សូមប្រុងប្រយ័ត្នបងប្អូន! កម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេល៣ថ្ងៃ ទៅ៤ថ្ងៃខាងមុខនេះ មានការហក់ឡើងខ្លាំង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេលពី៣ថ្ងៃ ទៅ៤ថ្ងៃ ខាងមុខនេះ មានការហក់ឡើងខ្លាំង ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ដោយសារស្ថានភាពអាកាសធាតុបាននិងកំពុងមានការប្រែប្រួលដែលកើតឡើង ដោយសារឥទ្ធិពលរបស់ព្យុះទី១៨ ឈ្មោះ សូដេល (Saudel) និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បណ្តាលឱ្យតំបន់ ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេស
កម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ ។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យស្ថានភាពកម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេលពី៣ថ្ងៃ ទៅ៤ថ្ងៃ ខាងមុខនេះ មានការហក់ឡើងខ្លាំង ដូចជាឈ្មោះស្ថានីយទន្លេ
មេគង្គ-ស្ទឹងត្រែង កម្រិតកម្ពស់ទឹកហក់ឡើង ១១,១៨ម៉ែត្រ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ ។ ស្ថានីយ៍ទន្លេមេគង្គ-ក្រចេះ កម្រិតកម្ពស់ទឹកហក់ឡើង២២,៦០ម៉ែត្រកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ
និងស្ថានីយ៍ទន្លេមេគង្គ-កំពង់ចា មកម្រិតកម្ពស់ទឹកហក់ឡើង១៤,៧០ម៉ែត្រ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ ។
ក្រសួងបានលើកឡើងថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដីស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ជាពិសេស ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម សូមមានការប្រុងប្រយ័ត្នខ្ពស់ ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពកម្ពស់ទឹក ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល ។

ចែករំលែកព័តមាននេះ