ទីក្រុងសេអ៊ូល៖ ថ្ងៃនេះ កូរ៉េខាងត្បូង និងអាមេរិកកំពុងធ្វើសមយុទ្ធយោធារួមគ្នាសុខៗស្រាប់តែបញ្ឈប់សកម្មភាពនេះទាំងពាក់កណ្ដាលទីនៅពេលមិនទាន់ចប់សព្វគ្រប់នៅឡើយផង។ គេកត់សម្គាល់ថាការបញ្ឈប់សមយុទ្ធនេះកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលដប់គ្រាប់ចេញពីសមុទ្រខាងកើតកាលពីម្សិលមិញ។ ការបាញ់មីស៊ីលនេះត្រូវគេមើលឃើញថាជាការបញ្ចេញប្រតិកម្មតបទៅសមយុទ្ធយោធា។ បើទុកជាធ្វើសមយុទ្ធយោធាជាបន្តទៀតក៏គ្មានបានប្រយោជន៍អ្វីដែរ សូម្បីតែលោកត្រាំក៏បញ្ជាឱ្យកាត់បន្ថយសមយុទ្ធនេះដែរ។ ដូច្នេះ សមយុទ្ធនេះក៏ត្រូវបិទបញ្ចប់មុនកាលកំណត់៦ថ្ងៃ។ នេះក៏ជាការស្អំចិត្តកូរ៉េខាងជើងផងដែរព្រោះព្យុងយ៉ាងតែងតែរិះគន់សមយុទ្ធយោធានេះជានិច្ចដោយចាត់ទុកថាវាជាការត្រៀមខ្លួនវាយប្រហារចូលកូរ៉េខាងជើង។ ទោះជាយ៉ាងណាក្ដី ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់សម្រាប់ឱ្យរបបក្រុងព្យុងយ៉ាងយល់ព្រមចូលតុចរចាសាជាថ្មីនៅឡើយទេ។

លោកដូណាល់ត្រាំកាលពីមុននេះបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធាដែលចាប់ផ្ដើមកាលពីថ្ងៃចន្ទ ហើយបញ្ចប់ទៅវិញទាំងសោះកក្រោះនៅថ្ងៃនេះ។ លោកត្រាំបានលើកហេតុផល២យ៉ាង ទី១-លោកមានទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើង និងទី២-កូរ៉េខាងត្បូងមិនព្រមសហការជាមួយអាមេរិកនៅក្នុងសង្គ្រាមអ៊ីរ៉ង់។ ប្អូនស្រីរបស់លោកគីមជុងអ៊ុនបានច្រានចោលបំណងប្រាថ្នារបស់លោកត្រាំដែលចង់ជួបបងប្រុសរបស់លោកស្រី។ លោកស្រីថាសមយុទ្ធយោធានេះមិនអាចផ្លាស់ប្ដូរចរិតបង្កហេតុ និងឈ្លានពានដោយគ្រាន់តែកាត់បន្ថយទំហំ និងរយៈពេលនោះទេ។ ថ្លែងបានតែមួយថ្ងៃ កូរ៉េខាងជើងបាញ់មីស៊ីលដប់គ្រាប់ដើម្បីបញ្ចេញប្រតិកម្មតបទៅសមយុទ្ធយោធា។ បញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិចថ្លែងថាការបាញ់មីស៊ីលនោះមិនបានបង្កការគំរាមកំហែងភ្លាមៗទៅលើតំបន់គ្រប់គ្រងរបស់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួនទាល់តែសោះ។

សេចក្ដីថ្លែងការណ៍របស់លោកស្រីគីមយូជុងធ្វើឱ្យបាត់បង់សេចក្ដីសង្ឃឹមថាត្រាំ និងគីមជុងអ៊ុនអាចនឹងវិលទៅជួបគ្នាសាជាថ្មី។ ការចរចាគ្នាបានបរាជ័យតាំងពីឆ្នាំ២០១៩។ នៅអំឡុងពេលជាប់គាំងនេះ លោកគីមឆ្លៀតឱកាសអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលយ៉ាងសម្បើម ហើយក៏ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីថែមទៀតនៅក្នុងសង្គ្រាមអ៊ុយក្រែន។ លោកគីមធ្លាប់បង្ហើបប្រាប់កាលពីឆ្នាំមុនថាលោកនឹងមិនវិលទៅរកការចរចាគ្នាវិញទេលុះត្រាតែអាមេរិកឈប់ទាមទារឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទន្ទឹមនឹងការរិះគន់សមយុទ្ធយោធា លោកស្រីគីមយូជុងក៏មិនសូវប្រើប្រាស់វោហារសាស្ត្រវាយប្រហារធ្ងន់ៗប៉ុន្មានដែរ។ ហេតុនេះ គេគិតថារបបក្រុងព្យុងយ៉ាងមិនបិទ ផ្លូវទាំងស្រុងសម្រាប់ការសន្ទនាគ្នាទេ។ សំខាន់ឱ្យតែអាមេរិកធ្វើសម្បទានឱ្យបានច្រើនៗសម្រាប់ពួកគេ ឧទាហរណ៍ដូចជាការទទួលស្គាល់ថាកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ និងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

សព្វថ្ងៃនេះ គេគិតថារុស្ស៊ីជាខ្នងបង្អែកធំរបស់កូរ៉េខាងជើងផ្នែកសេដ្ឋកិច្ច និងយោធាបន្ទាប់ពីកូរ៉េខាងជើងបន្តផ្ដល់កងទ័ព គ្រាប់រំសេវ និងអាវុធយុទ្ធភ័ណ្ឌដើម្បីជួយជ្រោមជ្រែងរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែន។ លោកឡេហ្វ អេរីក អ៊ីសស្ល៊ី (Leif-Eric Easley) ជាគ្រូបង្រៀននៅសាកលវិទ្យាល័យអេវ៉ា (Ewha) ប្រទេសកូរ៉េខាងត្បូង។ លោកថ្លែងថាបន្ទាប់ពីលោកគីមអនុវត្តយុទ្ធសាស្ត្រនេះរួច លោកអាចនឹងងាកទៅទីក្រុងវ៉ាស៊ីនតោនវិញម្ដងដើម្បីទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច និងស្ដារមុខមាត់ឡើងវិញ។ ប៉ុន្តែត្រូវរង់ចាំរហូតដល់អាមេរិករៀបចំការបោះឆ្នោតសភានាខែវិច្ឆិកាខាងមុខនេះរួចរាល់សិន។ នយោបាយជាតិរបស់លោកត្រាំហាក់ដូចជាមិនសូវមានប្រជាប្រិយភាពនៅក្នុងចំណោមពលរដ្ឋអាមេរិកាំងប៉ុន្មានទេ។ ដូច្នេះ លោកចង់ងាកទៅពង្រឹងនយោបាយការបរទេសវិញម្ដង។

លោកគីមដុងយប់ (Kim Dong-yub) ជាគ្រូបង្រៀននៅសាកលវិទ្យាល័យសិក្សាអំពីកូរ៉េខាងជើងប្រចាំរដ្ឋធានីសេអ៊ូល។ លោកថ្លែងថាសេចក្ដីថ្លែងការណ៍របស់លោកស្រីគីមយូជុងជាការបង្ហាញនូវគោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងជើងថាត្រូវបែងចែកឱ្យដាច់ពីគ្នារវាងទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកគីម និងលោកត្រាំ និងទំនាក់ទំនងកូរ៉េខាងជើង-អាមេរិក។ មានន័យថាមិនមែនមេដឹកនាំទាំង២មានទំនាក់ទំនងល្អនឹងគ្នា ប្រទេសទាំង២អាចមានទំនាក់ទំនងល្អជាមួយនឹងគ្នាដែរនោះទេ។ លោកស្រីគីមបានច្រានចោលជាដាច់ខាតនូវការអះអាងរបស់លោកត្រាំដែលថាបងប្រុសរបស់លោកស្រីបានឆ្លើយតបទៅនឹងសំណើចង់ជួបសន្ទនាគ្នា។ នៅពេលអ្នកសារព័ត៌មានសួរថាតើលោកនឹងជួបលោកគីមជុងអ៊ុននៅឆ្នាំនេះ ឬយ៉ាងណា? លោកត្រាំឆ្លើយតបថាលោកនឹងជួបគ្នាក៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ