ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវមិនគួរឱ្យជឿពីសត្វខ្យាដំរី ៖ ក្រៅពីពិសការពារខ្លួន វានៅមានអាថ៌កំបាំងរូបរាងដែលមនុស្សជាច្រើនមិនធ្លាប់ដឹង

1 ថ្ងៃ មុន

ឈ្មោះ​ខ្មែរ ៖ ខ្យាដំរី គឺជា អដ្ឋ​បា​ទិ​ក​សត្វ​មួយ​ប្រភេទ​ក្នុង​ក្រុម ខ្យាដំរី​ព្រៃ​អាស៊ី (Asian Forest Scorpions) ។ វា​មាន​រាង​កាយ​ធំ ពណ៌​ខ្មៅ​ទៅ​ខ្មៅ​ប្រផេះ និង​មាន​ដៃ​ដង្កៀប​ធំ​ៗ​ចំនួន ២ នៅ​ខាង​មុខ ។ នៅ​ពេល​ត្រូវ​ពន្លឺ​អ៊ុ​ល​ត្រា​វី​យូ​លេ ( UV ) តួខ្លួន​របស់​វា​នឹង​ប្រែ​ពណ៌​ទៅ​ជា​ខៀវ​បៃតង ឬ​ខៀវ​ទឹកសមុទ្រ ដែល​ជា​មូលហេតុ​ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​ថា Blue Forest Scorpion ផង​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក ជីវៈចម្រុះ​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

ខ្យាដំរី​ប្រភេទ​នេះ​មាន​រាង​កាយ​រឹង​មាំ និង​ជើង​ចំនួន​៤ គូ ។ ផ្នែក​ខាង​មុខ​មាន​ដៃ​ជា​ដង្កៀប​ធំ (pedipalps) ដែល​ប្រើ​សម្រាប់​ចាប់ និង​កាន់​ចំណី ។ កន្ទុយ​មាន​សណ្ឋាន​ជា​កំណាត់​ៗ​ត​គ្នា ហើយ​នៅ​ខាង​ចុង​មាន ទ្រនិច​ពិស ដែល​ប្រើ​សម្រាប់​ការពារ​ខ្លួន (stinger) ។
មាន​ភ្នែក​មួយគូរ នៅ​ផ្នែក​ខាងលើ​នៃ តួ​ក្បាល​របស់​វា cephalothorax ប៉ុន្តែ​ការ​មើលឃើញ​មិន​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ការ​ស្វែងរក​ចំណី​របស់​វា​ទេ ។

ដោយឡែក​សត្វ​ខ្យាដំរី វា​ប្រើ​រោម​ដែល​នៅ​ពាស​លើ​តួខ្លួន​របស់​វា សម្រាប់​ទទួល​រំ​ញ័រ និង​ឧបករណ៍​ទទួល​អារម្មណ៍​ដែល​មាននៅ​លើ​ជើង​ទាំងអស់ ដើម្បី​រក​ឃើញ​ចលនា​របស់​សត្វ​ដែល​នៅ​ជុំវិញ​ខ្លួន​វា ។ ប្រវែង​ខ្លួន​សរុប​របស់​សត្វ​ខ្យាដំរី​ពេញវ័យ អាច​មាន​ចន្លោះ​ប្រហែល ១០–១២ សង់ទីម៉ែត្រ ហើយ​សត្វ​ខ្យាដំរី ខ្លះ​អាច​ធំ​ជាង​នេះ ។

ខ្យាដំរី មាន​រប៉ាយ​នៅ​ស្ទើរ​ពាសពេញ​តំបន់​អាស៊ី​អាគ្នេយ៍ ។ កំណត់​ត្រា​អំពី​វត្តមាន​របស់​ខ្យាដំរី​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ៖ កម្ពុជា​, ម៉ា​ឡេ​ស៊ី​,​សិង្ហ​បុរី​,​ឥណ្ឌូ​នេ​ស៊ី​,​តំបន់​មួយ​ចំនួន​នៃ​ឥណ្ឌូចិន ។ សម្រាប់​ប្រទេស​កម្ពុជា ការ​កំណត់​អត្តសញ្ញាណ និង​រប៉ាយ​របស់​សត្វ​ខ្យាដំរី គួរ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​តាម​សំណាក និង​កំណត់​ត្រា​វិទ្យាសាស្ត្រ​មូលដ្ឋាន ព្រោះ​ខ្យាដំរី​ក្នុង​ត្រកូល Heterometrus មាន​ប្រភេទ​ដែល​មាន​រូបរាង​ស្រ​ដៀង​គ្នា​ជា​ច្រើន ។

សត្វ​ខ្យាដំរី វា​អាច​ជីក​រូង​ដោយ​ខ្លួនឯង ឬ​ប្រើ​រូង​ដែល​មាន​ស្រាប់ ដើម្បី​គេច​ពី​កម្ដៅ និង​ជួយ​រក្សា​សំណើម​នៅ​ក្នុង​ខ្លួន​របស់​ពួក​វា​ផង​ដែរ ។

អាហារ​សម្រាប់​ខ្យាដំរី ជា​សត្វ​មំសាសី (Carnivore) ដោយ​ពួក​វា​ស៊ី​សត្វ​ឥត​ឆ្អឹង​កង​ជា​ចម្បង ដូច​ជា ៖ ចង្រិត​, កន្លាត​, កណ្តូប​, ដង្កូវ​, ពីងពាង​,​សត្វល្អិត​ផ្សេង​ៗ និង​ពពួកសត្វ​ឥត​ឆ្អឹង​កង​តូច​ៗ ។ សត្វ​ខ្យាដំរី ពួក​វា​ប្រើ​ដៃ​ដង្កៀប​ដើម្បី​ចាប់ និង​ទប់​ចំណី ហើយ​អាច​ប្រើ​ទ្រនិច​ដែល​មាន​ពិស​នៅ​ចុងកន្ទុយ ប្រសិនបើ​សត្វ​ដែល​ជា​ចំណី​របស់​វា ធ្វើការ​ប្រយុទ្ធ​តប ។

នៅ​ពេល​មានការ​គំរាមកំហែង​ណាមួយ ពួក​វា​អាច​លើកដៃ​ដង្កៀប និង​លើក​កន្ទុយ​ឡើង ដើម្បី​បង្ហាញ​ថា​ខ្លួន​កំពុង​ការពារ ។ ខ្យាដំរី មិនមែន​ជា​សត្វ​ដែល​ចង់​ប្រឈម​មុខជា​មួយ​មនុស្ស​ទេ ។ ជា​ទូទៅ វា​ព្យាយាម​លាក់ខ្លួន ឬ​រត់គេច​ជា​មុន ។ ទោះជា​យ៉ាងណា មិន​គួរ​ចាប់ ឬ​រំខាន​ខ្យាដំរី​ដោយ​ដៃ​ទេ ព្រោះ​វា​អាច​កៀប​ដោយ​ដៃ​ដង្កៀប ឬ​ចាក់​ដោយ​ទ្រនិច​ពិស ប្រសិនបើ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គំរាមកំហែង ។

សត្វ​ខ្យាដំរី មាន​ពិស​ដែល​ប្រើ​សម្រាប់​ការពារ​ខ្លួន និង​ជួយ​សម្លាប់សត្វ​ដែល​ជា​ចំណី ។ ពិស​របស់​ខ្យាដំរី​ប្រភេទ​នេះ ជា​ទូទៅ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​មនុស្ស​ដូច​ខ្យាដំរី​ដែល​មាន​ពិស​ខ្លាំង​មួយ​ចំនួន​ទេ ប៉ុន្តែ​ការ​ចាក់​ដោយ​ទ្រ​និក​ពិស​របស់​វា អាច​បណ្តាល​ឱ្យ​ឈឺ និង​មាន​ប្រតិកម្ម​ផ្សេង​ៗ​ផង​ដែរ បើ​អ្នក​ចាញ់​ពិស​អាច​បណ្តាល​អោយទៅ​ជា​គ្រុនញាក់​ទៀត​ផង ។

សត្វ​ខ្យាដំរី​ឈ្មោល​នឹង​ដាក់​ទឹកកាម spermatophore នៅ​លើ​ផ្ទៃ​ក្រោយ​នៃ​សត្វ​ខ្យាដំរី​ញី ហើយ​ណែនាំ​ខ្យាដំរី​ញី​ឱ្យ​ទទួលយក​វា ។
ខ្យាដំរី​ជា​ក្រុម​សត្វ​ដែល មិន​ដាក់​ពង​នៅ​ខាងក្រៅ​ដូច​សត្វល្អិត​ដ៏​ទៃ​ទៀត​ឡើយ ។ ដោយ​កូន​ខ្យាដំរី​កើតជា​កូន​តែ​ម្តង ហើយ​ឡើង​ទៅ​រស់នៅ​លើ​ខ្នង​ម្តាយ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជីវិត ។

កូន​ខ្យាដំរី រស់នៅ​លើ​ខ្នង​ម្តាយ​រហូត​ដល់​ពួក​វា​មានការ​ធំធាត់​នឹង​មាន​សមត្ថភាព រស់នៅ​ដោយ​ខ្លួនឯង​បាន ទើប​ពួក​វា​បែក​ពី​មេ ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ការពារ​កូន​ខ្យាដំរី ពី​សត្វ​ប្រមាញ់ និង​បរិស្ថាន​ដែល​មិន​អំណោយផល ។

ខ្យាដំរី​ជា​ក្រុម​សត្វ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​សិក្សា​អំពី​ជីវចម្រុះ និង​ឋាន​ប្រព័ន្ធ ។ ការ​សិក្សា​អំពី​ខ្យាដំរី​ក្នុង​ត្រកូល Heterometrus នៅ​អាស៊ី​អាគ្នេយ៍​ក៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែរ ព្រោះ​ពួក​វា​មាន​លក្ខណៈ​និង រូបរាង​ស្រ​ដៀង​គ្នា ហើយ​ការ​កំណត់​ប្រភេទ​ត្រឹមត្រូវ​អាច​ត្រូវការ​ការ​ពិនិត្យ​ជា​លក្ខណៈ រូបសាស្ត្រ morphology និង​ពេល​ខ្លះ​ត្រូវការ​ការ​វិភាគ​តាម​រយៈ DNA ផង​ដែរ ។
ការ​រក្សា​ស្រទាប់​ស្លឹកឈើ កំណាត់ឈើ​ពុក និង​ដី​ដែល​មិន​ត្រូវ​បាន​រំខាន គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សត្វ​រស់នៅ​លើ​ដី​ប្រភេទ​នេះ ៕ អត្ថបទដោយ ៖ សុខ វិជ្ចា