ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបា.ក់ស្រុត! ផ្លូវជាតិលេខ៧៦ ត្រូវបានស្ដារឡើងវិញយ៉ាងល្អប្រសើរ រួមចំណែកលើកស្ទួយសេដ្ឋកិច្ចខេត្តមណ្ឌលគិរី

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ ដែល​ព្រឹត្តិការណ៍​ក៏​កម្រ​អំពី​គ្រោះ​ធម្មជាតិ​បាក់​ស្រុត​ផ្លូវជាតិ​លេខ​៧៦ កាល​ដើមខែ​សីហា ឆ្នាំ​២០២៣​កន្លង​ផុត​ទៅ បង្ក​ការ​ភ្ញាក់ផ្អើល​និង​បាន​កាត់​ផ្តាច់​ចរាចរ​ណ៏​ចេញចូល​ទីរួមខេត្ត​មណ្ឌលគិរី តាម​ច្រក​ស្រុក​កែវ​សីមា​ទាំងស្រុង ។

យ៉ាងណាមិញ​បច្ចុប្បន្ន​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៦ ជាង​បី​ឆ្នាំ​ក្រោយ​កើត​មាន​គ្រោះ​ធម្មជាតិ​បាក់​ស្រុត​ផ្លូវជាតិ​លេខ​៧៦ គេ​សង្កេត​ឃើញ​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដែល​មាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ជា​សេនាធិការ​ផ្ទាល់ បាន​បន្តសកម្មភាព​ស្ថាបនា​កែសម្រួល​ផ្លូវជាតិ​លេខ​៧៦​នេះ​ងាយស្រួល​បើកបរ ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ងាយ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ដែល​សំខាន់​ជាងគេ​នោះ​គឺ ការ​ដឹក​ផលិតផល​កសិកម្ម​នានា​ក្នុង​ខេត្ត​ចេញ​ទៅ​លក់​លើ​ទីផ្សារ ដែល​បាន​ធ្វើ​ឲ្យ​GDP​សម្រាប់​មនុស្ស​ម្នាក់​ៗ​មាន​ចំណូល ២ ៤៦៦​ដុល្លា​ក្នុង​មួយ​ឆ្នាំ ។

សូម​រំ​ឮ​កថា កំណាត់​ផ្លូវជាតិ​លេខ ៧៦ ត្រង់​ចំណុច​អូរ​ងើយ (PK ៩៤+០០០ ដល់ PK ៩៤+១៥០) ស្ថិត​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដែល​ធ្លាប់​បាន​រង​ការ​បាក់​ស្រុត​យ៉ាងធ្ងន់ធ្ងរ កាលពី​យប់​ថ្ងៃ​ទី ០១ ខែសីហា ឆ្នាំ ២០២៣ ព្រោះតែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក ជាប់​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​នៅ​តំបន់​ភូមិភាគ​ឦសាន បាន​ធ្វើ​ឱ្យ​ស្រទាប់ដី​ខាងក្រោម​នៃ​កំណាត់​ផ្លូវជាតិ​លេខ ៧៦ ត្រង់​ចំណុច​អូរ​ងើយ មាន​ភាព​សើម​ខ្លាំង និង​ហូរ​ច្រោះ​គ្រឹះ​យ៉ាងធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឱ្យ​ដី​ផ្លូវ​បាក់​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ ប្រវែង​ប្រមាណ ១៥០ ម៉ែត្រ និង​ជម្រៅ​បាក់​ស្រុត​ចន្លោះ​ពី ៣ ទៅ ១៥ ម៉ែត្រ ដោយ​បាន​កាត់​ផ្តាច់​ការ​ធ្វើ​ដំណើរ​ទាំងស្រុង​។

ភ្លាម​ៗ​កាល​ណោះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សហការ​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​សម្រេច​បិទ​ការ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ និង​បាន​ណែនាំ​ឱ្យ​បង្វែរ​ទិស​ដៅ​ចរាចរណ៍​ទៅ​ប្រើប្រាស់​ផ្លូវ​ផ្សេង​ជំនួស​វិញ​។ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ។ ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​អន្តរាគមន៍​យ៉ាង​ឆាប់រហ័ស ដោយ​បាន​ឈូស​ឆាយ និង​ស្ថាបនា «​ផ្លូវ​វាង​បណ្តោះអាសន្ន​» ប្រវែង​ប្រហែល ១ ០០០ ម៉ែត្រ នៅ​ក្បែរ​ទីតាំង​កើតហេតុ​។ ផ្លូវ​វាង​នេះ​ត្រូវ បាន​រៀបចំ​ឱ្យ​មាន​សុវត្ថិភាព មានការ​ដាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍ និង​ភ្លើង​បំភ្លឺ​ច្បាស់លាស់ មុន​នឹង​បើក​ឱ្យ​ចរាចរណ៍​។​ការ​បើក​សម្រួល​ផ្លូវ​វាង​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី ០៧ ខែសីហា ឆ្នាំ ២០២៣ (​ត្រឹមតែ ៧ ថ្ងៃ​បន្ទាប់​ពី​កើតហេតុ​បាក់​ស្រុត​) ។

ក្រោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​ក្រុមការងារ​បច្ចេកទេស នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី ដែល​មាន​លោក រស់ គី​ម​ធន ជា​ប្រធាន​មន្ទីរ​ដឹកនាំ​ការងារ​ចុះ​ផ្ទាល់ និង​អាជ្ញាធរ​ពាក់ព័ន្ធ កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត​ត្រូវ បាន​ស្ថាបនា និង​ជួសជុល​រួចរាល់​ជា​ស្ថាពរ ដោយ​បើក​ឱ្យ​សាធារណជន​ធ្វើ​ដំណើរ​ឆ្លងកាត់​ឡើង​វិញ​នា​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ ២០២៤ ក្រោយ​ការ​សាងសង់​ជួសជុល​កំណាត់​ផ្លូវ​ដើម​ឡើង​វិញ (​ប្រវែង ៤២៥ ម៉ែត្រ រួម​ទាំង​ការ​ក្រាល​កៅស៊ូ DBST ១០០%) ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ និង​បាន​បើក​ឱ្យធ្វើ​ចរាចរណ៍​ជា​ធម្មតា​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​។

កា​រត​ភ្ជាប់​នូវ​កំណាត់​ផ្លូវជាតិ​ដែល​បាន​បាក់​ស្រុត​នេះ មិន​ត្រឹមតែ​ស្តារ​ឡើង​វិញ​នូវ​ខ្សែ​ច្រវាក់​ដឹក​ជញ្ជូន​របស់​ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ខឿនសេដ្ឋកិច្ច ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់​ភូមិភាគ​ឦសាន​ទាំងមូល​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ផង​ដែរ​៕

default
default