ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​ជាង៨,២០០​គ្រួសារ នៅក្រុង​-​ស្រុក​ចំនួន​៦ ​នៃខេត្តក្រចេះ​ រង​​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បានឱ្យ​ដឹង​ថា​ក្រុង​-​ស្រុក​ចំនួន​៦ ​ក្នុង​ខេត្តក្រចេះ​ បាន​រង​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន​ ៨,២១០​គ្រួសារ​ ។

នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​ម​ហន្ត​រាយ បាន​បន្ត​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ក្នុងភូមិ​ព្រែក​កូវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។

យោង​តាម​របាយការណ៍ ទឹកជំនន់​បណ្តាល​មក​ពី​ទឹកទន្លេ​មេគង្គ​កើនឡើង បាន​ប៉ះពាល់​ក្រុង​-​ស្រុក​ចំនួន ៦ រួម​មាន ស្រុក​ឆ្លូង​, ស្រុក​ព្រែក​ប្រសព្វ​, ស្រុក​សំបូរ​, ក្រុង​ក្រចេះ​, ស្រុក​ចិត្រ​បុរី និង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​។ ក្នុង​នោះ ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន ៨.២១០​គ្រួសារ និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន ១០១​គ្រួសារ​ ។

ជុំវិញ​ស្ថានភាព​ទឹក បាន​លិច​ចូល​ដល់​ក្រោមផ្ទះ​ប្រជាពលរដ្ឋ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​ពី​ស្ថានភាព​កម្ពស់​ឱ្យ​បានជា​ប្រចាំ ដើម្បី​មានការ​ត្រៀម​លក្ខណៈ​ឆ្លើយ​តប ប្រ​សិន​កម្ពស់​ទឹកទន្លេ​មេគង្គ​បន្ត​កើនឡើង​ ។

បើ​ទោះបី ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តាម​ដង​ទន្លេ មិន​ទាន់​មានការ​ជម្លៀស ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​បញ្ជា​ដល់​រដ្ឋបាល​ខេត្ត ដែល​ជា​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ត្រៀម​បម្រុង​គ្រប់​តម្រូវការ​ចាំបាច់ និង​ទីទួល​សុវត្ថិភាព​ដែល​មាន​ស្រាប់ ដើម្បី​អន្តរាគមន៍ និង​រៀបចំ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា៕