ផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង ក្នុងស្រុកបសេដ្ឋ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ ខណៈដែលផ្ទុះកំប៉ុងហ្គាស ក្លាយជាអណ្ដាតភ្លើង ឆាបឆេះរាលដាលអស់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុន្តែមិនអាចជួយបាន។
ករណីអគ្គីភ័យឆាប់ឆេះផ្ទះជាពលរដ្ឋអស់ចំនួន១ខ្នង ទាំងស្រុងបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិអូតាពូង ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលអគ្គិភ័យឆាបឆេះ អស់ចំនួន១ខ្នង ជាផ្ទះ ទាមផ្ទាល់ដី មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ជញ្ជាំងស្បូវ ដំបូលប្រក់ស្បូវ ស្ថិតនៅចំណុចក្នុងភូមិអូតាពូង ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះមានឈ្មោះស៊ីម សុខសាន្ត ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិ-ឃុំ កើតហេតុខាងលើរងការខូចខាតដូចខាងក្រោម ៖
-ឆេះផ្ទះទាំងស្រុង
-ឆេះអត្តសញ្ញាណប័ណ្ណ១ច្បាប់
-ឆេះសំបុត្រកំណើត១ច្បាប់និងសៀវភៅស្នាក់នៅ
-ឆេះប្លង់ដីចំនួន២ប្លង់
-ឆេះអង្ករចំនួន១តៅនិងខោអាវមុងភួយនិងឆេះសម្ភារៈប្រើប្រាស់មួយចំនួនទៀតផង។
នគរបាលស្រុកបសេដ្ឋបានបន្តទៀតថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានដាក់ដាំបាយ ហើយស្រាប់តែផ្ទុះកំប៉ុងហ្គាសបណ្ដាលឲ្យឆាបឆេះផ្ទះបង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ប៉ុន្តែមិនអាចជួយបាននោះទេដោយសារតែភ្លើងឆេះខ្លាំងពេក។
សមត្ថកិច្ចបានបញ្ជាក់ថា÷មូលហេតុដែលធ្វើឱ្យឆេះផ្ទះខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស សំណាងល្អមិនបណ្តាលឲ្យមានគ្រោះ ថ្នាក់ដល់មនុស្សនោះទេ ។
ចំពោះលទ្ធផលកិច្ចប្រតិបត្តិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ មិនបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយពន្លត់ទេ! ដោយសារ តែសមត្ថកិច្ចទទួលបានព័ត៌មានយឺតពេក ហើយផ្លូវចូលមានភាពតូចចង្អៀតថែមទៀតផង ៕




ចែករំលែកព័តមាននេះ