ប្រទេសអ៊ុយក្រែន ៖ ប្រទេសអ៊ុយក្រែនកំពុងស្វែងរកការអនុញ្ញាតពីមហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាសក៍ (Elon Musk) ដើម្បីប្រើប្រាស់ដ្រូនរបស់ខ្លួនភ្ជាប់ទៅនឹងបណ្តាញផ្កាយរណប Starlink នៅក្នុងការវាយប្រហារលើទីតាំងបាញ់មីស៊ីលបាលីស្ទិក ដែលមានទីតាំងជ្រៅរហូតដល់ ២០០ គីឡូម៉ែត្រក្នុងទឹកដីរុស្ស៊ី។
យោងតាមកាសែត Financial Times កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថា សំណើនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងដ្រូនកាន់តែខ្លាំងឡើងពីរុស្ស៊ី។ ជំនួសឱ្យការពឹងផ្អែកចម្បងលើប្រព័ន្ធស្ទាក់ចាប់មីស៊ីល ទីក្រុងកៀវចង់បង្កើនសមត្ថភាពក្នុងការវាយប្រហារទីតាំងបាញ់មីស៊ីល និងមូលដ្ឋានគាំទ្រនានារបស់រុស្ស៊ីជាមុន ខណៈមីស៊ីលបាលីស្ទិកជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនកំពុងប្រឈមមុខ។ ដ្បិតបច្ចុប្បន្ននេះ ពួកគេកំពុងប្រើប្រព័ន្ធខែលមីស៊ីល Patriot របស់សហរដ្ឋអាមេរិក ដើម្បីស្ទាក់ចាប់មីស៊ីលប្រភេទនេះ ប៉ុន្តែការផ្គត់ផ្គង់កំពុងមានកម្រិតកាន់តែខ្លាំង។
អ្នកវិភាគយោធា លោក Franz-Stefan Gady ជឿថា ស្ថិតក្រោមសម្ពាធនេះ អ៊ុយក្រែនកំពុងស្វែងរកការផ្លាស់ប្តូរយុទ្ធសាស្ត្រទៅជាការវាយប្រហារជាមុន ដើម្បីបង្ការ និងទប់ស្កាត់ការវាយប្រហារដោយមីស៊ីលរុស្ស៊ី មិនមែនរង់ចាំតែការពារនោះទេ។
ការប្រើប្រាស់ដ្រូនដែលតភ្ជាប់ទៅនឹងបណ្តាញផ្កាយរណប Starlink ត្រូវបានចាត់ទុកថា ជម្រើសដ៏សមស្របមួយ ដោយសារវាអាចរក្សាការទំនាក់ទំនងរវាងដ្រូនជាមួយអ្នកបញ្ជាបានក្នុងចម្ងាយឆ្ងាយជាងការប្រើប្រាស់ប្រេកង់វិទ្យុធម្មតា ហើយថែមទាំងមិនសូវងាយរងគ្រោះ ឬកាត់ផ្តាច់សេវាពីកត្តាខាងក្រៅ។ ប៉ុន្តែជំហានដំបូងទាមទារការយល់ព្រមពីលោក អេឡុន ម៉ាសក៍ កំពូលមហាសេដ្ឋីពិភពលោក ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនដំណើរការប្រព័ន្ធផ្កាយរណប Starlink ជាមុនសិន។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅឯសេតវិមានកាលពីខែកក្កដា ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានស្នើលោក ត្រាំ ពិភាក្សាអំពីបញ្ហានេះជាមួយលោក អេឡុន ម៉ាសក៍។ អ៊ុយក្រែនចង់ប្រើដ្រូនភ្ជាប់ទៅនឹងបណ្តាញអ៊ីនធឺណិតផ្កាយរណប Starlink ដើម្បីវាយប្រហារគោលដៅនានាមានជម្រៅរហូតដល់ ២០០គីឡូម៉ែត្រក្នុងទឹកដីរុស្ស៊ី រួមទាំងទីតាំងបាញ់មីស៊ីលបាលីស្ទីក ប្រព័ន្ធបញ្ជា និងគោលដៅគាំទ្រផ្សេងៗទៀត។
ទោះយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានផ្តល់ការប្តេជ្ញាចិត្តណាមួយឡើយ ហើយត្រូវបានគេជឿថា មិនគាំទ្រផែនការនេះទេ។
ចំណែកលោក អេឡុន ម៉ាសក៍ ផ្ទាល់ ក៏បានប្រឆាំងជាយូរមកហើយចំពោះការដែលអ៊ុយក្រែនប្រើប្រព័ន្ធ Starlink ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ដោយសារតែបារម្ភពីហានិភ័យនៃការបង្កាត់ភ្លើងសង្គ្រាមឱ្យរីករាលដាលកាន់តែធំ។ កិច្ចប្រឹងប្រែងរបស់អ៊ុយក្រែនជួបការលំបាកកាន់តែខ្លាំង បន្ទាប់ពីលោក ហ្សេឡេនស្គី បានដកតំណែងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mykhailo Fedorov ដែលជាអ្នកភ្ជាប់ទំនាក់ទំនងដ៏សំខាន់បំផុតរវាងអ៊ុយក្រែន និងលោក អេឡុន ម៉ាសក៍៕ ប្រភព ៖ Financial Times និង Tuoi Tre




ចែករំលែកព័តមាននេះ