ផ្ទុះការចោទប្រកាន់មន្ត្រីនគរបាលស្រុកបាទីម្នាក់ ពាក់ព័ន្ធការមិនទទួលខុសត្រូវលើកូន ក្រោយមានទំនាក់ទំងស្នេហាជ្រុលជ្រួស
- តាកែវ
ខេត្តតាកែវ ៖ ករណីស្ត្រីម្នាក់អះអាងថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីនគរបាលម្នាក់រហូតមានកូនស្រីមួយរូប ប៉ុន្តែបច្ចុប្បន្នត្រូវប្រឈមនឹងការលំបាកក្នុងការចិញ្ចឹមកូនដោយខ្លួនឯង កំពុងធ្វើឱ្យមានការចាប់អារម្មណ៍ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យបញ្ហានេះឱ្យបានច្បាស់លាស់ ជាពិសេសពាក់ព័ន្ធនឹងការទទួលខុសត្រូវ ក្រមសីលធម៌ និងវិន័យរបស់មន្ត្រីនគរបាលជាតិ ។
ស្ត្រីខាងលើបានអះអាងថា ខ្លួនមានទំនាក់ទំនងជាមួយលោក ឃុត ចិត្រា ដែលត្រូវគេស្គាល់ថា ជាអធិការរងនគរបាលស្រុកបាទី អស់រយៈពេលប្រមាណ ៥ឆ្នាំមកហើយ និងមានកូនស្រីម្នាក់ជាមួយគ្នា ។ តាមការលើកឡើងរបស់ស្ត្រីរូបនេះ លោក ឃុត ចិត្រា ធ្លាប់សន្យាទទួលខុសត្រូវលើការចិញ្ចឹមកូន ហើយធ្លាប់ជួយឧបត្ថម្ភអស់រយៈពេលប្រមាណ ១ឆ្នាំ ប៉ុន្តែបន្ទាប់មកបានឈប់ជួយរយៈពេលប្រមាណ ៤ឆ្នាំមកហើយ ។
ស្ត្រីរូបនេះបន្តថា កន្លងមកខ្លួនបានព្យាយាមទាក់ទងទៅលោក ឃុត ចិត្រា ជាច្រើនលើក ដើម្បីស្នើឱ្យមានការដោះស្រាយបញ្ហាការចិញ្ចឹមកូន ប៉ុន្តែមិនទទួលបានដំណោះស្រាយនោះទេ ។ នាងអះអាងថា បច្ចុប្បន្នខ្លួនត្រូវប្រឈមនឹងបន្ទុកជាច្រើន ដូចជា ថ្លៃផ្ទះជួល ថ្លៃជួលអ្នកមើលថែកូន និងការចំណាយប្រចាំថ្ងៃ ខណៈកូននៅតូចមិនអាចទុកឱ្យនៅម្នាក់ឯងបាន ។
តាមការអះអាងដដែល ស្ត្រីរូបនេះបានទៅជួបលោក ឃុត ចិត្រា នៅអធិការដ្ឋាននគរបាលស្រុកបាទី កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្វែងរកការដោះស្រាយបញ្ហា ។ ប៉ុន្តែនៅពេលទៅដល់ទីនោះត្រូវបានស្ត្រីដែលជាម្តាយក្មេក និងប្រពន្ធរបស់លោក ឃុត ចិត្រា ប្រើពាក្យសម្តីប្រមាថធ្ងន់ធ្ងរ ធ្វើឱ្យនាងមានអារម្មណ៍ឈឺចាប់ និងមិនអាចទ្រាំបាន ។ បន្ទាប់ពីហេតុការណ៍នោះ នាងបាននាំកូនស្រីចាកចេញ ហើយនាំកូនឡើងទៅលើស្ពានជ្រោយចង្វា ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនចំពោះសុវត្ថិភាពរបស់ម្តាយ និងកូន ។
លោក មូល សារ៉ាត់ អធិការនគរបាស្រុកបាទីបានឱ្យដឹងថា ករណីនេះជារឿងបុគ្គល ទុកឱ្យគេដោះស្រាយគ្នាទៅ ។ ចំណែកលោក សាយ វណ្ណៈ អភិបាលស្រុកបាទី បញ្ជាក់ថា លោកបានដឹងរឿងនេះដែរ ហើយលោកទុកឱ្យប្រធានអង្គភាពដោះស្រាយតាមវិន័យកងកម្លាំងទៅ ។ ចំណែកស្ត្រី ២នាក់មា្តយកូនលោកនឹងបន្តតាមដានទៀតខ្លាចក្រែងគាត់គឹតខ្លី ។
ចំណែកលោកអធិការរង ពេលទូរស័ព្ទសុំការបំភ្លឺ គាត់មិនលើកទេ ទោះបីទូរស័ព្ទចូលប៉ុន្មានដងក៏គាត់មិនលើកដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ