ខេត្តព្រះវិហារ ៖ ដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ អាជ្ញាធរក្រុងព្រះវិហារ បានចុះផ្ទាល់ដីដើម្បីដឹកនាំការជួសជុល និងសាងសង់ស្ពានឈើចំនួន ២កន្លែង នៅចំណុចអូរបាក ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ សំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួលក្នុងអំឡុងពេលមានទឹកជំនន់នាដូវវស្សានេះ ។
ប្រតិបត្តិការនេះដឹកនាំដោយលោក ប៉ុក ងួន អភិបាល នៃគណៈអភិបាលក្រុងព្រះវិហារ ដោយបានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ។
សកម្មភាពឆ្លើយតបបន្ទាន់នេះ រួមមាន ៖ ទី១. ជួសជុលឡើងវិញ ស្ពានឈើប្រវែង ២០ម៉ែត្រ ត្រូវបានកែលម្អ និងពង្រឹងរចនាសម្ព័ន្ធដើមឱ្យមានភាពរឹងមាំឡើងវិញ។ ទី២. សាងសង់ថ្មី ស្ពានឈើថ្មើរជើងថ្មីសន្លាងមួយខ្សែទៀត ប្រវែង ២៥ម៉ែត្រ ត្រូវបានកសាងឡើង ដើម្បីបន្ថែមផ្លូវឆ្លងកាត់ប្រកបដោយសុវត្ថិភាព ។
សកម្មភាពនេះស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរដែនដី ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេស ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ រវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដែលបានរួមកម្លាំងកាយចិត្តយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហារួម ។
ស្ពានឈើទាំង ២កន្លែងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ សម្រួលការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សារបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្សែផ្លូវដែលតភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ផងដែរ ។
ដើម្បីឱ្យសមិទ្ធផលនេះអាចប្រកបដោយចីរភាព និងប្រើប្រាស់បានយូរអង្វែង អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចំការស្រម៉ូវ ឱ្យចូលរួមថែរក្សាស្ពានទាំងនេះដោយស្មារតីម្ចាស់ការ និងចាត់ទុកស្ពានទាំងពីរនេះជា «សម្បត្តិរួម» របស់សហគមន៍ទាំងមូល ៕








ចែករំលែកព័តមាននេះ