រាជធានីភ្នំពេញ ៖ ថ្លែងពីទឹកដីខេត្តក្រចេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្ពុជាបានទទួលគម្រោងប្រមាណជា៧២គម្រោង ដែលមានទុនសរុបចំនួន២៧០០លានដុល្លារ ។

ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន៧២ ។ ក្នុងនោះគម្រោងសរុបចំនួន៥៧ បានពិនិត្យ និងបន្តនីតិវិធី ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ក្នុងគម្រោងវិនិយយោគនេះ មានទុនសរុបចំនួន ២៧០០លានដុល្លារ ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ៖«គិតត្រឹមថ្ងៃទី៧ ខែសីហា គម្រោងវិនិយោគសរុបចំនួន៧២ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៃគម្រោងនេះមានចំនួន២៧០០ លានដុល្លារអាមេរិក ។ គម្រោងនេះបង្កើតការងារជាង៨ម៉ឺនកន្លែង» ។

ជាមួយគ្នានោះដែរ សម្តេចធិបតីមានប្រសាសន៍បន្ថែមថា ក្នុងចំណោមគម្រោងទាំងនោះ មាននៅក្នុងខេត្តក្រចេះ ១៩គម្រោង ដោយគម្រោងចំនួន១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង១៩នេះ មានទុនសរុបចំនួន ១,១ ពាន់លានដុល្លារ , ខេត្តស្ទឹងត្រែង មានគម្រោងវិនិយោគមាន២០គម្រោង បង្កើតការងារជាង៤ពាន់កន្លែង , ខេត្តរតនគិរីគម្រោងស្នើសុំ១១គម្រោង មានទុនជាង៨០០លានដុល្លារត្រូវការកម្មករជាង៤ម៉ឺននាក់ និងខេត្តមណ្ឌល គិរីចំនួន២២គម្រោង ដោយគម្រោង១៣បាន និងកំពុងបន្តពិនិត្យ ដែលមានទុន៥១៦លានដុល្លារ បង្កើតឱកាសការងារ៥ពាន់កន្លែង ។ បើតាមការឱ្យដឹងពីសម្តេចធិបតី ខេត្តក្រចេះ ក៏កំពុងជំរុញការអភិវឌ្ឍ និងវិនិយោគដល់ឆ្នាំ២០២៨បន្ថែមទៀត ៕

ចែករំលែកព័តមាននេះ