ឆ្នាំនេះទឹកទន្លេមេគង្គឡើងខ្ពស់ កន្លែងខ្លះលិចលង់ច្រើន សូមពិនិត្យមើលហើយ ត្រៀមអន្តរាគមន៍ ដោយផ្តល់អទិភាពលើអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

សម្តេចធិបតី បានបញ្ជាក់នៅពេលសម្ភោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវលេខ៧៣ និងកំណត់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ថា« យើងមិនមានសមត្ថភាពទប់គ្រោះធម្មជាតិបាន១០០ភាគរយនោះទេ ប៉ុន្តែយើងត្រូវកសាងភាពធន់ គឺប្រព័ន្ធការងារមួយដែលឆ្លើយតបនឹងបញ្ហាហានិភ័យដែលកើតឡើងដោយគ្រោះមហន្តរាយកើតពីគ្រោះធម្មជាតិនេះ»។

សម្តេចធិបតីបានបន្តថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលនឹងអាចកើតមានប្រសិនបើវាកើត ។

ប្រសាសន៍របស់សម្តេចធិបតី បានធ្វើខណៈដែលគ្រោះទឹកជំនន់ទន្លេមេគង្គបានបង្កគ្រោះទឹកជំនន់ នៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមជាដើម ៕


ចែករំលែកព័តមាននេះ