ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តព្រះវិហារ ដាក់​ចេញ​វិធានការ​បន្ទាន់ ក្រោយ​ហ្វូង​ដំរីព្រៃ ៦​ក្បាល ចូលលុក​លុយ​ភូមិឋាន និង​បង្ក​ឱ្យ​មាន​អ្នក​រង​របួស

11 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​នៃ​ខេត្តព្រះវិហារ បាន​បើក​ប្រតិបត្តិការ​អន្តរាគមន៍​ជា​ប្រញាប់ ដើម្បី​ជួយ​សង្គ្រោះ និង​ការពារ​សុវត្ថិភាព​អ្នក​ភូមិ ក្រោយ​ពេល​ហ្វូង​ដំរីព្រៃ​មួយ​ក្រុម​បាន​ចូល​មក​បង្ក​ការ​រំខាន​ដល់​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្ថិត​ក្នុងភូមិ​ពោធិ៍​ខៀន ឃុំ​ពោធិ ស្រុក​ត្បែងមានជ័យ​។

ផ្អែក​តាម​ការ​បញ្ជាក់​ពី​លោក ឃី​ន រស្មី អភិបាលស្រុក​ត្បែងមានជ័យ ហេតុការណ៍​នេះ​បាន​ចាប់ផ្តើម​ស្តែង​ឡើង​តាំងពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២៦ មក​ម្ល៉េះ ដោយ​ហ្វូង​ដំរីព្រៃ​ចំនួន ៦​ក្បាល បាន​ចាក​ចេញពី​ដែន​ជម្រក​ធម្មជាតិ​ព្រៃ​ព្រះ​រកា ហើយ​បាន​ចូល​មក​កកាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ផ្ទះសម្បែង និង​ផលដំណាំ​អាស្រ័យ​ផល​របស់​កសិករ​ក្នុង​មូលដ្ឋាន​។ លើស​ពី​នេះ គ្រោះថ្នាក់​បាន​កើតឡើង​ជាយថាហេតុ រហូត​បណ្តាល​ឲ្យ​អ្នក​ភូមិ ២​នាក់ ត្រូវ​ដំរី​ជាន់​ឲ្យ​រង​របួស ហើយ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួចរាល់​ហើយ​។

ពាក់ព័ន្ធ​នឹង​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​សត្វព្រៃ​ទាំងនេះ​ចាកចោល​ព្រៃ អាជ្ញាធរ​ជឿជាក់​ថា បណ្តាល​មក​ពី​ការ​ខ្វះខាត​ប្រភព​ចំណីអាហារ និង​ទឹក​នៅ​ក្នុង​ជម្រក​ដើម ដែល​បង្ខំ​ឲ្យ​ហ្វូង​ដំរី​ផ្លាស់​ទី​ស្វែងរក​ស្បៀង រហូត​វង្វេងទិស​ដៅ​ចូល​មក​ជិត​តំបន់​ប្រជាជន​រស់នៅ​។

ដើម្បី​ឆ្លើយ​តប​ចំពោះ​សភាពការណ៍​ចំពោះ​មុខ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក ហុ​ក សុផល អភិបាលរង​ខេត្តព្រះវិហារ យ​យុទ្ធសាស្ត្រ​ដោះស្រាយ​ចំនួន​ពីរ​ត្រូវ​បាន​អនុវត្ត​ដំណាលគ្នា​៖១.​ការ​រៀបចំ​ពិធីសែនព្រេន បញ្ជាន់​អារក្ខ និង​លេងភ្លេង​បុរាណ​តាម​ទំនៀមទម្លាប់​អ្នកស្រុក ដើម្បី​សុំ​ខមាទោស​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ស្វែង​យល់​ពី​ហេតុផល​អរូបី​។​២.​ការ​ចាត់តាំង​កម្លាំង​អន្តរាគមន៍​ចម្រុះ​ប្រមាណ ៤០​នាក់ រួម​មាន នគរបាល កង​រាជ​អា​វុធ​ហត្ថ កងទ័ព និង​ប្រជា​ការពារ​ភូមិ ចុះ​បេសកកម្ម​ផ្ទាល់ ដើម្បី​រៀបចំ​វិធីសាស្ត្រ​គៀងគរ ដេញ​កែប្រែ​ទិសដៅ​ហ្វូង​ដំរី ឲ្យ​ត្រឡប់​ចូល​ទៅ​ក្នុង​ជម្រក​ព្រៃ​ធម្មជាតិ​វិញ ដោយ​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​បន្ថែម​ទៀត​៕