ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហ ៦​ទីតាំង​ក្នុង​ក្រុង​បា​វិត រក​ឃើញ​ជនបរទេស​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​អន​ឡាញ ១៣​នាក់ និង​ដក​ហូត​​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​មួយ​ចំនួន​ធំ

18 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ ០៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៤​ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​ចាត់តាំង​លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត ដឹកនាំ​កម្លាំង​ចម្រុះ រួម​មាន​៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហ​ជាក់ស្តែង​លើ​ទីតាំង​ចំនួន ០៦ កន្លែង ស្ថិត​ក្នុងភូមិ​បា​វិត​លើ និង​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។​

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) នៅ​ទីតាំង​បុរី អ៊ែ​ល តារា ស្ថិត​ក្នុង​សង្កាត់​បា​វិត ក្រុមការងារ​ចម្រុះ​បាន​រក​ឃើញ​លទ្ធផល​ជាក់ស្តែង​តាម​ទីតាំង​នីមួយ​ៗ​ដូច​ខាងក្រោម​៖  -​ទីតាំង​ទី​១​ផ្ទះល្វែង​៖ ​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន ០១​នាក់ (​ប្រុស​), កុំព្យូទ័រ​លើ​តុ (All-in-One) ចំនួន ០៧​គ្រឿង​, ទូរស័ព្ទ​ដៃ​ចម្រុះ​០៣​គ្រឿង​, ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន ០១​គ្រឿង និង​លិខិតឆ្លងដែន ០១​ក្បាល​។  -​ទីតាំង​ទី​២​ផ្ទះល្វែង​៖ រក​ឃើញ​កុំព្យូទ័រ All-in-One ចំនួន ១៩​គ្រឿង​។

-​ទីតាំង​ទី​៣​ផ្ទះល្វែង​៖ រក​ឃើញ​ជនជាតិ​វៀតណាម ០៣​នាក់ (​ស្រី ០១​នាក់​), កុំព្យូទ័រ​លើ​តុ All-in-One ចំនួន ១០​គ្រឿង​, ទូរស័ព្ទ​ចម្រុះ​០៣​គ្រឿង​, ទូរស័ព្ទ​ផ្ទាល់ខ្លួន ០៥​គ្រឿង និង​លិខិតឆ្លងដែន ០៣​ក្បាល​។  -​ទីតាំង​ទី​៤​ផ្ទះល្វែង​៖ រក​ឃើញ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ០៤​នាក់ (​ប្រុស​), កុំព្យូទ័រ​យួរដៃ ០៥​គ្រឿង​, iPad ០១​គ្រឿង​, ទូរស័ព្ទ​ដៃ​ចម្រុះ ២៥​គ្រឿង​, ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន ០៥​គ្រឿង និង​លិខិតឆ្លងដែន ០៤​ក្បាល​។  -​ទីតាំង​ទី​៥​ផ្ទះល្វែង​៖ រក​ឃើញ​ជនជាតិ​វៀតណាម ០៥​នាក់ (​ស្រី ០១​នាក់​), iPad ០១​គ្រឿង​, ទូរស័ព្ទ​ដៃ​ចម្រុះ ១០​គ្រឿង​, ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន ០៥​គ្រឿង និង​លិខិតឆ្លងដែន ០១​ក្បាល​។

-​ទីតាំង​ទី​៦​ផ្ទះល្វែង​៖ រក​ឃើញ​កុំព្យូទ័រ All-in-One ចំនួន ០៥​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចម្រុះ ០៥​គ្រឿង​។ បច្ចុប្បន្ន ក្រោម​ការងារ​ឯកភាព​ពី​តំណាង​អយ្យការ កម្លាំង​ចម្រុះ​បាន​សម្រេច​បិទ​សៀ​ល (Seal) ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន​។ ដោយឡែក ជនសង្ស័យ​សរុប​ចំនួន ១៣​នាក់ (​ស្រី ០២​នាក់​) ក្នុង​នោះ​រួម​មាន​ជនជាតិ​វៀតណាម ០៩​នាក់ (​ស្រី ០២​នាក់​) និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ០៤​នាក់ ព្រមទាំង​វត្ថុ​តាង​ជា​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ ៕