ជាងដែកម្នាក់កំពុងធ្វើការសុខៗ ក៏មានអាការៈមិនស្រួលខ្លួន ត្រូវបងប្អូនដឹកមកសម្រាកនៅបន្ទប់ជួល លុះមួយសន្ទុះក្រោយមក ស្រាប់តែស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ បុរសជាជាងដែកម្នាក់ ខណៈកំពុងធ្វើការសុខៗ ស្រាប់តែមានអាការៈមិនស្រួលខ្លួនដោយចុកទ្រូងនិងខ្នងខ្លាំង ពេលនោះបងប្អូនក៏បាននាំគាត់ទៅដេកសម្រាកនៅបន្ទប់ជួល ហើយក៏បានស្លាប់ភ្លាមៗ ដោយពុំដឹងថាខ្យល់គ ឬបែបណានោះទេ ។ ប៉ុន្តែពេលនោះដោយមិនអស់ចិត្តថាគាត់ស្លាប់បងប្អូនក៏បានហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីដឹកបញ្ជូនគាត់ទៅសង្គ្រោះ បន្ទាន់ លុះពេលរថយន្តនិងក្រុមគ្រូពេទ្យទៅដល់ពិនិត្យមើលបានប្រាប់ថាជាងដែករូបនោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង ។
ហេតុការណ៍ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ជួលលេខ១៤ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ សឿន វិញ អាយុ៤៤ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយមុនពេលស្លាប់បុរសនេះបានស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ។
សមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុបុរសខាងលើបានធ្វើការនៅទីតាំងជាងដែកមួយកន្លែងនៅតាមផ្លូវលេខ២០០៤ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ហើយខណៈពេលកំពុងធ្វើការសុខៗ ស្រាប់តែមានអាការៈមិនស្រួលខ្លួនដោយចុកណែនទ្រូងនិងខ្នងខ្លាំងខ្លាំងមិនអាចបន្តការងារបានឡើយ ។ បន្ទាប់ពីបានឃើញស្ថានភាពបែបនេះ បងប្អូនរបស់គាត់ ក៏បាននាំទៅសម្រាកនៅបន្ទប់ជួលដែលគាត់ស្នាក់នៅស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយពេលទៅដល់គាត់អាចនិយាយបាន និងបាននិយាយពីនេះពីនោះជាមួយបងប្អូនជាធម្មតា ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា លុះបានមួយសន្ទុះក្រោយមកគាត់ក៏បានដេកហើយក៏ស្រាប់តែស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង ប៉ុន្តែដោយមិនអស់ចិត្តថាគាត់ស្លាប់ ទើបបងប្អូនហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីដឹកបញ្ជូនគាត់ទៅសង្គ្រោះបន្ទាន់ ។ លុះពេលរថយន្តសង្គ្រោះនិងគ្រូពេទ្យទៅដល់បានពិនិត្យមើល ហើយបានប្រាប់បងប្អូនថា បុរសនោះបានស្លាប់បាត់ទៅហើយ ទើបបងប្អូនរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ។ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅកាន់ទីនោះ បន្ទាប់មកនគរបាលខាងលើ ក៏បានរាយការណ៍បន្តទៅកាន់នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅធ្វើកោសល្យវិច័យ ៕














ចែករំលែកព័តមាននេះ