សូមកុំចង់ឱបបំណុល ព្រោះភាពហ៊ឺហារ! ប្រយ័ត្នលង់ខ្លួន
- ភ្នំពេញ
នៅពេលនេះ រថយន្ត ម៉ូតូ សំភារៈប្រើប្រាស់នានាទាំងថ្មី និងចាស់ សុទ្ធតែមានកម្មវិធីបញ្ចុះតម្លៃសាហាវ ប៉ុន្តែសូមកុំលង់នឹងការឃោសនា ។ ប្រយ័ត្នលង់នឹងបំណុលនាំឲ្យយើងវ័ណ្ឌករដោះមិនចេញខូចខាតសេដ្ឋកិច្ចគ្រួសារ ។ បំណុលលើរបស់ទាំងនេះ ប្រសិនបើអត់ធ្មត់បានគួរតែអត់ធ្មត់ ហើយកុំត្រេកត្រអាលនឹងការឃោសនា និងអូសទាញតាមយុទ្ធសាស្ត្រទីផ្សាររបស់គេ។ តែយើងលង់ ហើយមិនមានលទ្ធភាពនោះ យើងនឹងខាតប្រយោជន៍ ។
នៅពេលនេះ អ្នកលក់យានជំនិះ បើយើងមើលយុទ្ធសាស្ត្រទីផ្សារគេនៅលើបណ្តាញសង្គមគឺឃើញងាយ រហូតដល់មានក្រុម ហ៊ុន និង ម្ចាស់អាជីវកម្មខ្លះប្រកាសក្តែងៗថា ទោះជាមានប្រវត្តិបរាជ័យនៅក្នុងការសងបំណុលស្ថាប័នហិរញ្ញវត្ថុនានាកន្លងមកក៏នៅតែអាចទទួលបានរបស់ឫយានជំនិះទៅប្រើប្រាស់បានដែរ ប៉ុន្តែនៅពេលអ្នកព្រមយកនោះ អ្នកនឹងដឹងខ្លួន។
សូមកុំប្រថុយប្រថាន របស់ទាំងនេះវាចាស់តាមអាយុ តាមឆ្នាំ ហើយអាយុកាលប្រើប្រាស់វាក៏មានកំណត់ដែរ។ ប្រសិនបើយើងមានលទ្ធភាព ក៏អាចបានដែរ ប៉ុន្តែក៏ត្រូវថ្លឹងថ្លែងសមត្ថភាពរកចំណូល និង ការចំណាយរបស់យើងនិងគ្រួសារយើងឲ្យច្បាស់ លាស់ ។
សព្វថ្ងៃនេះក្រៅពីរថយន្តថ្មីបកកេសដែលមានកម្មវិធីបញ្ចុះតម្លៃហើយ រថយន្តដែលគេប្រើប្រាស់ហើយតម្លៃកាន់តែថោកទៀត។ រថយន្តជាច្រើនកំពុងមានបញ្ហា ពីព្រោះម្ចាស់ជាប់បំណុល ក្រោយពេលដែលបុលគេទិញហើយជួលឲ្យបរទេស។ ខណៈពេលដែលស្កែមអនឡាញច្រើនសំបូរភ្ញៀវ ប៉ុន្តែនៅពេលដែលពួកស្កែមចាកចេញម្នាក់ៗរកតែលុយបង់រំលោះថ្លៃរថយន្តនៅធនាគារក៏មិនបាន រហូតមានអ្នកខ្លះត្រូវគេកាត់ឡានយកវិញ ទើបម្ចាស់ថ្មីប្រកាសលក់យកលុយលាងបំណុល។
ធនាគារជាតិនៃកម្ពុជាបានអះអាងថា ស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសបានកត់ត្រានូវ ទំហំបំណុលដែលមិនទាន់សងបានកើនឡើងដល់ ៦៤,២ ពាន់លានដុល្លារនៅឆមាសទី១នៃឆ្នាំ២០២៦ កើនឡើងប្រមាណជា ៤,៦ ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំមុន។
ទន្ទឹមនឹងនោះ ក៏មានសេចក្តីរាយការណ៍ថា គុណភាពទ្រព្យសកម្មចុះខ្សោយ ដោយសមាមាត្រនៃបំណុលដែលខូចឫមានបញ្ហារបស់ប្រព័ន្ធធនាគារបានកើនឡើងដល់ ៩,៦ ភាគរយ ខណៈដែលកាលពីរយៈពេលដដែលនៅឆ្នាំ២០២៥ គឺត្រឹម ៨,៤ ភាគរយ។ ក្រៅពីនោះ ពលរដ្ឋដែលមានប្រាក់ទៅដាក់ជាប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ៤,៤ ភាគរយដល់ ៦៤,៤ ពាន់លានដុល្លារ។
ជាការពិតនៅក្នុងចំណោមអ្នកជាប់បំណុលទាំងនេះ ប្រភពខាងលើមិនបានបែងចែកលម្អិតនៃប្រភេទអ្នកដែលជំពាក់នោះទេ។ ប៉ុន្តែយើងជឿជាក់ថា នៅក្នុងចំណោមកូនបំណុលតាំងនោះ មានអ្នកខ្លះបានកំពុងតែយកបំណុលទាំងនេះទៅទិញលំនៅស្ថាន ខ្លះទៅរកស៊ី ខ្លះទៅវិនិយោគ ហើយប្រាកដជាមានអ្នកដែលពាក់ព័ន្ធនឹងបំណុលដែលកំពុងតែវណ្ឌករ ដោយសារតែភាពហ៊ឺហារ ទាន់សម័យមិនតិចនាក់ឡើយ ។
សម្រាប់អ្នកយកបំណុលនោះទៅរកស៊ី វាគឺជាការវិនិយោគ វាមិនអីនោះទេ ហើយអ្នកដែលជាប់បំណុលទិញលំនៅស្ថានឫដីធ្លីក៏មិនគួរឲ្យស្តីបន្ទោសដែរ ពីព្រោះយើងវេទនានៅក្នុងការសង តែយើងបានទ្រព្យ ហើយទ្រព្យនោះតម្លៃវាមិនផុងឫដាំក្បាលចុះ
រហូតឡើយ ។ ប៉ុន្តែអ្នកដែលគួរតែរិះគិត គឺលង់ខ្លួននឹងបំណុលជាសំភារៈដែលចាស់និងអស់តម្លៃឫត្រូវគេរំលោះតម្លៃប្រចាំឆ្នាំ ហើយនៅក្នុងករណីយើងអត់យកវាជាប្រយោជន៍។យើងនឹងលង់ខ្លួននឹងបំណុលមិនខាន ។
សរុបទៅសូមកុំចង់ឱបបំណុល ព្រោះតែភាពហ៊ឺហារ ។ នៅក្នុងស្ថានភាពបច្ចុប្បន្ន បើអត់ធ្មត់បានគួរតែអត់ធ្មត់ ។ នៅក្នុងស្ថានភាពដែលការប្រើប្រាស់ និងទីផ្សារកំពុងមានការប្រកួតប្រជែងខ្លាំង ការបញ្ចុះតម្លៃអាចមើលទៅគួរឱ្យទាក់ទាញ។ ប៉ុន្តែអ្វីដែលអ្នកប្រើប្រាស់គួរតែសួរខ្លួនឯងមុនពេលចុះហត្ថលេខាលើកិច្ចសន្យាខ្ចីប្រាក់ ឬទិញរំលោះ គឺ៖ តើយើងត្រូវការវាពិតប្រាកដឬទេ? ហើយតើយើងមានសមត្ថភាពបង់វារហូតដល់ចប់ឬទេ? ការទិញរបស់មួយក្នុងតម្លៃថោក មិនមានន័យថា យើងកំពុងសន្សំប្រាក់ទេ ប្រសិនបើរបស់នោះមិនចាំបាច់ ហើយការទិញដោយបំណុលអាចក្លាយជាបន្ទុករយៈពេលជាច្រើនឆ្នាំ។ ជាពិសេស រថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទ គឺជាទ្រព្យសម្បត្តិដែលមានការធ្លាក់ថ្លៃតាមពេលវេលា ខណៈការប្រាក់ និងកាតព្វកិច្ចសងបំណុលនៅតែបន្ត។
ដូច្នេះ ក្នុងពេលដែលសេដ្ឋកិច្ចគ្រួសារមិនទាន់មានភាពប្រាកដប្រជា ការអត់ធ្មត់មិនមែនជាការថយក្រោយទេ ប៉ុន្តែជាការការពារខ្លួនពីហានិភ័យហិរញ្ញវត្ថុ។ ប្រសិនបើមិនចាំបាច់ អាចពន្យារពេលបាន គួរពន្យារពេល។ ប្រសិនបើត្រូវការពិតប្រាកដ គួរគណនាឱ្យច្បាស់ពីចំណូល ចំណាយ បំណុលដែលមានស្រាប់ ការប្រាក់ និងសមត្ថភាពសងប្រចាំខែ មុននឹងសម្រេចចិត្ត។ សូមកុំឱ្យពាក្យថា «បញ្ចុះតម្លៃ» និង ភាពហ៊ឺហារ ក្លាយជាអន្ទាក់ដែលនាំឱ្យគ្រួសារនិងខ្លួនយើងចូលទៅក្នុងបំណុលកាន់តែជ្រៅ។ របស់ដែលយើងមិនមានលទ្ធភាពទិញដោយសុវត្ថិភាព ទោះបញ្ចុះតម្លៃប៉ុន្មានក៏ដោយ វានៅតែថ្លៃសម្រាប់យើង។
ចែករំលែកព័តមាននេះ