បុរសខ្លាំងវា.យអ្នកបើករថយន្ដច្រលំថាបុ.កម៉ូតូមិត្តភក្តិស្លា.ប់នោះត្រូវជាប់ចោទចំនួន៤បទល្មើស និងតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម១ ព្រៃស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសខ្លាំងវាយអ្នកបើកបររថយន្តដោយសារច្រឡំថា បុកម៉ូតូមិត្តភក្តិបណ្តាលឲ្យស្លា.ប់ ដោយនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារម១ មណ្ឌលអប់រំកែប្រែទី១ព្រៃស ជាបណ្តោះអាសន្ន ដោយជាប់ចោទចំនួន៤ បទល្មើស ។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការបានបើកការស៊ើបសួរ និងសម្រេចធ្វើការចោទប្រកាន់បុរស ដែលវាយអ្នកបើករថយន្ដដោយសារច្រឡំថា បុកម៉ូតូមិត្តភក្តិបណ្តាលឲ្យស្លា.ប់ជាប់ចោទចំនួន៤បទល្មើស បទហិង្សាដោយចេតនា ,បទគំរា.មកំហែ.ង , បទជេរប្រមាថជាសាធារណៈ និងបទធ្វើឲ្យខូចខាតដោយចេតនា តាមមាត្រា២១៧ មាត្រា២៣១ មាត្រា ៣០៧ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា ៖ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយករណី រវាងម៉ូតូ និងម៉ូតូ ស្រាប់តែបុរសម្នាក់ជិះម៉ូតូដេញតាមកាក់រថយន្ត១គ្រឿង ចោទថា បុកម៉ូតូមិត្តភក្តិរបស់ខ្លួន បណ្តាលឲ្យស្លា.ប់ ហើយបានវាយបំផ្លិចបំផ្លាញរថយន្ត និងម្ចាស់រថយន្តឲ្យរបួសបែកមាត់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចទៅអន្តរាគមន៍ ។
ហេតុការណ៍នេះបានកើតឡើង នៅម្តុំស្តុបបូកគោ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។ ប៉ុន្តែនៅពេលកម្លាំងកងរាជអាវុធហត្ថ និងនគរបាលទៅដល់កន្លែងកើតហេតុ ធ្វើការសួរនាំនឹងឆែកកាមេរ៉ាសុវត្ថិភាព ក្នុងរថយន្តបានបញ្ជាក់ថា រថយន្តនេះមិនបានបើកបុកម៉ូតូទេ ឃើញតែម៉ូតូបុកគ្នាតែប៉ុណ្ណោះ ។

ដោយមើលឃើញពីការកាក់រថយន្ត ចោទថា បុកម៉ូតូហើយឈានទៅដល់ការប្រទូស្តរាយ ទៅលើអ្នកបើកបររថយន្តទាំងកម្រោលនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារក្នុងបណ្តាញសង្គមថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនឹងមានអំពើហិង្សានោះ ខ្ញុំបានចាត់ទៅលោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ឲ្យស្រាវជ្រាវភ្លាមៗព្រោះនេះជាបទល្មើសព្រហ្មទណ្ឌ ហើយខ្ញុំសូមអញ្ជើញជនរងគ្រោះជាម្ចាស់រថយន្តមកដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ឯអ្នកក្លាហាននោះ សមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយ និងប្រគល់ទៅផែនព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី ។ ខ្ញុំបាននិយាយហើយ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ មិនត្រូវប្រើអារម្មណ៍យកមកដោះស្រាយនោះទេ ។ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ