រាជធានីភ្នំពេញ ៖ ថ្លែងពីខេត្តក្រចេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានគម្រោងក្នុងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ អ្វីដែលសំខាន់នោះ គឺពង្រឹងជាជាងពង្រីក ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ស្ថិតនៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា តាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ រដ្ឋាភិបាលអត់មានគម្រោងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺប្រកាន់ជំហរពង្រឹងស្ថាប័ន ក្រសួងនីមួយៗតាមរយៈការធ្វើវិភាគមុខងារ និងកែទម្រង់មកដល់ម៉ោងនេះ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដូច្នេះថា «ម៉ោងនេះ អត់និយាយរឿងបង្រួមក្រសួង ពង្រីកក្រសួង យើងនិយាយថែរក្សាអ្វីដែលមានពង្រឹងអ្វីដែលមានស្រាប់ផ្ទៃក្នុង អាចកែសម្រួលអគ្គនាយកដ្ឋានមួយចំនួន ប៉ុន្ដែក្រសួងនៅដដែល ព្រោះបើកែនៅលើខាងត្រូវកែមន្ទីរនៅខាងក្រោមទៀត ។ មានការបញ្ចេញមតិច្រើនលើបញ្ហានេះ ប៉ុន្ដែមិនមានអ្នកខុស មិនមានអ្នកត្រូវ សុទ្ធតែមានមូលដ្ឋានទាំងអស់ ប៉ុន្ដែសម្រាប់កម្ពុជា ត្រូវយកអ្វីដែលល្អបំផុតក្នុងជំហ៊ាននីមួយៗក្នុងដំណាក់កាលនេះ កែទម្រង់ប្រសិទ្ធភាព ប្រសិទ្ធផល គឺរក្សាចំនួនក្រសួងដដែល ពង្រឹងក្រសួងនីមួយៗតាមការវិភាគការកំណត់មុខងារ» ។
បើតាមសម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រីលើកឡើងបញ្ហាពង្រីក ឬបង្រួមក្រសួងអាស្រ័យលើទិសដៅនយោបាយ ព្រោះប្រទេសខ្លះបង្រួមក្រសួង ដើម្បីបង្ហាញឆន្ទៈនយោបាយអំពីការកំណែទម្រង់ ហើយប្រទេសខ្លះពង្រីកក្រសួងដោយសារមានគណបក្សច្រើន ប៉ុន្ដែក៏នៅមានហេតុផលបច្ចេកទេសផ្សេងទៀត គឺកាត់បន្ថយការជាន់គ្នាកាត់បន្ថយនីតិវិធីជួយសន្សំប្រាក់ និងសន្សំមន្ដ្រី ខណៈពង្រីកបង្កើនអាទិភាពសំខាន់មួយចំនួន ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកាន់យកក្នុងការកំណែទម្រង់ គឺមិនផ្ដោតលើក្រសួងតិច ឬច្រើននោះទេ ប៉ុន្ដែអ្វីដែលផ្ដោតនៅពេលនេះ គឺក្រសួងស្ថាប័នដែលមានស្រាប់បំពេញការងារមានប្រសិទ្ធភាពឬនៅ? ទិសដៅកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺចង់បានប្រសិទ្ធភាពការងារ ដោយមិនផ្ដោតទៅលើក្រសួងតិច ឬច្រើននោះឡើយ ដែលនេះជាអភិក្រមរបស់កម្ពុជា ។
ជាមួយគ្នានោះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើវិភាគមុខងារផ្ដោតសំខាន់ទៅលើ ទី១ ៖ ការពង្រឹងរចនាសម្ព័ន្ធ, ទី២ ៖ ពង្រឹងប្រព័ន្ធការងារ និងទី៣ ៖ ពង្រឹងធនធានមនុស្ស ។ ឆ្លងកាត់ការវិភាគមុខងារនេះ ក៏មានអគ្គនាយកដ្ឋានមួយចំនួនត្រូវបានកាត់បន្ថយ ហើយក៏មានក្រសួងស្ថាប័នខ្លះ ត្រូវបង្កើតផ្នែកបន្ថែមផងដែរ ដើម្បីដើរឲ្យទាន់ភាពនៃការវិវឌ្ឍរបស់សង្គមនាពេលបច្ចុប្បន្ន។

សម្ដេចបវរធិបតីបានបន្ថែមទៀតថា ការធ្វើកំណែទម្រង់នេះកម្ពុជា មិនអនុវត្តតាមប្រទេសណាមួយនោះទេ ពោលអាស្រ័យលើស្ថានភាពជាក់ស្ដែង និងពេលវេលានៃការឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ។
សម្ដេចបានលើកឡើងថា ៖ ពាក់ព័ន្ធការពង្រីក ឬបង្រួមក្រសួងក៏មានអ្នកវិភាគជាច្រើនបានលើកឡើង ប៉ុន្ដែមិនមានអ្នកខុស ឬអ្នកត្រូវនោះទេ ពោលសុទ្ធតែមានមូលដ្ឋានរៀងៗខ្លួន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលផ្ដោតលើការពង្រឹងប្រសិទ្ធភាព រក្សាអ្វីដែលមានស្រាប់ ។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើដល់មន្ដ្រីនៅតាមក្រសួង ស្ថាប័នទាំងអស់ត្រូវពង្រឹង ស្មារតីក្នុងការបំពេញការងារ ដោយមិនត្រូវបារម្ភអំពីការកាត់ក្រសួង ស្ថាប័ននោះឡើយ ៕
ចែករំលែកព័តមាននេះ