ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​ចិន កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១១​ខែ គិត​ត្រឹម​ខែកក្កដា

1 នាទី មុន

ទីក្រុង​ប៉េ​កាំ​ង ៖ អត្រា​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន នៅ​តាម​ទីប្រជុំជន​របស់​ប្រទេស​ចិន បាន​កើនឡើង​ដល់ ១៧,៩% ក្នុង​ខែកក្កដា ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២៥ មក និង​បាន​កើនឡើង​ពី​អត្រា ១៤,៩% កាលពី​ខែមិថុនា​កន្លង​ទៅ​។ នេះ​បើ​តាម​ប្រភព​ពី Reuters និង China Press​។

យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិចិន កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ចំណោម​យុវជន ដែល​មាន​អាយុ​ចាប់ពី ១៦ ដល់ ២៤ ឆ្នាំ (​មិន​រាប់​បញ្ចូល​សិស្ស​-​និស្សិត​) បាន​កើនឡើង​ដល់ ១៧,៩% ពោល​ជា​ការ​កើនឡើង ៣% ធៀប​នឹង​ខែ​មុន​។

ចំណែក​អត្រា​អ្នក​អត់​ការងារ​ធ្វើ​សម្រាប់​ក្រុម​អាយុ ២៥ ដល់ ២៩ ឆ្នាំ បាន​កើនឡើង​ដល់ ៧,២% ពោល​ជា​ការ​កើនឡើង ០,១% ធៀប​នឹង​ខែ​មុន ដោយ​បាន​ត្រឡប់​ទៅ​រក​កម្រិត​កាលពី​ខែឧសភា​វិញ ខណៈ​ពេល​ដែល​អត្រា​អ្នក​អត់​ការងារ​ធ្វើ​សម្រាប់​ក្រុម​អាយុ ៣០ ដល់ ៥៩ ឆ្នាំ បាន​ធ្លាក់​ចុះ​មក​ត្រឹម ៣,៩% ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុងឆ្នាំនេះ​។

នៅ​ក្នុង​ខែកក្កដា គឺជា​រដូវ​កាល​ដ៏​មមាញឹក​បំផុត​សម្រាប់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ការងារ​។ កាលពី​ខែកក្កដា ឆ្នាំ​មុន អត្រា​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​ចិន​មាន​ចំនួន ១៧,៨% ហើយ​បាន​បន្ត​កើនឡើង​ដល់ ១៨,៩% នៅ​ក្នុង​ខែសីហា ដែល​ជា​ចំណុច​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មកនេះ មុន​ពេល​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​។

ចំនួន​និស្សិត​បញ្ចប់​ការ​សិក្សា​មក​ពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ទូទៅ​នៅ​ទូ​ទាំង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២៦ ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ដល់ ១២,៧ លាន​នាក់ ពោល​ជា​ការ​កើនឡើង​ប្រមាណ ៤៨ ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០២៥​។ កត្តា​នេះ រួម​ផ្សំ​ជាមួយនឹង​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ​ពី​ឆ្នាំ​មុន​ៗ និស្សិត​វិល​ត្រឡប់​មក​ពី​បរទេស និង​អ្នក​ដែល​ប្រឡង​ធ្លាក់​ចូល​រៀន​ថ្នាក់ក្រោយឧត្តម​សិក្សា ឬ​ប្រឡង​ធ្លាក់​មន្ត្រីរាជការ ដែល​នេះ​នឹង​បង្កើត​ជា​សម្ពាធ​យ៉ាង​ខ្លាំង អំឡុង​រដូវ​កាល​ស្វែងរក​ការងារ​ធ្វើ​នា​រដូវក្តៅ​នៅ​ក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី ២ ពិភពលោក​មួយ​នេះ​៕