សមត្ថកិច្ចស្រុកចិត្របុរី ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទដៃ និងបញ្ជូនទៅតុលាការតាមនីតិវិធី
- ក្រចេះ
ខេត្តក្រចេះ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីចោរកម្ម (លួចទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវ បានទទួលពាក្យបណ្ដឹងភ្លាមៗពីជនរងគ្រោះ ពាក់ព័ន្ធនឹងករណីបាត់បង់ទូរស័ព្ទដៃ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ក្រោយទទួលបណ្តឹង ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តក្រចេះ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ កម្លាំងជំនាញបានចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
ជនសង្ស័យចំនួនពីរនាក់ខាងលើ៖ ១.ឈ្មោះ អ៊ាន សុខខៀវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។២.ឈ្មោះ អ៊ាន បូលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងបីរស់នៅភូមិ ឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធក្នុងករណី(ចោរកម្ម) បទបញ្ញត្តិស្តីពីបទលួច យោងតាម មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា «ចោរកម្ម គឺជាការ រំលោភយកដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន»។ ទោសប្បញ្ញត្តិ (មាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ – បទលួចធម្មតា)៖ អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។ករណីអំពើលួចនេះប្រព្រឹត្តឡើងដោយមានស្ថានទម្ងន់ទោស (ដូចជា មានការសហការគ្នាពីរនាក់ឡើងទៅ ឬប្រព្រឹត្តដោយប្រើហិង្សា.គាស់ទម្លាយ) ទោសទណ្ឌនឹងត្រូវកើនឡើងបន្ថែមតាមមាត្រាពាក់ព័ន្ធ។
អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសូមចូលរួមសហការរាយការណ៍ជាបន្ទាន់មកកាន់សមត្ថកិច្ចដែលនៅជិតបំផុត ប្រសិនបើជួបប្រទះករណីបទល្មើស ឬសកម្មភាពមិនប្រក្រតីណាមួយ ដើម្បូរួមគ្នារក្សាសន្តិសុខ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន៕




ចែករំលែកព័តមាននេះ