កម្របានឃើញ! ការតាំងពិព័រណ៌ឈុតសម្លៀកបំពាក់ព្រះមហាក្សត្រ និងអគ្គមហេសី៥សម័យកាល
- សៀមរាប
ខេត្តសៀមរាប ៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំតាំងពិព័រណ៌នូវសម្លៀក បំពាក់ឈុតស្តេចគ្រងរាជ្យ និងអគ្គមហេសី៥សម័យកាល ក្នុងបំណងដើម្បីឱ្យសាធារណ ជនបានឃើញ និងសិក្សាស្វែងយល់ ។

លោក សែន គឹមស៊ុន អ្នកគ្រប់គ្រងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានបញ្ជាក់ថា ឈុតទាំង៥សម័យកាលខាងលើរួមមាន៖ សម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុម្មុខ និងសម័យលង្វែក ហើយក៏មានឈុតអាពាហ៍ពិពាហ៍ ព្រះថោងនាងនាគ ផងដែរ ។
លោកពន្យល់ថា ឈុតសម្លៀកបំពាក់ទាំងនេះច្នៃឡើងដោយយោងលើរូបចម្លាក់នៅតាមប្រាសាទ និងសារមន្ទីរក្នុង និងក្រៅប្រទេស ដោយឆ្លងការសិក្សាល្អិតល្អន់ និងប្រើពេលវេលាយូរ ។ ហើយគោលបំណងនៃការរៀបចំនេះ គឺក្នុងគោលដៅបង្ហាញសាធារណជនបានឃើញដោយផ្ទាល់នូវសម្លៀកបំពាក់ទាំងឡាយនោះ ដែលកន្លងមក មានតែនៅលើរូបបដិមាតែប៉ុណ្ណោះ ។

យ៉ាងណា មន្ត្រីអាជ្ញាធរជាតិអប្សរារូបនេះពន្យល់ថា ការរៀបចំដំឡើងអាចមានការខុសតិចតួច ដ្បិតថា ការចម្លងពីរូបបដិមាមិនបានដូចទាំងស្រុងឡើយ ព្រោះវាអាស្រ័យលើរូបភាព និងសម្ភារដំឡើង ។
នេះជាគម្រោងពិព័រណ៍មិនអចិន្ត្រៃយ៍ដែលមានរយៈពេល៣ខែ រៀបចំឡើងដោយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ចុងខែ វិច្ឆិកា ឆ្នាំ២០២៦។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនា និងសិក្សាស្វែងយល់ពីសម្លៀកបំពាក់ទាំងនេះបាន ដ្បិតថា នេះជាគម្រោងដំបូងគេ ដែលខាងសារមន្ទីររៀបចំឡើង ដែលផ្តោតលើឈុតព្រះមហាក្សត្រគ្រងរាជ្យសម្បតិ្ត និងអគ្គមហេសីទាំង៥សម័យកាល ។

អ្នកគ្រូ សំ សាវ៉ាត គ្រូបង្រៀននៅសាលាបឋមសិក្សាព្រះឥន្ទកោសី ដែលដឹកនាំកូនសិស្ស៣៧នាក់ មកទស្សនាពិព័រណ៌ខាងលើ បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះសម្លៀកបំពាក់ទាំងនេះ ។ អ្នកគ្រូគូសបញ្ជាក់ថា នេះជាលើកទី១ហើយដែលបានស្គាល់សារមន្ទីរ ពិសេសនោះ គឺបានឃើញផ្ទាល់នូវសម្លៀកបំពាក់ដែលព្រះមហាក្សត្រគ្រងរាជ្យ និងអគ្គមហេសី ។ ក្នុងនាម អ្នកស្រឡាញ់វប្បធម៌ និងប្រពៃណីដូនតាខ្មែរ គ្រូបង្រៀនរូបនេះមានអារម្មណ៍រីករាយក្រៃលែង និងអំពាវនាវឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរ ពេលមកលេងសៀមរាប កុំភ្លេចចូលទស្សនាសារមន្ទីរ ក៏ដូចជាសាលពិព័រណ៍សម្លៀកបំពាក់ដ៏កម្រមួយនេះ ។
សូមជម្រាបថា កន្លងមក សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ធ្លាប់បានរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍មួយចំនួនរួចមកហើយ ទាក់ទងនឹងសម្លៀកបំពាក់នេះ ដូចជាសម្លៀកបំពាក់ អាវ សំពត់ សូត្របុរាណខ្មែរ ដែលជាសមុច្ច័យទទួលបានពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលពួកគេរក្សាទុកតាំងពី សម័យនមុនសង្គ្រាម។ល។
















ចែករំលែកព័តមាននេះ