ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វ​ផ្សាយ អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង

1 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការ​ពាក់មួក​សុវត្ថិភាព និង​ការ​បង្កើន​សុវត្ថិភាព តាម​រយៈ​ការ​បើកភ្លើង​ស្វ័យប្រវត្តិ​ពេល​ថ្ងៃ (AHO) ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា រៀបចំ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ពង្រឹង​ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ដាស់តឿន​ស្មារតី​ដល់​អ្នកបើកបរ​ម៉ូតូ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​លើ​កត្តា​សុវត្ថិភាព​សំខាន់​ៗ ដូច​ជា ការ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ បើកបរ​ដោយ​ការ​ទទួលខុសត្រូវ​និង​គោរព​ច្បាប់ ជា​ពិសេស​ត្រូវ​យល់​ដឹង​ពី​ប្រព័ន្ធ​បើកភ្លើង​ចង្កៀង​មុខ​ដោយ​ស្វ័យប្រវត្តិ ឬ​ហៅ​ថា​ការ​បើកភ្លើង​ពេល​ថ្ងៃ (AHO – Automatic Headlight On)​។

ប្រព័ន្ធ AHO នេះ ត្រូវ​បាន​គេ​ដឹង​ថា អាច​ជួយ​បង្កើន​លទ្ធភាព​មើលឃើញ​រវាង​អ្នកបើកបរ និង​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត ដែល​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​យ៉ាង​មាន​ប្រសិទ្ធភាព ជា​ពិសេស​ក្នុង​ស្ថានភាព​អាកាសធាតុ​ប្រែប្រួល ដូច​ជា​មាន​ភ្លៀង​ធ្លាក់ ចុះ​អ័ព្ទ ឬ​មេឃងងឹត​។

លោក​ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដោយ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​កាន់តែ​ច្រើន អំពី​ច្បាប់​ចរាចរណ៍ ដែល​រួម ចំណែក​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​នៅ​កម្រិត​កាន់តែ​ទាប​។

លោក​ជំទាវ​បាន​បន្ត​ថា យុទ្ធនាការ​នេះ មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ផ្នែក​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើត​បរិយាកាស​រីករាយ​តាម​រយៈ​កម្មវិធី​សំណួរចម្លើយ​កម្សាន្ត ដើម្បី​ទទួល​បាន​រង្វាន់​មួក​សុវត្ថិភាព និង​សម្ភារៈ​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ការ​អប់រំ​កាន់តែ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​ ៕​