ប្រជាប្រិយភាពរបស់កំពូលរាតាប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវបានឡើងមួយកម្រិតទៀតបន្ទាប់ពីបទចម្រៀងរបស់គេដែលមានចំណងជើងថា Sometimes When We Touchបានជាប់ចំណាត់ថ្នាក់លេខ១១នៅក្នុងតារាងចំណាត់ថ្នាក់បទចម្រៀងប្រចាំសប្តាហ៍ទី១ខែសីហារបស់ទស្សនាវដ្តីអាមេរិកBillboard ។
ក្រៅពីអាជីពជាកីឡាករប្រដាល់ ប៉ាក់គីអាវគឺជាមនុស្សម្នាក់ដែលចូលចិត្តការកំសាន្តសប្បាយមានដូចជាការថតបទចម្រៀងជាដើម។ គ្រប់ពេលដែលគេចូលទៅប្រកួតនៅសហរដ្ឋអាមេរិក លោកជីមមី គីមមែលដែលជាអ្នករៀបចំកម្មវិធីទទួលភ្ញៀវពិសេសរបស់ទូរទស្សន៍អាមេរិកABC តែងតែបានអញ្ជើញប៉ាក់គីអាវមកធ្វើជាភ្ញៀវរបស់ខ្លួន។
ពេលចុងក្រោយដែលប៉ាក់គីអាវបង្ហាញមុខនៅក្នុងកម្មវិធីJimmy Kimmel Live Show របស់លោកគីមមែល គេបានច្រៀងបទចម្រៀងSometimes When We Touch ដោយផ្ទាល់។ សូមបញ្ជាក់ថាបទនេះនិពន្ធដោយលោកដាន ហ៊ីលជាជនជាតិកាណាដា។
និយាយដោយពិត វាហាក់ដូចជាគ្មានអ្វីពិសេសច្រើនចំពោះបទចម្រៀងរបស់ប៉ាក់គីអាវទេ ។ អ្នករិះគន់មួយចំនួនបានលើកឡើងថា ប៉ាក់គីអាវមិនគួរចេញសម្តែងបទចម្រៀងដោយផ្ទាល់ខ្លួនឯងទេ ក្នុងខណៈដែលគេកំពុងតែល្បីឈ្មោះខ្លាំងក្នុងវិស័យកីឡាប្រដាល់នោះ។
យោងតាមគេហទំព័រ USA Today បទចម្រៀងដែលជាប់លេខ១គឺជាបទរបស់នាងលេឌី ហ្គាហ្គាឈ្មោះRolling in the DeepខណៈបទEdge of Gloryជាប់លេខ២។
ការគាំទ្រយ៉ាងពេញទំហឹងពីប្រិយមិត្តមកលើប៉ាក់គីអាវបានធ្វើឲ្យបទចម្រៀងរបស់លោកដា ហ៊ីលដែលច្រៀងជាថ្មីដោយប៉ាក់គីអាវជាប់ចំណាត់ថ្នាក់ប្រចាំសប្តាហ៍អស់ជាច្រើនថ្ងៃ។
ចំពោះការប្រកួតនៅលើសង្វៀនវិញប៉ាក់គីអាវគ្រោងនឹងបង្ហាញខ្លួនជាថ្មីទៀតក្នុងខែវិច្ឆិកាខាងមុខនេះ។ ប្រកួតនៅសង្វៀនMGM Grandទីក្រុងឡាសវេហ្គាសសហរដ្ឋអាមេរិក ថ្ងៃទី១៣ខែវិច្ឆិកាខាងមុខនេះ ប៉ាក់គីអាវនឹងជួបជាមួយកីឡាករម៉ិកស៊ិកចូអាន ម៉ានូអែល ម៉ាកហ្គេស។ រវាងពួកគេទាំងពីរនាក់នេះគឺជាការជួបគ្នាលើកទី៣ហើយ ៕
ចែករំលែកព័តមាននេះ