ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរាប់រយគ្រួសារនៅខេត្តត្បូងឃ្មុំ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារទឹកជំនន់ហក់ឡើង

2 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​គ្រួ​សារបាន​នាំ​គ្នា​មក​រស់នៅ​បណ្ដោះអាសន្ន​នៅ​ទីទួល​សុវត្ថិភាព​ក្នុង​ដី​ឧកញ៉ា​ម៉ារ​ឌី ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដោយសារ​តែ​ទឹកទន្លេ​បាន​ហក់​ឡើង​លិច​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​។ ជាមួយ​នោះ​ក៏​មាន​ក្រុម​គ្រូពេទ្យ​នៅ​ប្រចាំការ​រាល់ថ្ងៃ​ដើម្បី​ជួយ​ពលរដ្ឋ​ក្នុង​ករណី​មាន​ជំងឺ​ណាមួយ បើ​រក​ឃើញ​គ្រុនឈាម​គឺ​ត្រូវ​ប្រញាប់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។

លោក​កាន់ សុ​ភិន ប្រធាន​មណ្ឌល​សុខភាព​ទន្លេ​បិទ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ឯកឧត្តមប៉ែន កុស​ល្យ អភិបាលខេត្ត​អមដំណើរ​ដោយ​អភិបាលរង​ខេត្ត​លោក ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​សហការី​ជា​ច្រើន​នាក់​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីទួល​សុវត្ថិភាព​នៅ​ទន្លេ​បិទ​នា​ព្រឹក​ថ្ងៃ​ទី ២៣​សីហា ឆ្នាំ​២០២៦​។​ដោយ​បាន​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្រោម​រោង​ប្រក់​កៅស៊ូ​តង់ ដោយ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​។

លោក​ប្រធាន​មណ្ឌល​សុខភាព​ទន្លេ​បិទ​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ពេល​ដែល​ទឹកទន្លេ​បាន​បន្ត​ហក់​ឡើង​ធ្វើ​ឲ្យ​លិច​​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ដង​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទន្លេ​បិទ​ឃុំ​ជី​រោ​ទ៏​ទី​១ ត្រូវ​បាន​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ក្នុង​មួយ​ថ្ងៃ​គិត​ជា​មធ្យម​២០​ទៅ​៣០ គ្រួសារ មក​កាន់​ទីទួល​សុវត្ថិភាព​នៅ​ទន្លេ​បិទ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៦​ថ្ងៃ​ហើយ បាន​ធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ​កើន​ដល់​ជាង​២០០​គ្រួសារ​និង​នៅ​វត្ត​ទន្លេ​បិទ​ជាង​១០០​គ្រួសារ​។

ដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ចាត់​ឱ្យ​រូប​លោក ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​រោង​ស្នាក់​ការ​ដាក់​គ្រូពេទ្យ​ប្រចាំការ ២៤​ម៉ោង ដើម្បី​ចាំ​ទទួល​បងប្អូន​ពលរដ្ឋ​មាន​ជំងឺ​មក​សុំ​ថ្នាំពេទ្យ ភាគច្រើន​អ្នក​មក​សុំ​ថ្នាំ​គឺ​ច្រើន​តែ​មាន​អាកា​រៈ​ផ្ដាសាយក្នុង​ករណី​បើ​ពិនិត្យ​ឃើញ​មាន​ជំងឺគ្រុនឈាម​រូប​លោក​និង​យក​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។ ហើយ​នៅ​ទីទួល​សុវត្ថិភាព​នេះ​គឺ​អាជ្ញាធរ​បាន​រៀបចំ​ដាក់​បង្គន់​អនាម័យ​និង​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទៀត​ផង​។

អ្នកស្រី​ជូរ គ្រី អាយុ​៤៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ​ស្រុក​ត្បូងឃ្មុំ បាន​រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា គាត់​បាន​នាំ​កូនប្រុស​ស្រី​ចំនួន​បួន​នាក់​មក​រស់នៅ​ទីទួល​សុវត្ថិភាព​ទន្លេ​បិទ​នេះ​គឺ​បាន​ចំនួន​៤​ថ្ងៃ​ហើយ​។ ដោយ​មាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេ​បិទ​បាន​ដាក់​នៅ​ប្រចាំការ​និង​សួរសុខទុក្ខ​ប្រជាជន ព្រមទាំង​បាន​ពង្រឹង​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ទៀត​ផង​។​អ្នកស្រី​រូប​នេះ​បាន​អះអាង​ថា​រាល់​ថ្ងៃជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន​បួន​នាក់​ពី​មុន​គាត់​ទិញ​ត្រី​គេ​យក​ទៅ​លក់​នៅ​ក្រុង​កំពង់ចាម ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​៣ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​គាត់​បាន​រង​គ្រោះ​បាក់ជើងម្ខាង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មក​ដល់​ពេល​នេះ​ពីរ​ខែ​ហើយ មិន​បាន​ចេញ​ទៅ​លក់​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ជួប​នូវ​ការ​លំបាក​។

យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​វិញ​បាន​ឲ្យ​ដឹង​ថា​ស្ថានភាព​ទឹកជំនន់​ដែល​បាន​កើតឡើង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ចំនួន​ពីរ​ស្រុក​គឺ​ស្រុក​ក្រូចឆ្មារ​និង​ស្រុក​ត្បូងឃ្មុំ​មាន​៧​ឃុំ ពលរដ្ឋ​រង​គ្រោះ​ផល​ប៉ះពាល់​សរុប​ប្រមាណ​៥៩៦​គ្រួសារ ក្នុង​នោះ ៥២៦​គ្រួសារ ត្រូវ​បាន​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​ ៕