ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈានមុខ​ចំនួន ៦ ចាប់ដៃ​គ្នា ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ទីផ្សារ​ការងារ និង​សេវា​ការងារ​ ដល់​សាធារណជន​ឱ្យ​កាន់តែ​ទូលំទូលាយ

19 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​អញ្ជើញ​ជា​សក្ខីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​ក្រសួង និង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​/​ម្ហូបអាហារ​ឈានមុខ​គេ​នៅ​កម្ពុជា​ចំនួន ៦ ស្តី​ពី “​ការ​លើកកម្ពស់​ព័ត៌មាន​ទីផ្សារ​ការងារ និង​សេវា​ការងារ​” នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ​។

គំនិត​ផ្តួចផ្តើម​ចុះ MoU ជាមួយ​ក្រុមហ៊ុន (​ហ្គ្រេ​ប​) ខេ​ម​បូ​ឌា ឯ​.​ក​, ក្រុមហ៊ុន អិ​ម​វី​អិ​ល តា​ដា (​ខេ​ម​បូ​ឌា​) ឯ​.​ក​, ក្រុមហ៊ុន LM Car Co., Ltd., ក្រុមហ៊ុន ផាស​អ៊ែ​ប ថេ​កណ​ឡ​ជី ឯ​.​ក​, ក្រុមហ៊ុន ឌី​លី​វើ​រី ហេ​រ៉ូ (​ខេ​ម​បូ​ឌា​) ឯ​.​ក និង​ក្រុមហ៊ុន អ៊ី​-​ហ្គេ​ត ថេ​កណ​ឡ​ជី ឯ​.​ក ធ្វើ​ឡើង​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​ទិស​ដៅ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ និង​សម្រួល​ដល់​ការ​ផ្តល់​ព័ត៌មាន​ការងារ និង​សេវា​ការងារ រួម​ទាំង​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១២៩៧ ព្រមទាំង​គំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធ​នឹង​ការងារ និង​ការ​អភិវឌ្ឍ​ជំនាញ​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ទាំង ៦ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេច​បាន​នូវ​ការ​បង្កើត​កិច្ចសហការ​រួម​គ្នា​នា​ពេល​នេះ ដែល​កើត​ចេញពី​ទំនាក់ទំនង​ល្អ និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ ឯកឧត្តម​មាន​ប្រសាសន៍​ថា ការ​បង្កើត​ភាព​ជា​ដៃគូ​នេះ គឺជា​កិត្តិយស និង​ការ​បើក​ទំព័រ​ថ្មី​នៃ​កិច្ចសហការ​ជា​ផ្លូវការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​ដឹក​ជញ្ជូន សេវា​ផ្គត់ផ្គង់​ទំនិញ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​កាន់តែ​រលូន ព្រមទាំង​ផ្ដល់​ឱកាស​ឱ្យ​ក្រសួង​ពង្រីក​ការ​ផ្សព្វផ្សាយ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​កាន់តែ ​ទូលំទូលាយ​ដល់​យុវជន អតីត​ពលករ និង​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ ​​។

លើស​ពី​នេះ ការ​ចុះ MoU នេះ ក៏​ជា​ការ​វិនិយោគ​សង្គម​បែប​យុទ្ធសាស្ត្រ​មួយ ក្នុង​ការ​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ដើម្បី​រួម​គ្នា​លើកកម្ពស់​យន្តការ​ផ្តល់​សេវា​ការងារ ព័ត៌មាន​ទីផ្សារ​ការងារ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​របប​សន្តិសុខ​សង្គម ដែល​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ប្រកបដោយ​បរិ​យា​បន្ន និង​ចីរភាព​។ ទន្ទឹម​នេះ បុគ្គលិក​ក្រុមហ៊ុន និង​អ្នកបើកបរ​ក៏​មានឱកាស​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ តាម​រយៈ​កម្មវិធី TVET ១,៥ លាន​ដោយ​ឥត​គិតថ្លៃ និង​មាន​ភាព​បត់បែន ជា​ពិសេស​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី​។ ពួក​គាត់​អាច​យក​ម៉ូតូ​ទៅ​កែ​ច្នៃ​ដាក់​សម្ភារៈ​ជួសជុល​គ្រឿងអគ្គិសនី បរិក្ខារ​ត្រជាក់ និង​ជណ្តើរយន្ត​ជាដើម ដើម្បី​រក​ចំណូល​បន្ថែម​ ។

ខណៈ​ពេល​ដែល​ការ​ប្រកប​មុខរបរ​នេះ​ជា​វិស័យ​ថ្មី​នៅ​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​ទាំង ៦ ឬ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ពិចារណា​ក្នុង​ការ​ចងក្រង​ជា​សមាគម​រួម​សំឡេង​តែ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម កំណត់​ក្របខ័ណ្ឌ​ក្នុង​ការ​ប្រកប​អាជីវកម្ម និង​ទំហំ​ទីផ្សារ ក៏​ដូច​ជា​សម្រាប់​លើក​ជា​សំណូមពរ​រួម​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​ផលប្រយោជន៍​រួម​។ ឯកឧត្តម​បាន​សម្តែង​នូវ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហការ​នេះ​នឹង​ដំណើរការ​យ៉ាង​រលូន ហើយ​ឯកឧត្តម​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​បន្ថែម ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​ ៕ អត្ថបទសហការ