ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦០០គ្រួសារលើកគ្នា​តវ៉ាមុខសាលាខេត្ត រដ្ឋបាល​ខេត្តសៀមរាប សុំ​ឱ្យ​បង​ប្អូន​រក្សា​ភាព​ស្ងៀមស្ងាត់ ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត​ធ្វើការ​ដោះស្រាយ

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០២៦​នេះ នៅ​មុខ​សាលាខេត្ត​សៀមរាប តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០០ គ្រួសារ រស់នៅ​ភូមិ មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប កើតទុក្ខ​មិន សុខចិត្ត​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​កំណត់​ផែនទី​ទីតាំង​ប្រើប្រាស់​ដីធ្លី ក្នុងភូមិ​មណ្ឌល​៣ ពី​តំបន់​លឿង​បច្ចុប្បន្ន​ឱ្យទៅ​ជា​តំបន់​ក្រហម ។

ក្នុង​សកម្មភាព​តវ៉ា​នេះ តំណាង​ប្រជាពលរដ្ឋ​ជាង​៦០០ គ្រួសារ បាន​នាំ​គ្នា​មក​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ដែល​ជា​អាណា​ព្យា បាល​ខ្លួន ជួយ​ធ្វើ​អន្តរាគមន៍ ក្នុង​ការ​សុំ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ដក​ភូមិ​មណ្ឌល​បី​ចេញពី​តំបន់​ក្រហម ឲ្យ​ជា​តំបន់​លឿង​វិញ ។

ដើម្បី​រំលត់​នូវ​ក្តី​ក្តៅក្រហាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ គណៈ​អភិបាលខេត្ត​បាន​ចាត់តាំង​ឲ្យ លោក ឌុ​ច គឹ​ម​ដ​ន នាយករង​រដ្ឋបាល​សាលា ខេត្តសៀមរាប រួម​នឹង​លោក នាយក​ទីចាត់ការ​អន្តរ​វិស័យ និង​មន្ត្រី​ជួប​ធ្ចើ​ការ​សម្របសម្រួល​ជាមួយ​តំណាង​ប្រជា​ពល​រដ្ឋ​ទាំង​៦០០​គ្រួសារ ។

ក្នុង​នាម​រដ្ឋបាល​ខេត្ត លោក ឌុ​ច គឹ​ម​ដ​ន បាន​ធ្វើការ​ពន្យល់​ណែនាំ​បងប្អូន ព្រមទាំង​បាន​លើក​នូវ​សាវតា​នៃ​ការ​ស្នើ សុំ របស់​ប្រជា​ពលរដ្ឋ​ភូមិ​មណ្ឌល​៣ និង​ការងារ​របស់​ក្រុម ការងារ​ក្រសួង និង ការ​កំណត់​ប្រភេទ​តំបន់ ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​រមណីយ​ដ្ឋា​ន​អង្គរ ព្រមទាំង​លើក​ឡើង​ពី​នីតិវិធី​ច្បាប់​ទៀត​ផង ។

​លោក​ក៏​បាន​បញ្ជាក់​ថា ភូមិសាស្ត្រ នេះ ស្ថិត​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំណត់​ដោយ​ព្រះរាជក្រឹត្យ និង​គ្រប់គ្រង​ដោយ​អង្គការ​យូ​នី​ស្កូ ទៀត​ផង ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ក្នុង​រយៈពេល​នេះ ស្នើ​សុំ​បងប្អូន​រក្សា​នូវ​ភាព​ស្ងៀមស្ងាត់ មិន​ត្រូវ​ធ្វើការ​សាងសង់​ដោយ​គ្មាន​ច្បាប់​ទន្លាប់​ឡើយ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ខូចខាត​ទ្រព្យ សម្បត្តិ​បងប្អូន នៅ​ពេល​ដែល​ក្រុម​សណ្តាប់ធ្នាប់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ធ្វើការ​រុះរើ​សំណង់​ខុសច្បាប់ ។ ម្យ៉ាងទៀត មុន​ពេល​បងប្អូន​ធ្វើ ការ​សាងសង់ សូម​បងប្អូន​ត្រូវ​ធ្វើការ​ដាក់​ពាក្យ​ច្បាប់​អនុញ្ញាត​សាងសង់ ដោយ​ត្រូវ​រង​ចាំ​ដល់​មានច្បាប់​ថ្មី​ចេញ​ជា​ស្ថា​ប​ពរ ។

ក្នុង​នោះ​លោក​ក៏​បាន​លើក​ផង​ដែរ អំពី​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​នីតិវិធី​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិត​ក្នុង​តំបន់​អប្សរា​ផង​ដែរ ។ លោក​នាយករង​រដ្ឋបាល​សាលាខេត្ត ក៏​បាន​បញ្ជាក់​ថា រាល់​សំណើ​របស់ បងប្អូន​ដាក់​ជូន​គណៈ​អភិបាលខេត្ត ត្រូវ​បាន​គណៈ​អភិបាល ខេត្ត​បាន​ទទួល​ហើយ និង រង​ចាំ​យក​ទៅ​ធ្វើការ​ត្រួតពិនិត្យ ពិភាក្សា នៅ​ក្នុង​អង្គ​វេទិការ​អន្តរក្រសួង​នៅ​ខែ​ខាង​មុខ​នេះ ក្នុង​ការ​ដោះ ស្រាយ​ជូន​បងប្អូន ។

លោក​បាន​បន្ត​ទៀត​ថា សូម​បងប្អូន​នៅ​ពេល​ក្រោយ បើ​មាន​បញ្ហា​អ្វី​សូម​បងប្អូន​រៀបចំ​ចាត់​តំណាង​របស់​ខ្លួន ដើម្បី​ដោះស្រាយ​ទៅ​តាម​សន្តិវិធី ដើម្បី​ជៀសវាង​នូវ​ការ​ប្រមូលផ្តុំ​គ្នា ធ្វើ​ឲ្យ​ប៉ះពាល់​ពេលវេលា​ការងារ​បងប្អូន និង សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ក្រុង​ទេសចរណ៍​ទៀត​ផង ។

ក្នុង​នោះ​ដែរ​តំណាង​ប្រជាពលរដ្ឋ ដែល​បាន​ចូល​ជួប​រដ្ឋបាល​សាលាខេត្ត ក៏​បាន​សម្តែង​នូវ​អំណរ​គុណ ដល់​រដ្ឋបាល​ខេត្ត ដែល​បាន​ធ្វើ ការ​បកស្រាយ​បំភ្លឺ​ពី​ទុក្ខ​កង្វល់​របស់​ប្រជា ពលរដ្ឋ​ទាំង​៦០០​គ្រួសារ ដែល​ធ្វើ​ឱ្យ​បងប្អូន​មានការ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរ​ដ្ឋា ភិ​បាល ដែល​មាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​