ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​បើក​ដំណើរការ​ជា​ផ្លូវការ​វេទិកា ASEAN-RAI

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​វេទិកា ASEAN-RAI ដែល​រដ្ឋសភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្រោម​កិច្ចសហការ​ជាមួយ​អគ្គ​លេខាធិ​ការដ្ឋាន​អន្តរ​សភា​អាស៊ាន (AIPA) និង​ការ​គាំទ្រ​ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ​២០២៦ ។

ថ្លែង​បើក​វេទិកា ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប អនុប្រធាន​ទី​១ រដ្ឋសភា តំណាង​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា រដ្ឋសភា​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​ការ​ប្តេជ្ញា​ចិត្ត​អន្តរជាតិ ព្រមទាំង​ចូលរួម​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ស្បៀង ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​ក្នុង​តំបន់ ​។

ឯកឧត្តម​បាន​បន្ត​ថា​ បច្ចុប្បន្ន ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ជា​ច្រើន រួម​ទាំង​វិបត្តិ​អាកាសធាតុ និង​អសន្តិសុខ​ស្បៀងអាហារ ខណៈ​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​មិន​អាច​ជៀស​​ផុត​ពី​ហានិភ័យ​ទាំងនេះ​បាន​ឡើយ​ ។ បញ្ហា​នា​ពេល​បច្ចុប្បន្ន មិនមែន​ជា​ការ​ប្រែប្រួល​អាកាសធាតុ​ធម្មតា​ទៀត​ទេ ប៉ុន្តែ​កំពុង​វិ​វត្ត​ទៅ​ជា​វិបត្តិ​អាកាសធាតុ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ​រួម​គ្នា​ដោះ
ស្រាយ​។

ឯក​ឧត្ត​បាន​បន្ត​ថា ការ​គំរាមកំហែង​ទាំងនេះ​ មិន​អាច​ដោះស្រាយ​ដោយ​ប្រទេស​ណាមួយ​តែឯង​បាន​ទេ​ ។ ភាព​មិន​អាច​ទាយ​ទុកជា​មុន​បាន​នៃ​អាកា​ស​ធាតុ ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ និង​ការ​ខូចខាត​បរិស្ថាន កំពុង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ផលិតកម្ម​កសិកម្ម និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស្បៀងអាហារ​កាន់តែ​មាន​ភាព​តានតឹង​ ។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ​ស្បៀងអាហារ​ ហើយ​ទាមទារ​ឱ្យ​មានការ​ឆ្លើយ​តប​ប្រកបដោយ​សង្គតិភាព​ផ្នែក​ច្បាប់ គោលនយោបាយ និង​សង្គម​ ។

ការ​ពង្រឹង​ភាព​ធន់​នៃ​ប្រព័ន្ធ​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ធានា​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ប្រកបដោយ​ស្ថិរភាព សម្រាប់​ប្រជាជន​ដែល​កំពុង​កើនឡើង ការ​ពារ​​ជីវភាព​រស់នៅ​របស់​សហគមន៍ និង​រក្សា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​រយៈពេល​វែង​ ។

ជាមួយ​គ្នា​នេះ​ ឯកឧត្តម​អនុប្រធាន​ទី​១​រដ្ឋសភា​បាន​លើក​ឡើង​ថា កសិករ​នៅ​ក្នុង​តំបន់​អាស៊ាន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ ជា​ពិសេស ​គ្រោះ​រាំង​​ស្ងួត និង​ទឹកជំនន់​ ។

ដូច្នេះ តំបន់​ចាំបាច់​ត្រូវ​បង្កើន​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​កសិកម្ម​ធន់​នឹង​អាកាសធាតុ ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ព្រមាន​ជា​មុន​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ ។​