ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​​ចង់​ជួប​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ឆាប់​ៗ​​ ខណៈ​ដែល​ទី​ក្រុង​ព្យុង​យ៉ាង​ហាក់​មិន​ប្រញាប់​ប្រញាល់​ពេក​ទេ

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​មាន​ប្រសាសន៍​ថា​លោក​ចង់​ជួប​មុខ​លោក​គីមជុង​អ៊ុន​នៅ​ចុង​ឆ្នាំ​នេះ​។ ប៉ុន្តែ​បំណង​ប្រាថ្នា​របស់​គាត់​តែង​តែ​ទទួល​បាន​ការ​ធ្វើ​ព្រងើយ​កន្តើយ​ម្ដង​ហើយ​ម្ដង​ទៀត​ពី សំណាក់​ទី​ក្រុង​ព្យុង​យ៉ាង​។ ព្យុង​យ៉ាង​ថាអាច​​​ធ្វើ​បែប​នេះ​បាន​លុះ​ត្រា​តែ​មាន​លក្ខ​ខណ្ឌ​ដ៏​តឹង​រ៉ឹង​មួយ​ចំនួន​។ ដូច្នេះ បើ​ទុក​ជា​លោក​ទាំង​២​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជា​មួយ​គ្នា​យ៉ាង​ណា​ក្ដី​ ក៏​មិន​មែន​ចេះ​តែ​ជួប​គ្នា​បាន​ដោយ​ងាយ​ស្រួល​នោះ​ឡើយ​។ ​កាល​ពី​ដើម​សប្ដាហ៍​នេះ លោក​ត្រាំ​នៅ​សុខ​ៗ​ស្រាប់​តែ​សម្រេច​ចិត្ត​កាត់​បន្ថយ​​​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​។ លោក​ថា​សមយុទ្ធ​​នេះ​មិន​បាន​ចំណេញ​អ្វី​ទេ​ក្រៅ​ពី​បង្ក​អរិភាព​ជា​មួយ​កូរ៉េ​ខាង​ជើង​។ កាល​ពី​ថ្ងៃ​ពុធ​​ លោក​ប្រកាស​ចង់​ជួប​គ្នា​ជា​មួយ​លោក​គីម​ជុង​អ៊ុន​។ លោក​ត្រាំ​កំពុង​អន្ទះ​សា​ចង់​ចាប់​ផ្ដើម​ការ​ចរ​ចា​នុយ​ក្លេអ៊ែរ​សា​ជាថ្មី​ជា​មួយ​កូរ៉េ​ខាង​ជើង​​ដើម្បី​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ពី​សហ​គមន៍​អន្តរ​ជាតិ​។ នេះ​បើ​យោង​តាម​ប្រភព​ម្នាក់​ដែល​ដឹង​អំពី​ការ​ពិភាក្សា​គ្នា​សង្ខេប​រវាងមន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​។

មិន​មាន​សញ្ញា​ណា​មួយ​ថា​សង្គ្រាម​អ៊ីរ៉ង់​​ដែល​អូស​បន្លាយ​ពេល​ជិត​កន្លះ​ឆ្នាំ​ទៅ​ហើយ​នោះ​​​អាច​នឹង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ​។ លោក​ត្រាំ​នៅ​តែ​ចង់​បោះ​ដៃ​ទៅ​រក​កូរ៉េ​ខាង​ជើង​ជា​និច្ច​ទោះ​បី​ដឹង​ថា​រដ្ឋាភិបាល​ប្រទេស​នេះ​បន្ត​ជួយ​ជ្រោម​ជ្រែង​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ដោយ​ផ្ដល់​ជា​កង​ទ័ព គ្រាប់​រំសេវ និង​គ្រឿង​បរិក្ខារ​ដទៃទៀត​យ៉ាង​ណា​ក្ដី​។ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បច្ចុប្បន្ន​នេះ​ហាក់​ដូច​ជា​យល់​ស្រប​តាម​យុទ្ធ​សាស្ត្រ​របស់​លោក​ត្រាំ​។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៅ​ទី​ក្រុង​សេអ៊ូល​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​នៅ​ឡើយ​ទេ​ដែល​លោ​ក​ត្រាំ​កាត់​បន្ថយ​សមយុទ្ធ​យោធា​។ លោក​ត្រាំ​អាច​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​នៅ​ទី​ក្រុង​ស៊ឹន​ចិន​នា​ចុង​ឆ្នាំ​នេះ​។ បើ​ដូច្នេះ​មែន​ វា​ជា​ការ​បង្កើត​ឱកាស​ជួប​គ្នា​​នៃ​មេ​ដឹក​នាំ​នៅ​ក្នុង​តំបន់​ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ទទួល​យក​ការ​បោះ​ដៃ​របស់​លោក​ត្រាំ​ដើម្បី​ជួប​គ្នា​ជា​ថ្មី​។ នេះបើ​យោង​តាម​ប្រភព​ខាង​លើ​។  អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បញ្ជាក់​ថា​រដ្ឋា​ភិ​បាល​របស់​ខ្លួន​នៅ​តែ​បើ​ក​ចំហ​ជា​និច្ច​​សម្រាប់​ការ​សន្ទនា​គ្នា​ជា​មួយ​កូរ៉េ​ខាង​ជើង​ដោយ​មិន​​កំណត់​បុរេ​លក្ខ​ខណ្ឌ។​

សេត​វិមាន​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ ចំណែក​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ក៏​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែរ​។ ដោយ​ឡែក ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​សូម​ឱ្យ​ពិនិត្យ​មើល​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​មុន​នេះ​ដែល​សង្ឃឹម​ថា​ពាក្យ​សម្ដី​របស់​ត្រាំ​អាច​នឹង​នាំ​ទៅ​ដល់​ការ​សន្ទនា​គ្នា​​ជា​សាច់​ការ​ជា​មួយ​ទី​ក្រុង​ព្យុង​យ៉ាង​។ លោក​លីម​អ៊ូល​ឈូល​ជា​គ្រូ​បង្រៀន​នៅវិទ្យា​ស្ថាន​សិក្សា​អំពីអាស៊ី​បូព៌ា​នៃ​សាកល​វិទ្យា​ល័យ​​​គ្យុង​​ណាម​។ លោក​ថ្លែង​ថា​ចម្លើយ​តប​ពីកូរ៉េ​ខាង​ជើង​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ឯ​ជើង​មេឃ​។ ទន្ទឹម​នឹង​នោះ ពួកគេ​កោត​សរ​សើរ​​ថា​ទំនាក់​ទំនង​ឯក​ជន​រវាង​លោក​គីម និង​លោក​ត្រាំ​​មាន​លក្ខណៈ​ល្អ​ប្រសើរ​។ មាន​ន័យ​ថា​ពួកគេ​បែង​ចែក​ដាច់​ពី​គ្នា​រវាង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ និង​ការ​ចូល​រួម​ពិភាក្សា​គ្នា​ថ្នាក់​ជាតិ​។ ​លោក​លីម​យល់​ថា​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ទំនង​ជា​មិន​អាច​យក​ទៅឡូក​ឡំ​ជា​មួយ​ផល​ប្រយោជន៍​ជាតិ​ ឬ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីពង្រឹង​សមត្ថ​ភាព​ការ​ពារ​ជាតិ​នោះ​ឡើយ​។ និយាយ​មួយ​បែប​ទៀត​ថា​ទី​ក្រុង​ព្យុង​យ៉ាង​ចាត់​ទុក​នយោបាយ​ការ​ទូត​ដែល​​​ប្រើ​ប្រាស់​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជា​បង្អែក ​វា​មាន​កម្រិត​កំណត់​របស់​វា​ ហើយ​មិន​អាច​លប់​លើ​នយោបាយ​​ជា​អាទិភាព​របស់​ជាតិ​​ជា​ដាច់​ខាត​។

លោក​ស្រី​គីម​យូជុង​ដែល​ជា​ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុន​ធ្លាប់​​រិះ​គន់​ខ្លាំងៗ​​​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដែល​មាន​ឈ្មោះ​ថា​ខែល​ការ​ពារ​សេរីភាព​អ៊ូល​ឈី​។ លោក​ស្រី​​សមយុទ្ធ​នេះ​បង្ហាញ​អំពី​ចរិត​ឈ្លាន​ពាន​។ ម៉្យាង​ទៀត​​ អាមេរិក​នៅ​តែ​ប្រកាន់​នយោបាយ​យក​គ្នា​ជា​សត្រូវ​ចំពោះ​កូរ៉េ​ខាង​ជើង​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ដប់​គ្រាប់​ចេញ​ពី​សមុទ្រ​ខាង​កើត​ ហើយ​ត្រូវ​អ្នក​វិភាគ​ចាត់​ទុក​ថា​ជា​ការ​ប្រឆាំង​ជំទាស់​នឹង​សមយុទ្ធ​យោធា​​។ ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​​ស្រី​គីម​យូ​ជុង​មក​ផ្សាយ​ថា​​បើ​អាមេរិក​ចង់​បង្ហាញ​ឥរិយាបថ​ល្អ​រក​គ្នា​ ពួក​គេ​​នឹង​មិន​ទទួល​បាន​ចម្លើយ​តប (ពី​កូរ៉េ​ខាង​ជើង) ដូច​ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន​នោះ​ទេ​។ កូរ៉េ​ខាង​ជើង​បាន​ដាក់​លក្ខ​ខណ្ឌ​ច្បាស់​ៗ​​ទៅ​អាមេរិក​ប្រសិន​បើ​ចង់​ជួប​គ្នា​។ ក្នុង​នោះ​ មាន​ដូច​ជា​អាមេរិក​ត្រូវ​កែ​សម្រួល​គោល​នយោបាយ​អរិ​ភាព​របស់​ខ្លួន​ចំពោះ​កូរ៉េ​ខាង​ជើង​, អាមេរិក​ត្រូវ​ទទួលស្គាល់​ថា​កូរ៉េ​ខាង​ជើង​​បាន​ក្លាយ​ជា​រដ្ឋ​នុយ​ក្លេអ៊ែរ​ ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​ប្រកាស​ថា​អាមេរិក​លែងចង់​កាត់​រំសាយ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។

លោក​ហុង​មីន​ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យា​ស្ថាន​កូរ៉េ​ដើម្បី​ការ​បង្រួប​បង្រួម​ជាតិ​។ លោក​យល់​ថា​កូរ៉េ​ខាង​ជើង​ក៏​ហាក់​ដូច​ជា​ចង់​បោះ​ដៃ​ទៅ​រក​អាមេរិក​ដើម្បី​សន្ទនា​គ្នា​ដែរ​​ដោយ​យោង​តាម​ពាក្យ​សម្ដី​របស់​លោក​ស្រី​គីម​យូជុង​។ គោល​ដៅ​ស្នូល​ទំនង​ជា​ចង់​ជំរុញ​​ឱ្យ​អាមេរិក​បង្ហាញ​ជំហរ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់​ជាង​នេះ​។ លោក​កត់​សម្គាល់​ថា​ទី​ក្រុង​ព្យុង​យ៉ាង​មិន​ចង់​និយាយ​អំពី​ឈ្មោះប្រទេស​អ៊ីរ៉ង់​ទេ​ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ល្អក់​កករ​នឹង​គ្នា​ជា​មួយ​លោក​ត្រាំ។ សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ស្រី​គីម​យូ​ជុង​​ទំនង​ជា​មិន​ច្រាន​ចោល​ទាំង​ស្រុង​ទេ​នូវ​លទ្ធ​ភាព​នៃ​ការ​សន្ទនា​គ្នា​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​ក៏​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ប្រទេស​ជប៉ុន​ផង​ដែរ​ដែល​កំពុង​ខិត​ខំ​កសាង​កម្លាំង​យោធា​របស់​ខ្លួន​ឡើង​វិញ​ និង​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​។ ជប៉ុន​ក្លាយ​ជា​ចំណុច​ដែល​គួរ​ឱ្យ​រង្គាស​ចិត្ត​សម្រាប់​កូរ៉េ​ខាង​ជើង​។ លោក​ហុង​មីន​យល់​ថា​ទី​ក្រុង​ព្យុងយ៉ាង​ហាក់​ដូច​ជា​បង្ហាញ​សេណារីយោ​ចង់​ជួប​គ្នា​ត​តួ​តែ​២​នាក់​រវាង​វ៉ាស៊ីនតោន និង​ព្យុង​យ៉ាង​ដោយ​ផាត់​ចោល​កូរ៉េ​ខាង​ត្បូង ហើយ​​ចាត់​ទុក​ជប៉ុន​ជា​គូ​បដិបក្ស​យោធា​៕​ ប្រភព៖ Reuters​