ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺចាប់បំផុត! រដ្ឋមន្ត្រីក្រសួងព័ត៌មានចោទសួរចំៗ ៖ តើអ្នកណាទទួលខុសត្រូវ ពេលពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅតែអត់ផ្ទះសម្បែង?

20 ម៉ោង មុន

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា​នេះ បញ្ហា​ព្រំដែន​កម្ពុជា​ថៃ​មិនមែន​ជា​រឿង​តែ​បង្គោល​ព្រំដែន ខ្សែបន្ទាត់​លើ​ផែនទី ឬ​អធិបតេយ្យភាព​ទឹកដី​តែ​ប៉ុណ្ណោះ​ទេ ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្ត​ថា នៅ​ពីក្រោយ​ជម្លោះព្រំដែន​ដ៏​រ៉ាំរ៉ៃ ដែល​កម្ពុជា​ចាត់​ទុក​ថា ត្រូវ​បាន​ធ្វើ​ឱ្យ​កាន់តែ​ស្មុគស្មាញ​ដោយ​ការ​ប្រើប្រាស់​ផែនទី ដែល​គូស​ដោយ​ឯកតោភាគី និង​ការ​អះអាង​ទឹកដី ដែល​មិន​ស្រប​នឹង​មូលដ្ឋាន​ច្បាប់ និង​ឯកសារ​ព្រំដែន​ដែល​បន្សល់​ទុ​ពី​សម័យ​អាណានិគម និង​ដែល​កម្ពុជា​ទទួលស្គាល់​, មានជីវិត​មនុស្ស ផ្ទះសម្បែង ដីស្រែ សាលារៀន វត្ត​អារាម មណ្ឌល​សុខភាព និង​សហគមន៍​ទាំងមូល​ដែល​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​អំពើ​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ​ក្នុង​ឆ្នាំ​២០២៥​។

សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ សំណួរ​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​ទម្ងន់​បំផុត​គឺ ៖ តើ​ពួក​គេ​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​នៅ​ពេល​ណា? សំណួរ​នេះ​ក៏​នាំ​យើង​ទៅ​រក​សំណួរ​មួយទៀត​ដែល​មិន​គួរ​ត្រូវ​បាន​មើល​រំលង ៖ តើ​អ្នក​ណា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ ?

សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ និង​ពោធិ៍សាត់ ក្នុង​ឆ្នាំ​២០២៥ មិន​បាន​បន្សល់​ទុក​តែ​ការ​ខូចខាត​ផ្នែក​យោធា​នោះ​ទេ​។ ជន​ស៊ី​វិល​កម្ពុជា​បាន​ស្លាប់ និង​រង​របួស ផ្ទះសម្បែង សាលារៀន វត្ត​អារាម និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ត្រូវ​បាន​ខូចខាត ហើយ​នៅ​កម្រិត​កំពូល​នៃ​វិបត្តិ ប្រជាពលរដ្ឋ​ប្រមាណ ៦៥០ ០០០​នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ ដើម្បី​គេច​ចេញពី​ការ​ប្រយុទ្ធ ការ​បាញ់​ផ្លោង និង​ការ​វាយប្រហារ​តាម​អាកាស​។

កងកម្លាំង​ថៃ​ថា បាន​ប្រើ​កម្លាំងយោធា​ចូល​មក​លើ​ទឹកដី​កម្ពុជា និង​ធ្វើ​ប្រតិបត្តិការ​ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជន​ស៊ី​វិល និង​ទ្រព្យសម្បត្តិ​ស៊ី​វិល​។ អង្គហេតុ​ទាំងនេះ​មិន​គួរ​ត្រូវ​បាន​បំភ្លេច​ដោយសារ​តែ​មាន​បទ​ឈប់​បាញ់​ឡើយ​។ ផ្ទុយ​ទៅ​វិញ វា​ត្រូវការ​ការ​កត់ត្រា ការ​ផ្ទៀងផ្ទាត់ និង​ការ​វាយតម្លៃ​យ៉ាង​ម៉ត់ចត់​ក្រោម​ច្បាប់​អន្តរជាតិ ដើម្បី​កំណត់​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​ភស្តុ​តាង​។

ការ​វាយប្រហារ​ដោយ​មិន​រើសមុខ​ត្រូវ​បាន​ហាមឃាត់​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ ។ ដូច្នេះ រាល់​ករណី​ដែល​ការ​វាយប្រហារ​ប៉ះពាល់​ដល់​ផ្ទះសម្បែង សាលារៀន វត្ត​អារាម មណ្ឌល​សុខភាព ឬ​ជន​ស៊ី​វិល ត្រូវ​តែ​ត្រូវ​បាន​ពិនិត្យ​ដោយ​ផ្អែក​លើ​អង្គហេតុ និង​ភស្តុ​តាង ។ ការ​អះអាង​របស់​យោធា​ថៃ​ថា ប្រតិបត្តិការ​របស់​ខ្លួន​ផ្តោត​តែ​លើ​គោលដៅ​យោធា មិន​អាច​ជំនួស​ការ​ពិនិត្យ​លើ​ភស្តុ​តាង សាក្សី និង​ផលវិបាក​ជាក់ស្តែង​នៅ​លើ​ដី​បាន​ឡើយ​។ របាយការណ៍​ពី​តំបន់​រង​ផល​ប៉ះពាល់ សក្ខីកម្ម​របស់​ប្រជាពលរដ្ឋ និង​ការ​រាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ គួរ​ត្រូវ​បាន​ចាត់ទុកជា​ផ្នែក​នៃ​ភស្តុ​តាង​ដែល​ត្រូវ​កត់ត្រា និង​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ហ្មត់ចត់​។
ប៉ុន្តែ​វិបត្តិ​នេះ​មិន​បាន​បញ្ចប់​ជាមួយ​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ទេ ។

ចំណុច​ទី​៤ នៃ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ បាន​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ខ្លួន​ដោយ​សុវត្ថិភាព ដោយ​គ្មាន​ការ​រារាំង និង​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​។ ទោះជា​យ៉ាងណា ជា​ច្រើន​ខែ​ក្រោយ​បទ​ឈប់​បាញ់ ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​នៅ​តែ​មិន​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ និង​ជីវភាព​ធម្មតា​របស់​ខ្លួន​បាន​។

នៅ​ទី​នេះ បញ្ហា​អធិបតេយ្យភាព​បាន​ប្រសព្វ​ជាមួយ​បញ្ហា​សិទ្ធិ​មនុស្ស​យ៉ាង​ច្បាស់​។
ការ​ដាក់​កុងតឺន័រ បន្លា​លួស លេណដ្ឋាន និង​របាំង​ផ្សេង​ៗ​នៅ​តំបន់​ដែល​កម្ពុជា​អះអាង​ថា​ស្ថិត​ក្នុង​ទឹកដី​របស់​ខ្លួន មិនមែន​ត្រឹមតែ​បង្កើត​សំណួរ​អំពី​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នោះ​ទេ​។ ប្រសិនបើ​សកម្មភាព​ទាំងនេះ​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​កាន់​ផ្ទះ ដីស្រែ និង​មធ្យោបាយ​ចិញ្ចឹមជីវិត​របស់​ខ្លួន វា​ក៏​បង្កើត​សំណួរ​ធ្ងន់ធ្ងរ​អំពី​សិទ្ធិ​របស់​ជន​ស៊ី​វិល និង​ការ​អនុវត្ត​កាតព្វកិច្ច​ក្រោយ​បទ​ឈប់​បាញ់​ផង​ដែរ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែកក្កដា ឆ្នាំ​២០២៦ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោក Tom Andrews បាន​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តំបន់​ព្រំដែន និង​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ដែល​ប្រជាពលរដ្ឋ​ផ្លាស់​ទីលំនៅ​ត្រូវ​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​។ សារ​នេះ​មាន​សារៈសំខាន់ ព្រោះ​វា​បញ្ជាក់​ថា ការ​ត្រឡប់​ទៅ​ផ្ទះ​មិនមែន​ជា​បញ្ហា​នយោបាយ​រវាង​រដ្ឋ​ពីរ​តែ​ប៉ុណ្ណោះ​ទេ​។ វា​ជា​បញ្ហា​នៃ សិទ្ធិ សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​។

ការ​ត្រឡប់​ទៅ​ផ្ទះ​ក៏​មិន​អាច​មាន​ន័យ​ត្រឹមតែ​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​របាំង​មួយ​នោះ​ទេ​។ ការ​វិល​ត្រឡប់​ត្រូវ​មាន​សុវត្ថិភាព និង​និរន្តរភាព​។ ប្រជាពលរដ្ឋ​ត្រូវ​អាច​រស់នៅ​ក្នុងផ្ទះ​របស់​ខ្លួន ប្រើប្រាស់​ដីធ្លី ប្រកប​របរ​ចិញ្ចឹមជីវិត បញ្ជូន​កូន​ទៅ​សាលារៀន និង​រស់នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា ពួក​គេ​នឹង​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ម្តងទៀត​។

សន្តិភាព​ពិតប្រាកដ ដូច្នេះ មិន​អាច​ត្រូវ​បាន​វាស់​ត្រឹមតែ​ដោយ​ភាព​ស្ងប់ស្ងាត់​នៃ​ស្នូរ​កាំភ្លើង​ឡើយ​។ វា​ត្រូវ​វាស់​ដោយ​ថា តើ​ម្តាយ​អាច​នាំ​កូន​ត្រឡប់​ទៅ​ផ្ទះ​បាន​ឬទេ តើ​កុមារ​អាច​ត្រឡប់​ទៅ​សាលារៀន​បាន​ឬទេ តើ​កសិករ​អាច​ត្រឡប់​ទៅ​ដីស្រែ​របស់​ខ្លួន​បាន​ឬទេ និង​តើ​គ្រួសារ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​អាច​ស្តារ​ជីវិត​របស់​ខ្លួន​ឡើង​វិញ​ដោយ​សុវត្ថិភាព និង​គ្មាន​ការ​ភ័យ​ខ្លាច​បាន​ឬទេ​។
ទន្ទឹម​នឹង​នេះ ការ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​កងកម្លាំង​ថៃ និង​ការ​រំលោភច្បាប់​អន្តរជាតិ​ណាមួយ​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​ភស្តុ​តាង មិន​គួរ​ត្រូវ​បាន​លុប​ចេញពី​របៀបវារៈ​ដោយសារ​តែ​មាន​បទ​ឈប់​បាញ់​ឡើយ ។ បទ​ឈប់​បាញ់​អាច​បញ្ឈប់​គ្រាប់កាំភ្លើង ប៉ុន្តែ​មិន​អាច​បញ្ឈប់​ការ​ទទួលខុសត្រូវ​បាន​ទេ​។ ការ​ស្ងប់ស្ងាត់​នៅ​ព្រំដែន​មិន​អាច​លុប​បំបាត់​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ជន​ស៊ី​វិល ហើយ​ក៏​មិន​អាច​ធ្វើ​ឱ្យ​ការ​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​ក្លាយជា​រឿង​ស្របច្បាប់​បាន​ដែរ​។
ដូច​គ្នា​នេះ​ដែរ ការ​គ្រប់គ្រង​ទឹកដី​ជាក់ស្តែង​ដោយ​កម្លាំង មិន​អាច​បង្កើត​អធិបតេយ្យភាព​ស្របច្បាប់​បាន​ឡើយ​។ បន្លា​លួស​មិន​អាច​គូរ​ព្រំដែន​ថ្មី កុងតឺន័រ​មិន​អាច​បង្កើត​អធិបតេយ្យភាព ហើយ​ការ​គ្រប់គ្រង​ដោយ​កម្លាំង​មិន​អា​ចប​ម្លែ​ង​ទៅ​ជា​សិទ្ធិ​ស្របច្បាប់​បាន​ទេ​។ បញ្ហា​ព្រំដែន​ត្រូវ​ដោះស្រាយ​តាម​ច្បាប់ ឯកសារ​ព្រំដែន និង​យន្តការ​សន្តិវិធី​ដែល​មាន​ស្រាប់ មិនមែន​តាម​រយៈ​ការ​បង្កើត​ស្ថានភាព​ជាក់ស្តែង​ថ្មី​ដោយ​កម្លាំង​នៅ​លើ​ដី​នោះ​ឡើយ​។

ដូច្នេះ ដំណោះស្រាយ​ចំពោះ​វិបត្តិ​ព្រំដែន​កម្ពុជា​-​ថៃ មិន​អាច​មាន​ត្រឹមតែ​ការ​រក្សា​ភាព​ស្ងប់ស្ងាត់​នៃ​ស្នូរ​កាំភ្លើង​នោះ​ទេ​។ វា​ត្រូវ​ឈរ​លើ​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ការ​គោរព​ច្បាប់​អន្តរជាតិ ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​សិទ្ធិ​មនុស្ស ការ​ស៊ើបអង្កេត និង​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​ភស្តុ​តាង ព្រមទាំង​ការ​អនុវត្ត​ពេញលេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្រោម​បទ​ឈប់​បាញ់​។

សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​រត់​ចេញពីផ្ទះ​ដោយសារ​សង្គ្រាម សន្តិភាព​មិនមែន​ជា​ពាក្យ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ទេ ។ សន្តិភាព​គឺ​ការ​អាច​ត្រឡប់​ទៅ​ផ្ទះ ដីស្រែ សាលារៀន និង​សហគមន៍​របស់​ខ្លួន​វិញ​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​។

ដរាបណា​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តែ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន ដរាបណា​របាំង​ដែល​រារាំង​ការ​វិល​ត្រឡប់​នៅ​តែ​មាន និង​ដរាបណា​សំណួរ​អំពី​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​លើ​ជន​ស៊ី​វិល​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ វិបត្តិ​នេះ​មិន​ទាន់​បញ្ចប់​ទេ​។ កាំភ្លើង​អាច​ស្ងប់ ប៉ុន្តែ​យុត្តិធម៌​មិន​ត្រូវ​ស្ងប់​តាម​កាំភ្លើង​ឡើយ ៕