ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ្សេឡេនស្គី ដកតំណែងមន្ត្រីជាន់ខ្ពស់ ខណៈអ៊ុយក្រែន-រុស្ស៊ី ដោះដូរឈ្លើយសឹក១០៣នាក់ទៅវិញទៅមក

14 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី កាលពី​ថ្ងៃ​ទី​១៩ ​សីហា​ បាន​ដក​តំណែង​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​វិមាន​ប្រធានាធិបតី លោកស្រី​អ៉ី​រី​ណា​មូ​ដ្រា បន្ទាប់​ពី​ការ​ប្រកាស​របស់​បណ្ដា​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​ពី​ប្រតិបត្តិការ​មួយ​សំដៅលើ​បណ្ដា​សមាជិក​ខុ​ន្ទ​កាល័យ​ប្រធានាធិបតី​ និង​សមាជិក​សភា​អ៊ុយ​ក្រែ​ន​មួយ​រូប​មក​ ។

ប្រតិបត្តិការ​នោះ​ កើត​មាន​បន្ទាប់​ពី​ការ​រិះគន់​ដ៏​ខ្លាំង របស់​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស លោក​មី​ខា​អ៉ី​ល​ឡូ​ហ្វេ​ដូ​រ៉ូ​វ ដែល​ត្រូវ​ដក​តំណែង​កាលពី​ខែកក្កដា​ ។ អតីតរដ្ឋមន្ត្រី​រូប​នោះ​ បាន​បរិហារ​ពី​អំពើ​ពុក​រលួយ​នៅ​អ៊ុយ​ក្រែ​ន ហើយ​អំពាវនាវ​ឲ្យ​មានការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ។ តាម​ផ្នែក​ប្រឆាំង​អំពើ​ពុក​រលួយ​អ៊ុយ​ក្រែ​ន​ថា បណ្ដា​ជនសង្ស័យ​បាន​លាងលុយកខ្វក់​១៥០​លាន​HRYVNIAS (​ប្រមាណ​ជា​២,៨​លាន​អឺ​រ៉ូ​) ក្នុង​គោលបំណង​យក​ទៅ​បង់ប្រាក់​ធានា ដល់​ជនជាប់ចោទ​ម្នាក់​ក្នុង​រឿង​ពុក​រលួយ​ចម្បង​មួយ​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​កក្រើក​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំទៅ​មិ​ញ​ ។

រឿង​នោះ​ទាក់ទិន​នឹង​ការ​ពង្វាង​យក​មូលនិធិ​ដ៏​ធំ​ក្នុង​ផ្នែក​ថាមពល ដែល​នាំ​ទៅ​ដល់​ការ​លាលែង​ចេញពី​តំណែង របស់​រដ្ឋមន្ត្រី​យុត្តិធម៌​និង​រដ្ឋមន្ត្រី​ថាមពល និង​ការ​ចាក​ចេញពី​ខុ​ន្ទ​កាល័យ​ប្រធានាធិបតី ដៃស្ដាំ​របស់​លោក​ហ្សេ​ឡេ​ន​ស្គី​លោក​អាន​ឌ្រី​អ៉ី​ល័​រ​ម៉ាក់ ដែល​ចាត់​ទុក​ថា ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​មនុស្ស​មាន​ឥទ្ធិពល​របស់​អ៊ុយ​ក្រែ​ន​។

ដោយឡែក​អ៊ុយ​ក្រែ​ន ​និង​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​១៩​ សីហា​ បាន​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ម្ខាង​ៗ ១០៣​នាក់​។ នេះ​ជា​ការ​ប្រកាស​របស់​ប្រទេស​ទាំង​២ ក្នុង​ក្រប​ខណ្ឌ​កិច្ចសហការ​តែ​មួយ​គត់​នោះ​។ ក្នុង​ចំណោម​ឈ្លើយសឹក​ដែល​ត្រូវ​ដោះ​ដូរ​គ្នា​នោះ មាន​បណ្ដា​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ជា​អ្នក​ការពារ​ទីក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល ជា​ក្រុង​កំពង់​ផែ​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី ​វាយ​ដណ្ដើម​យក​បាន​ក្រោយ​ការ​ឡោម​ព័ទ្ធ​វាយប្រហារ​អស់​ពេល​ដ៏​យូរ​មក​ ។

តាម​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា ទាហាន​លោក​ប្រមាណ​៧០០០​នាក់​ទៀត​កំពុង​ឃុំ​ទុក​នៅ​រុ​ស្ស៊ី ​។ ចំណែក​ជន​ស៊ី​​វិល​អ៊ុយ​ក្រែ​ន​ជាង​១៥.០០០​នាក់​ ក៏​កំពុង​ស្ថិត​ក្នុង​បណ្ដា​ពន្ធ​គារ​រុ​ស្ស៊ី​ដែរ​ ។ រីឯ​មនុស្ស​យ៉ាងតិច​៦​នាក់​ស្លាប់​ និង​៣៣​នាក់​រង​របួស កាលពី​យប់​ថ្ងៃ​ទី​១៩​ មក​២០​ សីហា ​នៅ​ក្រុង​គៀវ ហើយ​មនុស្ស​ម្នាក់​ទៀត​ស្លាប់​ក្នុង​តំបន់​ជាយក្រុង​នេះ​ដោយសារ​ការ​វាយប្រហារ​របស់
​រុ​ស្ស៊ី ​៕