រាជធានភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ សីហា២០២៦នេះថា ៖ «រឿងមិនគួរឱ្យកើត! ខ្ញុំឃើញបណ្ដាញសង្គមបង្ហោះនៅរសៀលនេះភ្លាម ខ្ញុំបានចាត់ទៅសមត្ថកិច្ចចុះដល់កន្លែងសណ្ឋាគារ Paatio នៅខណ្ឌបឹងកេងកងនោះ ដើម្បីស្រាវជ្រាវ» ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ៖ «តាមពិត ភ្ញៀវម្នាក់ជាស្ត្រីនោះ គាត់ជាជនជាតិអៀកឡង់ ឈ្មោះ Thomson Annabella អាយុ៥៥ឆ្នាំ គឺគាត់ស្នាក់នៅក្នុងសណ្ឋាគារខាងលើនោះ ក្នុងស្ថានភាពស្រវឹងដោយរងចាំជណ្ដើរយន្តយូរពេក ក៏ងាកទៅនិយាយជាមួយក្រុមអ្នកសម្អាង ជាភាសាថៃ និងអង់គ្លេស ។ ពេលនោះបានប៉ះសម្ដីគ្នា ក្រុមអ្នកសម្អាងស្មានតែស្ត្រីនោះជាថៃ ក៏ថតបង្ហោះដូចខាងលើនេះ ។ សូមមហាជន មេត្តាឈប់បន្តពីមួយទៅមួយទៀតទៅបានទេ បាទ» ។
សូមជម្រាបថា មានការចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គម នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ករណីស្ត្រីម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានចូលមកបង្កភាពចម្រូងចម្រាស ចំពេលអ្នកសម្អាងការខ្មែរ ថតម៉ូត នៅសណ្ឋាគារមួយ ស្ថិតនៅតំបន់ខាងក្រោយវត្តលង្កា ក្នុងរាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងហេតុការណ៍នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យកម្លាំងជំនាញចុះពិនិត្យ និងហៅស្ត្រីរូបនេះមកសួរនាំ ដើម្បីស្វែងរកការពិត និងបំភ្លឺពីមូលហេតុ ដែលបណ្តាលឱ្យកើតមានភាពចម្រូងចម្រាសនៅទីតាំងខាងលើ ។
ការសួរនាំនេះ គឺដើម្បីប្រមូលព័ត៌មាន និងស្តាប់ការបំភ្លឺពីភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យថា តើមានការប្រព្រឹត្តអំពើណាមួយ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬបំពានច្បាប់ដែរ ឬទេ ? ប៉ុន្តែការពិតគឺជារឿងយល់ច្រឡំតែប៉ុណ្ណោះ ៕




ចែករំលែកព័តមាននេះ