ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​ចោទប្រកាន់ អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស និង​គូកន​២នាក់ ដាក់​ជូន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៦ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ករណី​នេះ ​ជនសង្ស័យ​៣នាក់ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន ​បញ្ជូន​មក​ស្ថាប័ន​អយ្យការ តំណាង​អយ្យការ​បាន​ស​ម្រ​ច​ចោទប្រកាន់តាម​នីតិ​វិធី​បើក​ការ​ស៊ើបសួរ​លើ ៖

១.​ឈ្មោះ ថូ សំណាង ពី​បទ​.​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​បទ​.​រំលោភ​អំណាច និង​បទ​.​សម្អាត​ប្រាក់​តាម​មាត្រា ៦០១ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា ៣២ មាត្រា ៣៥ កថាខណ្ឌ​ទី​២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ មាត្រា ៣ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០២០​។

២.​ឈ្មោះ ណុ​ប រ​ដ្ឋា ចោទប្រកាន់​ពី​បទ​.​សមគំនិត ​ក្នុង​អំពើ​បំ​ផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត បទ​.​រំលោភ​អំណាច និង​បទ​.​សម្អាត​ប្រាក់ តាម​មាត្រា ២៩ មាត្រា​៦០១ នៃ​ក្រម​ព្រហ្ម ទណ្ឌ មាត្រា​៣២ មាត្រា​៣៥ កថាខណ្ឌ​ទី​២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ មាត្រា ៣ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០២០​។

៣.​ឈ្មោះ យស់ រ៉ា​ណេ ចោទប្រកាន់​ពី​បទ​.​សមគំនិត ​ក្នុង​អំពើបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​.​សម្អាត​ប្រាក់ តាម​មាត្រា ២៩ មាត្រា​៦០១ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ មាត្រា​៣ និង​មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០២០​។

បន្ទាប់​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ទាំង​៣នាក់ ​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ដើម្បី​បើក​ការ​ស៊ើបអង្កេត​បន្ត ឈាន​ទៅ​ដល់​សវនាការ​ជំនុំ ជម្រះ​លើ​អង្គសេចក្តី​ទាំងមូល​ ។

សូម​ជម្រាប​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នៅរ​សៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ បាន​បញ្ជូន​លោក ថូ សំណា​ង ដែល​ជា​មេ​ខ្លោង និង​គូកន ២​នាក់​ទៀត គឺ​លោក ណុ​ប រ​ដ្ឋា និង​លោក យស់ រ៉ា​ណេ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ។​

​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ACU នឹង​បញ្ជូន​ជនសង្ស័យ ថូ សំ ណា​ង ជា​មេខ្លោ​ង និង​គូកន​២នាក់​ទៀត ឈ្មោះ ណុ​ប រ​ដ្ឋា និងឈ្មោះ យស់ រ៉ា​ណេ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី នា​រសៀល​នេះ ម៉ោង​៤ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦​ ។​ 

សូម​បញ្ជាក់​ថា លោក ថូ សំណាង អតីត​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ នាំ​ខ្លួន​យក​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​បទល្មើស Online Scams ​។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បាន​បញ្ជាក់​ទៀត​ថា “​លោក ថូ សំណាង បាន​សារភាព​លួច​យក​សន្លឹក​ទិ​ដ្ឋ​ការ​ប្រភេទ C និង Cex ប្រើប្រាស់​ខុសច្បាប់ ជាង៦,០០០​សន្លឹក ហើយ​ចំណែក​សន្លឹក​នៅ​សល់ ៤​ពាន់​សន្លឹក ACU កំពុង​តាម​រក​ដែល​គាត់​ថា​ បាន​កំទេច​ចោល​” ​។​

​លោក​ទេស​រដ្ឋមន្ត្រី ថ្លែង​បញ្ជាក់​ថែម​ទៀត​ថា “​យើង​រក​ឃើញសន្លឹក​ទិដ្ឋាការ​របស់​ដែល​គាត់​បាន​បញ្ចេញ​ដោយ​ខុស​ច្បាស់​ ត្រូវ​បាន​ជនបរទេស Online Scams ប្រើ​បាស់​”​ ។​

គួរជម្រាបផងដែរ​ថា លោក ថូ សំណាង ត្រូវ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​ពីអគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​តែងតាំង​លោក​ជាទី​ប្រឹក្សា​ក្រសួង​ជំនួស​វិញ មាន​ឋានៈ​ស្មើ​អគ្គនាយក ​៕

ក្បួនរថយន្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដឹកជនសង្ស័យទៅតុលាការ
ក្បួនរថយន្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដឹកជនសង្ស័យចូលតុលាការ