ក្រោយពីប្រកាសពន្យារពេលប្រកួតមិត្តភាពជាមួយប្រទេសហូឡង់ ដោយសារបញ្ហាកូដកម្មដែលចេះតែរីករាលដាលកាន់តែធំទៅៗនោះ តារាឆ្នើមៗរបស់ក្រុមជម្រើសជាតិមានដូចជា ៖ កីឡាកររូនី និងហ្វើឌីណង់ បានចេញសេចក្តីអំពាវនាវឱ្យកីឡាករ កីឡាការិនី រួមទាំងប្រជាពលរដ្ឋ និងជាពិសេសកុបករអង់គ្លេសទាំងអស់មេត្តារក្សាភាពស្ងៀមស្ងាត់ ។
កីឡាករក្រុមជម្រើសជាតិអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដោយនិយាយថា ៖ យើងទាំងអស់គ្នាមានការខកចិត្តយ៉ាំងខ្លាំងចំពោះដំណឹងលុបចោលការប្រកួតលក្ខណៈអន្តរជាតិនេះ ក៏ប៉ុន្តែជាក់ស្តែងយើងបានយល់ពីស្ថានភាពដែលបណ្តាលឱ្យមានការសម្រេចចិត្តបែបនេះ ។ កីឡាកររូនី បាននិយាយថា ៖ យើងទាំងអស់គ្នាបានឃើញហើយរូបភាពដ៏គួរឱ្យកត់ស្លុតដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ គឺវាធ្ងន់ធ្ងរណាស់ ដូច្នេះយើងត្រូវគិតពីសុវត្ថិភាពដល់អ្នកគាំទ្រ និងសាធារណជនទូទៅជាចម្បង ។ ជាមួយគ្នានេះដែរ កីឡាកររូនី បានអំពាវនាវឱ្យកុបករទាំងអស់រក្សាភាពស្ងប់ស្ងាត់វិលមកអង្គុយតុចរចាវិញ ដើម្បីបញ្ចប់ភាពចលាចលនេះ ។ កីឡាករខ្សែប្រយុទ្ធក្លឹប Man Utd ដ៏ មានប្រជាប្រិយភាពរូបនេះបានបន្ទោសទៅលើកុបករដោយនិយាយថា៖ ហេតុអ្វីបានជាពួកគេធ្វើទង្វើបែបនេះ មកលើប្រទេស និងទីក្រុងរបស់ខ្លួន ។ វាគឺជាទង្វើមួយគួរឱ្យអៀនខ្មាសខ្លាំងណាស់ ដូច្នេះសូមមេត្តាបញ្ឈប់ទៅ ។
គួររំលឹកដែរថា រហូតមកដល់ពេលនេះកុបកម្មនៅក្នុងប្រទេសអង់គ្លេស បានឈានចូលមកដល់ថ្ងៃទី៤ហើយកំពុងតែបន្តរាលដាលបន្តពីទីក្រុងមួយទៅទីក្រុងមួយ បើទោះបីជាមានការអំពាវនាវឱ្យមានការរក្សាភាពស្ងៀមស្ងាត់ក៏ដោយ៕
ចែករំលែកព័តមាននេះ