កីឡាករវាយតឺន្នីសលំដាប់ទី៣ពិភពលោកសញ្ជាតិស្វ៊ីសរ៉ូជើ ហ្វេដឺរ័រកាលពីថ្ងៃចន្ទបានប្រារព្វខួបកំណើត៣០ឆ្នាំរបស់ខ្លួនតាមរបៀបសាមញ្ញ។ ថ្វីបើពេលនេះគេមានអាយុ៣០ឆ្នាំហើយក៏ដោយ តែគេនៅមិនទាន់តាំងចិត្តដើរចេញពីការប្រកួតនានានៅឡើយទេ ។ ជាមួយនឹងពានជើងឯកក្នុងអាជីពចំនួន៦៧ដែលក្នុងនោះមានពានក្របខណ្ឌធំ១៦ផងនោះ កីឡាករហ្វេដឺរ័របង្ហាញរួចជាស្រេចហើយថា រូបគេគឺជាផ្កាដែលរីកគ្រប់រដូវ ។ តើគេពិតជាផ្ការីកគ្រប់រដូវដែលឈ្នះមិនដែលចាញ់មែនទេ ?
សំណួរនេះគេនឹងឆ្លើយឱ្យបានច្បាស់នៅក្នុងការប្រកួតRogers Cup ប្រទេសកាណាដា សប្តាហ៍នេះ។ បើទោះជាស្ថិតនៅក្នុងលំដាប់ទី៣ពិភពលោកក្តី គេគឺជាគូប្រកួតម្នាក់ដែលកីឡាករជើងខ្លាំងដទៃមិនចង់ជួបនៅលើទីលានប្រកួតឡើយ។
ហ្វេដឺរ័រធ្លាប់ជាកីឡាករលំដាប់ទី១ពិភពលោក រយៈពេល២៨៥សប្តាហ៍។ ហ្វេដឺរ័របានយកឈ្នះពានជើងឯកជាលើកទី១ក្នុងអាជីពរបស់ខ្លួននៅពេលដែលគេនៅជាយុវវ័យនៅឡើយ។ ក្នុងពេលនេះមានការជជែកដេញដោលគ្នាថាតើគេបានយកឈ្នះបានប៉ុន្មាន។ ដោយឡែកចំណូលដែលរកបានក្នុងអាជីពមានសរុប៦៣លាននិង៥៦៣ពាន់២៧៨ដុល្លារអាមេរិក ។
ក្របខណ្ឌធំៗទាំង៤ក្នុងពិភពលោកគឺគ្មានមួយណាដែលហ្វេដឺរ័រមិនធ្លាប់យកឈ្នះនោះទេ ។ក្នុងនោះក្របខណ្ឌធំAustralian Openឈ្នះចំនួន៤លើក ក្របខណ្ឌធំWimbledonឈ្នះ៦លើក និងក្របខណ្ឌធំUS Open ចំនួន៥លើក។ ចំណែកក្របខណ្ឌធំ French Openហ្វេដឺរ័រធ្លាប់បានយកឈ្នះជើងឯកតែ១លើកប៉ុណ្ណោះគឺក្នុងឆ្នាំ
២០០៩ ។
ក្រៅពីយកឈ្នះពានជើងឯកក្របខណ្ឌធំៗខាងលើនេះ ហ្វេដឺរ័រ ក៏ធ្លាប់យកឈ្នះមេដាយមាសកីឡាអូឡាំពិកឆ្នាំ២០០៨ ចំនួន១លើកផងដែរ ។ និយាយពីជីវិតឯកជនវិញ កីឡាករហ្វេដឺរ័របានរៀបការនៅក្នុងឆ្នាំ២០០៩ថ្ងៃទី១១មេសានៅទីក្រុងបេសែលប្រទេសស្វ៊ីស។ នាងMirka Vavrinecដែលជាអតីតកីឡាការិនីតឺន្នីសម្នាក់ដែរនោះបានបង្កើតកូនស្រីភ្លោះឱ្យហ្វេដឺរ័រនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០០៩ ៕
ចែករំលែកព័តមាននេះ