ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងផិតក្បត់ក្នុងសង្គមខ្មែរ ៖ បញ្ហាប្តីប្រពន្ធត្រូវយកចិត្តទុកដាក់ទាំងសងខាង

2 អាទិត្យ មុន

ភេទ​សម្ព័ន្ធ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវិត​ជា​គូ​ស្វា​ម៉ី​និង​ភរិយា ប្រសិនបើ​ចង់​ថែរក្សា​ចំណងអាពាហ៍ពិពាហ៍​ឲ្យ​រឹង​មាំ ។ ដូច្នេះ​ហើយ​ទើប​ពាក្យ​មួយ​ឃ្លា​ថា «​ប្រពន្ធ​ឱ្យ​ប្តី​មិន​គ្រប់ ទើប​ជា​ហេតុ​នាំ​ឱ្យ​ប្តី​លួច​ទៅ សៅ​គ្រី​» កំពុង​តែ​ផ្ទុះ​ការ​វែកញែក​ពេញ​បណ្តាញ​សង្គម ។

សូមកុំ​មើល​ស្រាល​ពាក្យ​មួយ​ឃ្លារ​នេះ​ឲ្យ​សោះ សម្រាប់​បុរស​អាច​ពោល​ដូច្នេះ​បាន ។ ប៉ុន្តែ​វា​ក៏​ជា​ពាក្យ​មួយ​ឃ្លា ដែល​បុរស​ត្រូវ​គិត​ផង​ដែរ ។ ក្រុម​នារី​ក៏​អាច​ពោល​បក​មក​វិញ​បាន​ផង​ដែរ​ថា «​ប្តី​ឱ្យ​ប្រពន្ធ​មិន​គ្រប់ ទើប​ជា​ហេតុ​នាំ​ឱ្យ​ប្រពន្ធ​លួច​ទៅ​សៅ​គ្រី​»​ដែរ ។
នៅ​ក្នុង​ចំណង​គ្រួសារ នៅ​ពេល​ដែល​បុរស និង​ស្ត្រី ពោល​ពាក្យ ឬ​ក៏​រិះគិត​អំពី​ទស្សនៈ​នេះ​ឡើង​ហើយ សូម​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ព្យាយាម​ជួសជុល ឬ​ប៉ះប៉ូវ​ស្ថានការណ៍​ឡើង​វិញ ដើម្បី​កុំអោយ​ជ្រុល​នាំ​ឲ្យ​បែកបាក់​ចំណងអាពាហ៍ពិពាហ៍ ប្រសិនបើ​បុរស និង​ស្ត្រី ពិតជា​ចង់​រក្សា​ចំណងអាពាហ៍ពិពាហ៍​ពិតប្រាកដ​មែន ។

នៅ​សម័យនេះ ឱកាស​នៃ​ការ​ផិតក្បត់​របស់​បុរស និង​ស្ត្រី គឺ​មាន​ដូច​គ្នា ។ បើ​យើង​ប្រហែស​បុរស​អាច​ទៅ​រក​សេវា «​សៅ​គ្រី​» បាន​។ ខាង​ស្ត្រី​ក៏​មានឱកាស និង​ពេលវេលា​ទៅ​សៅ​គ្រី ដូច​តែ​គ្នា​ទេ ។ ដូច្នេះ​សូម​រិះគិត និង​ព្យាយាម​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្មោះត្រង់ ដោយ​យោគយល់ ហើយ​បុរស និង​ស្ត្រី ត្រូវ​និយាយ​ជាមួយ​គ្នា ដោយ​ត្រង់​ទៅ​ត្រង់​មក ទើប​យើង​អាច​រក្សា​បាន​ចំណង​នៃ​ជីវិត ដែល​យើង​បាន​ចង​នេះ​ឲ្យ​ជាប់​ដល់​ចាស់ព្រឹទ្ធចាស់ព្រេង ។

សៅ​គ្រី​នេះ​ហើយ​ជា​ប្រភព​នៃ​អំពើ​ផិតក្បត់ ហើយ​តែ​យើង​ប្រ​ពឹត្ត​ហើយ មិន​ថា ប្រុស ឬ​ស្រី​ទេ គឺ​យើង​មិន​ត្រឹមតែ​ខុស​ខាង​សីលធម៌​សង្គម ខុស​ប្រពៃណី​នោះ​ទេ គឺ​សូ​ម្បី​តែ​ច្បាប់​ក៏​ខុស​ដែរ គឺ​ខុសច្បាប់​ឯក​ពន្ធភាព ដែល​អាច​ប្រឈម​មុខ​នឹង​ពិរុទ្ធ​ផ្លូវច្បាប់​បន្ថែម​ទៀត ។

ដោយសារ​តែ​បញ្ហា​ភេទ​សម្ព័ន្ធ​នេះ មានគ្រួសារ​ជា​ច្រើន​ដែល​បែកបាក់​គ្នា ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា មុន​ដល់​ពេល​ស្ថានភាព​គ្រួសារ​ណាមួយ​ស្ថិត​នៅ​ក្នុង​ជម្លោះ​នេះ មុន​ពេល​សម្រេចចិត្ត​បែកបាក់​គ្នា គួរតែ​និយាយ​គ្នា​ដោយ​អារម្មណ៍​និង​ភាព​ស្មោះត្រង់ ហើយ​ព្យាយាម​រក​ដំណោះស្រាយ​រួម​មួយ ដែល​បង្ហាញ​ពី​ការ​គោរព​និង​កំណត់ព្រំដែន ។

ជា​ការ​ពិត​ភេទ​សម្ព័ន្ធ​នេះ ដើម្បី​ឲ្យ​វា​ដល់​ចំណុចកំពូល វា​ត្រូវ​តែ​ជា​សម្ព័ន្ធ​ដែល​មានការ​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​ទាំង​សងខាង ដោយ​មិន​មានការ​បង្ខំ គ្មាន​សម្ពាធ ឬ​ការ​គំរាមកំហែង​ឡើយ ។ ប្រសិនបើ​ចំណង​ជីវិត​គ្រួសារ​អ្នក កំពុង​តែ​មាន​បញ្ហា​ប្រេះឆា ព្រោះ​បញ្ហា​នេះ អ្នក​ទាំង​ពីរ​គួរតែ​ស្វែងរក​មូលហេតុ​ដែល​នៅ​ពីក្រោយ​បញ្ហា ។

មូលហេតុ​ដែល​អ្នក​គួរតែ​រក​នោះ គឺ​មាន​តាំងពី​ភាព​តានតឹង ការងារ ការ​គេង ឬ​សម្រាក​មិន​គ្រប់គ្រាន់ បញ្ហា​ទំនាក់ទំនង ការ​ឈឺចាប់ នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ​ប្រ​ពឹត្ត​សកម្មភាព​ភេទ​សម្ព័ន្ធ​នោះ ពេល​ខ្លះមក​ពី​បញ្ហា​សុខភាព​ផង​ដែរ ។ សូម​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្យាយាម​កសាង​ភាព​ស្និទ្ធស្នាល ដោយ​ការ​ឱប ការ​ថើប ការ​សន្ទនា​គ្នា​ដោយ​ភាព​ផ្អែមល្ហែម ដោយ​ចំណាយ​ពេលវេលា​នៅ​ជាមួយ​គ្នា​និង​យ​ការ​យកចិត្តទុកដាក់ និយាយ​រួម​ទៅ គឺ រក​ឱកាស​បង្កើន​ភាព​ស្និ​ទ​ស្នាល​នៅ​ក្នុង​គ្រួសារ ។

សរុប​ទៅ បញ្ហា​ភេទ​សម្ព័ន្ធ​អាច​ជា​ផ្នែក​មួយ​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ការ​មិន​បំពេញតម្រូវការ​ផ្លូវភេទ មិន​គួរ​ត្រូវ​បាន​យក​ធ្វើ​ជា​ហេតុផល​ដើម្បី​បង្ហាញ​ភាព​ត្រឹមត្រូវ​ចំពោះ​អំពើ​ផិតក្បត់​ឡើយ​។ ការ​រក្សា​ចំណងអាពាហ៍ពិពាហ៍​ឱ្យ​រឹង​មាំ ត្រូវការ​ការ​ស្មោះត្រង់ ការ​យោគយល់ ការ​គោរព ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​បើកចំហ និង​ការ​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​ពី​ភាគី​ទាំង​ពីរ ។ នៅ​ពេល​មាន​បញ្ហា គូ​ស្វា​ម៉ី​ភរិយា​គួរ​រួម​គ្នា​ស្វែងរក​មូលហេតុ និង​ដំណោះស្រាយ មិនមែន​បន្ទោស ឬ​គំរាមកំហែង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​។ ការ​បង្កើន​ភាព​ស្និទ្ធស្នាល​តាម​រយៈ​ការ​យកចិត្តទុកដាក់ ការ​សន្ទនា ការ​ចំណាយពេល​ជាមួយ​គ្នា និង​ការ​គោរព​ព្រំដែន​របស់​គ្នា អាច​ជួយ​ពង្រឹង​ទំនាក់ទំនង​បាន ។ អាពាហ៍ពិពាហ៍​ដែល​រឹង​មាំ មិនមែន​ពឹងផ្អែក​លើ​ភេទ​សម្ព័ន្ធ​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ពឹងផ្អែក​លើ​សេចក្តី​ស្រឡាញ់ ការ​ទទួលខុសត្រូវ ភាព​ស្មោះត្រង់ និង​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ពីរ​នាក់​។

សូមកុំ​អោយ​បញ្ហា​នេះ​ដឹកមុខ តែ​បញ្ហា​នេះ​ដឹកមុខ គ្រួសារ​បែប​បាក់​បើ​អ្នក​ទាំង​ពីរ​មានកូន បន្ទុក​និង​បញ្ហា​ឈឺក្បាល​នៅ​ពេល​អនាគត​ទៅ​មុខ គឺ​កូន​ៗ​របស់​អ្នក​ទាំង​ពីរ​បន្ថែម​មួយ​កម្រិត​ទៀត ។ សូម​ថ្លឹងថ្លែង​និង​គិតគូរ​ឲ្យ​ច្បាស់លាស់ កុំអោយ​តណ្ហា រ​វា​ដឹកមុខ​យើង​បាន ៕