រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់របស់ក្រសួងធនធានទឹក បានលើកឡើងថា យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ជាបន្តបន្ទាប់ពីស្ថានភាពភ្លៀងធ្លាក់ច្រើន នៅព្រះរាជាណាចក្រកម្ពុជា ដែលអាចបង្កើតជាជំនន់ទឹកភ្លៀងរហ័សនៅតាមតំបន់ទំនាប ព្រមទាំងជំរុញឱ្យទឹកស្ទឹង ព្រែក ទន្លេ ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន ។

ក្រសួងថាផ្អែកលើស្ថានភាពនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិឱ្យបានជាអតិបរមា ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការណែនាំដូចខាងក្រោម ៖
មុនពេលទឹកជំនន់ ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងបម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់ ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាត និងសាងសង់បង្គន់ឱ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់ ។

អំឡុងពេលមានទឹកជំនន់ សុវត្ថិភាពស្នាក់នៅ និងអគ្គិសនី មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់ ។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត ។
ការការពារជំងឺ ៖ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈឺក និងជំងឺផ្សេងៗ។ ត្រូវងូតទឹកដុះសាប៊ូ ឱ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក ពងទឹក កមរមាស់ ។ សុខភាពមាតា និងទារក៖ ស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ បើស្ត្រីជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ។

ត្រូវនាំកូនៗ ទៅចាក់ថ្នាំបង្ការតាមការកំណត់ និងត្រូវផ្តល់អាហារដោយរក្សាអនាម័យ។ ការគាំទ្រជនងាយរងគ្រោះ ត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនពិការភាព ដោយ ត្រៀម ឈើច្រត់ រទេះរុញ ឬឱសថ ដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ ។ សុវត្ថិភាពការធ្វើដំណើរ ការធ្វើដំណើរតាមទូក ឬការណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ ។ ការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពជានិច្ច។
ការបង្ការសត្វអសិរពិស ៖ ត្រូវប្រុងប្រ យ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួល សុវត្ថិភាព ឬគំនរឈើ ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀក ខោជើងវែង និងពាក់ស្បែកជើងកវែង ។ ករណីមានពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យ ដែលនៅ ជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល ។
អនាម័យចំណីអាហារ និងទឹកស្អាត ៖ ត្រូវ ទទួលទានទឹកស្អាត ដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬ ប្រើថ្នាំក្លរីន ឬក្លរ៉ាមីន៥០០មក្រ ចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្រ រួចទុករយៈពេល ៣០នាទីមុន ប្រើប្រាស់ ដើម្បីចៀសវាង នូវជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺរាកមូល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើម ស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត។

ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និង ក្រោយចេញពីបង្គន់ ។
ជាមួយគ្នានោះដែរ ក្រោយពេលទឹកជំនន់ត្រូវបន្តរក្សាអនាម័យ បរិភោគចំណីអាហារ និងទឹកស្អាត រួមទាំងសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺ ដែលបានរៀបរាប់ខាងលើ ។ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុត និងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួន ។ ធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងនូវការដក់ទឹកនាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ត្រូវស្តារ និងសម្អាតអណ្តូងទឹកឡើងវិញមុននឹង ប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់ និងបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល៕



ចែករំលែកព័តមាននេះ