ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់​ចូលផឹកស៊ីក្នុងហាង​ខារ៉ាអូខេ «ផ្លាទីនឹមKTV» ស្រវឹ.ងបា.ញ់ផ្អើល

17 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កងកម្លាំង​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​ប្រើប្រាស់​អាវុ​ធ​ខុសច្បាប់​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​នៃ​មណ្ឌល​កម្សាន្ត​«​ផ្លា​ទី​នឹម KTV» ស្ថិត​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ដោយ​ការ​បាញ់​គំរាម​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ។

ប្រភព​ព័ត៌មាន​នគរបាល​ខេត្ត​ថា ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត កម្លាំង​នគរបាល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​តម្រួតបទបញ្ជា ដោយ​សហការ​ជាមួយ​សន្តិសុខ និង​អ្នកគ្រប់គ្រង​មណ្ឌល​កម្សាន្ត ផ្លា​ទី​នឹម KTV បាន​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​បាន​គំរាម​បាញ់​សម្លាប់​អ្នកបម្រើ​ស្រី​ក្នុង​បន្ទប់​ខារ៉ាអូខេ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត កាំភ្លើងខ្លី​១​ដើម​ម៉ាក​ប្រា​ហា លេខ​Z៥១៦៦២០ បង់​កាំភ្លើង​១ គ្រាប់​៤២​គ្រាប់(​ក្នុង​បង់​៣​គ្រាប់​) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក នាឡិកាដៃ​១​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង ប្រាក់ ១៥ ៤០០​រៀល ថ្នាំ​គ្រាប់​ពណ៌​ខៀវ​២​គ្រាប់ បារី​១​កញ្ចប់ ដែកកេះ​១ ទឹកអប់​១​ដប និង​ប៊ិក​១​ដើម ហើយ​បាន​នាំ​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

មុន​ពេល​កើតហេតុ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៦ ខ្មាន់កាំភ្លើង​រូប​នេះ បាន​ចូលទៅ​បន្ទប់​ឈ្មោះ​«​ស្វាយ​លើ​» នៃ​មណ្ឌល​កម្សាន្ត ផ្លា​ទី​នឹម KTV ដោយ​កុម្ម​ង់​ស្រា​បៀរ​ផឹក និង​បាន​ហៅ​ស្រី​អ្នកបម្រើ​ការ​៥​នាក់​មក​ផឹក​កំដរ​ជាមួយ ។ រហូត​ដល់​វេលា​រំលង​អធ្រាត្រ ដោយសារ​ស្រវឹង​ជោកជាំ ជន​នេះ​បាន​ដក​កាំភ្លើង​ខ្លី​ភ្ជង់​ស្រី​អ្នកបម្រើ​ការ​ឱ្យ​ដក​ទូរស័ព្ទ​ដៃ និង​វិទ្យុទាក់ទង​បោះចោល​ទៅ​លើ​ឥដ្ឋការ៉ូ​ឱ្យ​អស់ពី​ខ្លួន ហើយ​អង្គុយ​ចុះ​ដោយ​គំរាម​ថា «​បើ​មាន​នរណា​ម្នាក់​ផ្តល់​ព័ត៌មាន​ទៅ​ខាងក្រៅ ឬ​មាន​អ្នក​ផ្សេង​មក​បើកទ្វារ​បន្ទប់​នោះ ខ្លួន​នឹង​បាញ់​សម្លាប់​ចោល​តែ​ម្តង​» ។

លុះដល់​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ ជន​នេះ​បាន​យក​កាំ​ខ្លី​បាញ់​ឡើង​លើ​៣​គ្រាប់ តែ​មិនបណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ឡើយ នៅ​ក្នុង​បន្ទប់​នោះ ។ បន្ទាប់​មក ក៏​អង្គុយ​លើ​សា​ឡុ​ងដៃស្តាំ​កាន់​កាំភ្លើង ដៃ​ឆ្វេង​ទាញ​យក​គ្រាប់​ពី​ក្នុងហោប៉ៅ ក្នុង​គោលបំណង​បញ្ចូល​គ្រាប់​បន្ថែម ដោយ​គំរាម​អ្នក​អង្គុយ​កំដរ​ថា «​ពួក​ឯង​មាន​គ្នា​៥​នាក់ អញ​បាញ់​អស់​៣​គ្រាប់ ត្រូវការ​បញ្ចូល​គ្រាប់​ទៀត​» ។

នៅ​ពេល​ខ្មាន់កាំភ្លើង​កំពុង​ប្រើ​ដៃ​ទាំង​ពីរ យក​គ្រាប់កាំភ្លើង​មក​បញ្ចូល​ក្នុង​បង់ ដោយ​ទុក​កាំភ្លើង​លើ​តុ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៥​នាក់​នោះ បាន​ស្ទុះ​ទៅ​ប្រវាយប្រតប់ ហើយ​នាំ​គ្នា​រត់​ចេញពី​បន្ទប់​អស់ ។ បាន​មួយសន្ទុះ កម្លាំង​នគរបាល​ក៏​ឆ្មក់​ចូល​ដល់ រួច​ឃាត់ខ្លួន​ជន​ជា​ខ្មាន់កាំភ្លើង​នេះ​ភ្លាម​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ខ្មាន់កាំភ្លើង​រូប​នេះ ឆ្លើយ​ថា ខ្លួន​ឈ្មោះ ព្រំ ពិសិដ្ឋ អាយុ​៤៦​ឆ្នាំ មុខរបរ​ទិញ​-​លក់​រថយន្ត​នៅ​ភ្នំពេញ មានស្រុក​កំណើ​ត​នៅ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៤៦A ផ្លូវ​លេខ​២៧៨ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្តកណ្តាល​រយៈពេល​៣​ឆ្នាំ និង​៦​ខែ ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសារ​សាធារណៈ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១០ ។

ជន​នេះ​ឆ្លើយ​ទៀត​ថា រូប​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ដូច​ការ​រៀបរាប់​ខាងលើ​មែនមូលហេតុ​មក​ពី​ស្រវឹង​ខ្លាំង គ្រប់គ្រង​ខ្លួនឯង​មិន​បាន ។ ចំណែក​កាំភ្លើង​របស់​ខ្លួន ពុំ​បាន​ចុះបញ្ជី និង​ពុំ​មាន​ប័ណ្ណ​សម្គាល់​ឡើយ រីឯ​គ្រាប់កាំភ្លើង​វិញ គឺ​ខ្លួន​បាន​ទិញ​នៅ​ហាង​មួយ​កន្លែង ខាងលិច​ផ្សារ​ថ្មី រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២៣​កន្លង​ទៅ ។

ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ផែនការ​ងារ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដម​បូ​ង ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ជា​ដំបូន្មាន ខ្លួនឯង​គ្មាន​តួនាទី​សូ​ម្បី​តែ​បន្តិច ក្នុង​ការ​ប្រើប្រាស់​កាំភ្លើង តែ​បែរជា​លួច​ប្រើ​ដោយ​ខុសច្បាប់ ។ ការ​មានទោស​លើក​នេះ គឺ​ដោយសារ​ការ​ប្រើ​កាំភ្លើង​ខុសច្បាប់​នេះឯង បើ​កុំ​មាន​កាំភ្លើង​ជាប់​ខ្លួន​ប្រហែល​មិន​ស្គាល់​គុក​ទេ ៕