រាជធានីភ្នំពេញ ៖ គ្រាន់តែដើរផ្លូវចង្អៀតប៉ះបន្តិចបន្តួច បែរជាបង្កហិ.ង្សាយកកែវ និងដបស្រាប វាយក្បាលជនរងគ្រោះ បណ្តាលអោយប្រេះលលាក្បាល ទាំងកណ្តាលយប់អធ្រាត្រ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះបានអោយដឹងថា មុនកើតហេតុ ពួកគាត់ជាមួយគ្នីគ្នាផ្សេងទៀត រួមទាំងជនរងគ្រោះបានហូបចុកចុងសប្តាហ៍ នៅក្នុងក្លឹប Savage ជាធម្មតា ហើយសភាពពេលនោះ រាងចង្អៀតបន្តិច ។ លុះពេលនោះជនរងគ្រោះ ក៏បានដើរប៉ះគ្នា និងជនបង្ក ហើយភ្លាមៗក្រុមជនបង្កងាកមើលមុខ ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍ទេ ដោយសារតែក្រុមជនបង្កមុនមើលមុខក៏បានដើរទៅជល់កែវនូវទុកប្អូនៗរបស់គាត់ផងដែរ ។ ស្របពេលនោះជនបង្កបានយកកែវស្រាទៅវាយក្បាលជនរងគ្រោះ ទើបមានការឃាត់បំបែក ។

ប្រភពដដែលបន្តថា ដោយសារមិនចង់មានរឿងវែងឆ្ងាយ ក្រុមរងគ្រោះបាននាំគ្នាចេញមកក្រៅរួច ប្រាប់សន្តិសុខហាង ដើម្បីអោយហៅក្រុមជនបង្កចុះចចារគ្នា ព្រោះមិនចង់បញ្ហាវែងឆ្ងាយ ។ ប៉ុន្តែនៅពេលក្រុមបង្កចុះមក មិនបានសួរនាំច្រើននោះទេ បែរជាលើកពាក្យថា « ឥឡូវអ្ហែងចង់ម៉េច ? អត់អស់ចិត្តមែន?» ។ ខណៈនោះ ជនដៃដល់ម្នាក់ទៀត ពាក់អាវពណ៍ខ្មៅ បែរជាយកដបស្រា វាយក្បាលជនរងគ្រោះ កំពុងអង្គុយចចារនោះ បង្កអោយរងរបួសប្រេះលលាក្បាលតែម្តង ។
បន្ទាប់ពីកើតហេតុ ក្រុមជនបង្កត្រូវបានសន្តិសុខជម្លៀសក្រុមបង្កចេញពីកន្លែងកើតហេតុតែម្តង ។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ចាត់ការតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ផងដែរថា យោងតាមការបង្ហោះលើផេកហ្វេសប៊ុករបស់ ឯឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអោយដឹងថា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនិងដប វេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រកបាវិតចូលប្រទេសវៀតណាមហើយ ។ សមត្ថកិច្ចយើងខ្ញុំមិនដកដៃក្នុងការតាមចាប់ខ្លួនជនខាងនោះទេ(បើបក្សពួក និងក្រុមគ្រួសារជននេះហៅឱ្យមកចូលខ្លួនកន្លែងសមត្ថកិច្ចមក )មិនអាចរត់គេចខ្លួនបានមួយជីវិតទេ» ៕


ចែករំលែកព័តមាននេះ