ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ទូ​កុងតឺន័រ​៦២ ​ដែល​យោធា​ថៃ ​ដាក់​នៅ​ភូមិ​ជោគជ័យ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ត្រួតពិនិត្យ​ការ​ដាក់​ពង្រាយ​ទូ​កុងតឺន័រ​កាន់កាប់​ដោយ​ខុសច្បាប់​របស់​យោធា​ថៃ នូវ​ទីតាំង​ចំនួន ០៥ ដែល​មាន​ទូរ​កុងតឺន័រ សរុប​ចំនួន ៦២ ស្ថិត​នៅ​ចំណុច​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន ៣៩៥១​នាក់ ស្មើនឹង​១០៤៥​គ្រួសារ (​ក្នុង​នោះ​មាន​កុមារ​ចំនួន ១១៥៥​នាក់​) មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ​បាន​នៅឡើយ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រភព​ពី​អ្នកនាំពាក្យ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង ០៨:៣២​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ត្រួតពិនិត្យ​ការ​ដាក់​ពង្រាយ​ទូ​កុងតឺន័រ​កាន់កាប់​ដោយ​ខុសច្បាប់​របស់​យោធា​ថៃ​នូវ​ទីតាំង​ចំនួន ០៥ ដែល​មាន​ទូរ​កុងតឺន័រ​សរុប​ចំនួន ៦២ ស្ថិត​នៅ​ចំណុច​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន ៣៩៥១​នាក់ ស្មើនឹង ១០៤៥​គ្រួសារ (​ក្នុង​នោះ​មាន​កុមារ​ចំនួន ១១៥៥​នាក់​) មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ​បាន​នៅឡើយ ។

ការ​ចុះ​សង្កេតការណ៍​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន នៅ​ទីតាំង​ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ត្រូវ​បាន​យោធា​ថៃ​កាន់កាប់​ដោយ​ខុសច្បាប់​ខាងលើ​នេះ​បាន​គូសបញ្ជាក់ និង​សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់​ជា​ដាច់ខាត​ក្នុង​ការ​ចាប់ផ្តើម​កិច្ចការ​វាស់វែង​ខណ្ឌសីមា​ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទី​បួន​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​យើង​អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដោយ​មិន​មានការ​រារាំង ព្រមទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស​។

កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ៕