ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គា.ស់ផ្ទះលួ.ចលុយបានជិត ២លានរៀល រត់គេចខ្លួនជិត ១០ថ្ងៃ ត្រឡប់មកក្រវែលម្តងទៀត ត្រូវអស់លក្ខណ៍

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​លុយ​អស់​ជិត​២​លាន​រៀល បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​ជិត​១០​ថ្ងៃ ជិះ​ម៉ូតូ​មក​ក្រវែល​ម្តងទៀត​។ អ្នក​ជិតខាង​ឃើញ​តេ​ប្រាប់​ម្ចាស់​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​អនុវត្ត​តាម​ផ្លូវច្បាប់​ស្រាប់ ក៏​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១-​មានឈ្មោះ វ៉ា​ន់ ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ និង​ទី​២-​មានឈ្មោះ ខន សុ​ភណ្ឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​កោះ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ គិរី​វុ​ឌ្ឈ សិលា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​មាន ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ គឺ​នៅ​ថ្ងៃ​ទី​១៧​ខែសីហា ឆ្នាំ​២០២៦​កន្លង​ទៅ នៅ​ចំណុច​ភូមិ​ត្រពាំង​មាន ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ មាន​ករណី​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មួយ​កើតឡើង បង្ករ​ដោយ​ជន​ស​ង្យ័​យ​មិន​អត្ត​ស​ញ្ញ​ណ បាន​ធ្វើ​សកម្មភាព​ចូល​គាស់​លួច​ទ្រព្យសម្បត្តិ​នៅផ្ទះ​របស់​ឈ្មោះ គិរី​វុ​ឌ្ឈ សិលា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​យក​លុយ​អស់​លុយ​ចំនួន​១​លាន​៥២​មុ​ឺ​ន​រៀល​និង​រុះរើ​អីវ៉ាន់​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ថែម​ទៀត​ផង​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​÷ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​ខាងលើ មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ម្ចាស់ផ្ទះ​ថា​ឃើញ​ឃើញ​ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ផានិត (​ហៅ​វ័ន​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ ជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ចូល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​កើតហេតុ​ខាងលើ បាន​ជិះ​ម៉ូតូ​ក្រវែល​នៅផ្ទះ​កើតហេតុ​ខាងលើ​ទៀត​។ ដោយ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​ដាក់​ពាក្យបណ្តឹង​រួច​ហើយ​នោះ ប្តឹង​ទៅ​លើ​ជនសង្ស័យ​ឱ្យ​សមត្ថកិច្ច​តាម​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន យក​មក​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​នោះ​។

នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មាន ឈ្មោះ វ៉ា​ន់ ផានិត (​ហៅ​វ័​ន្ត​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​របស់​ជន​រង​គ្រោះ​លួច​លុយ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ​ខន សុ​ភណ្ឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​កោះ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ជា​អ្នក​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ ចំណែក​រូបគេ​ជា​អ្នក​នៅ​ចាំ​មើលផ្លូវ​ពីក្រោយ​ផ្ទះ ពេល​ធ្វើ​សកម្មភាព​រួច​រូបគេ​និង​បក្ខពួក​បាន​យក​លុយ​ទៅ​ទិញ​ថ្នាំជក់​និង​ដើរ​ចាយ​ស៊ី​ផឹក​ជាមួយ​គ្នា​អស់​លុយ​អា​លីង​ហើយ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ធ្វើការ​ដកហូតវត្ថុ​តាង​រួម​មាន​ កាំបិតប៉័ងតោ​ដង​ដែក​ចំនួន​១ ចបជីក​ដែក​ចំនួន​១​និង​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា ធុន​​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ គ្មាន​ផ្លា​ក​លេខ ។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​ផ្ទាល់​តាម​ផ្លូវច្បាប់​។

សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ប្រសិនបើ​មានការ​សង្ស័យ ឬ​ឃើញ​សកម្មភាព​ខុសច្បាប់ សូម​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​ចាត់វិធានការ​ទាន់​ពេលវេលា​ផង​ដែរ​ ៕