាង ​​បានរៀប​រាប់​ពីប្រវត្តិ​​​ពស់​ថ្លាន់​​ញី​មួយនេះ​ឱ្យដឹងថា ​ពស់ថ្លាន់​ញីមួយនេះ​បាន​ចូល​មក​រស់នៅ​ក្នុង​ផ្ទះ​​​គាត់តាំងពី​ថ្ងៃទី៨ ​មីនា ឆ្នាំ ២០០០មកម្ល៉េះ គឺចូលមក​ដេក​ក្បែរ​កូនប្រុស​គាត់​​ទើបតែ​អាយុ​៣ខែប៉ុណ្ណោះ ​រហូត​មក​ដល់​ពេលនេះ​កូន​ប្រុសគាត់​អាយុ​១១​ឆ្នាំ​​ទៅហើយ ​រៀនថ្នាក់ទី៦ ​នៅ​សាលា​រៀន​​សិត្បូ ឃុំ​សិត្បូ ។ ​នៅ​ពេល​​កូនពស់ថ្លាន់​​នេះ​​ចូលមក​នៅ​ក្បែរ​កូន​ប្រុស​គាត់​ដំបូង គឺជា​កូនពស់​​ប៉ុន​មេ​ដៃ​​ប៉ុណ្ណោះ ​ហើយ​រស់នៅ​​ជាមួយគាត់​រហូត​ដល់​គាត់​ចាត់ទុក​​ជា​សមា​ជិក​ក្រុមគ្រួសារ​​មួយរូប​ផង​ដែរ ​និង​បាន​ដាក់​​​ឈ្មោះ​ពស់​នេះ​ថា មីចំរើន ។ ព្រោះ​​​ចាប់តាំង​ពី​ពស់​នេះ​ចូលមកនៅ​ គាត់ប្រកប​ការ​ងាររក​ទទួល​ទានបានចំរើន និងសុខ​​សប្បាយ​​ជានិច្ច ព្រម​ទាំងមាន​​អ្នកភូមិ​មកចោមរោម​មើល​អុជធូប ​សូមទឹកមន្ត​ ដើម្បី​សុំ​សេចក្តីសុខចំរើនទៀតផង ។

លោក​ឃួន ​សំអុល ​បានឱ្យ​ដឹង​ថា រហូត​មក​ដល់ឆ្នាំ​២០០៤ ​ពស់ញី​​មួយ​នេះ​កាន់តែធំ​​​ ហើយ​គាត់ពិបាក​​ក្នុង​ការ​រកចំណី​​ឱ្យស៊ីណាស់ គាត់បាន​អុជ​ធូប​និយាយ​ជាមួយ​ពស់នេះ​សុំ​ឱ្យស៊ី​តែចំណី​​សត្វ​តៃសាក (ងាប់) ដូច​ជាមាន់ ទា ជាដើម ។​​រហូត​​ដល់ឆ្នាំ​២០០៤ ដដែលនោះ ​កូន​ប្រុស​គាត់​​ដែលពស់ថ្លាន់​នៅ​ជាមួយ​តាំងពីទារក​អាយុ​៣ខែ​នោះ​ ក៏​ដឹង​ក្តី ដឹង​ខុស​ត្រូវ​បាន​ប្រាប់​គាត់​ថា ​ពស់​ញី​ដែល​មក​រស់​នៅ​ក្នុងផ្ទះ​​យើង​នេះ​ជា​ប្អូន​ស្រី​របស់​ខ្លួន​តាំងពី​​ជាតិ​មុន​មក​ ទើប​មក​រស់​នៅ​ក្បែរ​ខ្លួន​រហូតមក ​ក្រុម​គ្រួសារ​​គាត់​ក៏ចាត់ទុក​ពស់​ញី​នេះ​ជា​សាច់​ញាតិ​ សមា​ជិក​​គ្រួសារ​មួយ​រូប​ទៀត​ដែរ ​គឺ​លែង​ឱ្យ​មាន​សេរី​ភាព​​ស្រេច​តែ​ចិត្ត ​។ ​ពស់​នេះ​មិន​ដែល​បង្ក​​ការ​អុក​ឡុក​​ធ្វើ​ឱ្យ​អ្នក​ភូមិ​​ភ័យ​ខ្លាច​នោះ​ឡើយ ​​មាន​តែ​អ្នក​​ភូមិ​​មក​សុំទឹក​មន្ត​​យក​ទៅ​ពិសា​ដើម្បី​ព្យា​បាល​​ជំងឺ​បាន​ពូកែ​ស័ក្តិ​សិទ្ធិ​ ហើយ​អ្នក​ភូមិ​ស្រុក​ចាត់​ទុក​ថា ជា​ពស់​ញីកាន់​សីល​​មានធម៌​​ ព្រោះ​​មិន​ស៊ី​សាច់​​សត្វ​រស់​ឡើយ ។ ក្រោយៗមកមាន​អង្គ​ការ​​អភិ​រក្ស​​សត្វ​ព្រៃ​​មក​សុំ​យក​ទៅ​ចិញ្ចឹម​​នៅ​សួ​នសត្វ ប៉ុន្តែ​ក្រុម​គ្រួសារ​គាត់​មិន​ព្រម​ប្រគល់​​ឱ្យ​ ព្រោះ​ចាត់​ទុក​ជា​សមា​ជិក​​ក្រុម​គ្រួសារ​​មួយ​រូប​ទៅ​ហើយ។ ​ដោយ​គាត់​​លើក​ហេតុ​ផលជាច្រើន ទើប​ខាង​អង្គ​ការ​នោះ​យល់​ព្រម​ឱ្យ​គាត់​ថែរក្សា​​រហូត​មក ដោយ​ធ្វើ​បន្ទប់​មួយ​​នៅ​ក្នុង​ផ្ទះ​ឱ្យ​រស់នៅ​ដោយ​ឡែក​ ។ ជួន​​កាល​​ថ្លាន់​​នោះ លូន​ទៅដេក​ជា​មួយ​គាត់​ និង​កូនៗ​ជា​ញឹក​ញាប់​ គឺ​មិន​​​ចាក់​សោ​បន្ទប់​​ទេ ទុក​ឱ្យ​វា​មាន​សេរីភាព ។

លោក​ឃួន សំអុល បាន​​​រៀបរាប់ទៀតថា ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពស់​ថ្លាន់​នេះ​កាន់​តែធំ​ វា​សីុ​កាន់​តែ​ច្រើន ​ធ្វើ​ឱ្យ​គាត់​​ជួប​ការ​លំបាក​ក្នុង​ការ​រក​ចំណី​​ឱ្យវា​ស៊ី​ ។ ប៉ុន្តែ​ដោយ​សារ​ចាត់ទុកថា ជា​សមា​ជិក​គ្រួសារ​មួយ​ទៅ​ហើយ​នោះ គាត់​ខិត​ខំ​​តស៊ូ​ចែក​ពី​មាត់​រំលែកពីក​ ដើម្បី​ឱ្យ​ពស់​បាន​សីុ​ឆ្អែត ។ ​រយៈ​ពេល​ដែល​ពស់​នេះ​មក​រស់​នៅ​ជា​មួយ​ប្រមាណ១១​ឆ្នាំ គឺ​មាន​ប្រវែង​ជាង​៥​ម៉ែត្រ ​ទំហំ​ខ្លួន​ធំ​ ទម្ងន់​ប្រហែល​១៥០​គីឡូ​ក្រាម​ទៅ​ហើយ ។ ​នៅថ្ងៃទី​៨ សីហា កូន​គាត់​ចូល​ទៅ​បោស​សំអាត​​បន្ទប់​របស់​វានោះ​​ក៏​ត្រូវ​វាខាំជាប់​ក​ជើង ហើយ​កូន​គាត់​ស្រែក​ឱ្យ​ជួយ​ទាន់​ពេល ទើប​គាត់​​និង​ក្រុម​គ្រួសារ​មានចិត្ត​ខឹងក៏​សម្រេច​ចិត្ត​ប្រគល់​ទៅ​ឱ្យ​ខាង​អង្គការ​អភិ​រក្ស​សត្វ​ព្រៃ​​យក​ទៅ​លែង​​នៅ​សួន​សត្វ​ភ្នំ​តា​ម៉ៅ​ទៅចុះ ចៀស​វាង​កើត​មាន​បញ្ហា​ធំ​ជាង​នេះ ៕