ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ព្រះមហាក្សត្រ​នឹង​ស្តេច​យាង​ព្រះរាជ​ពិធី​សម្ពោធ​«​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធ សភា​»

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ប្រារព្ធ​ព្រះរាជ​ពិធី​សម្ពោធ«​វិមាន​សាមគ្គីភាព​» នៃ​ព្រឹទ្ធសភា ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​៩:០០​នាទី នៅ​វិមាន​ព្រឹទ្ធសភា ។ នេះ​បើ​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ។

ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​អគារ​ព្រឹទ្ធសភា​ថ្មី​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ នៅ​ថ្ងៃ​ទី​២១ សីហា អាជ្ញាធរ នឹង​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​ស្តុ​ប​ជលផល ដល់​ស្ពាន​អាកាស ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​) ចាប់ពី​វេលា​ម៉ោង​៥​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី ។ នេះ​បើ​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​បន្ត​ដោយ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​យោគយល់ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ ។

សូម​ជម្រាប​ថា អគារ​ព្រឹទ្ធសភា​ថ្មី​នេះ មាន​កម្ពស់​៤​ជាន់ និង​ទំហំ​៧៩​ម៉ែត្រ គុណ​នឹង ៤៧​ម៉ែត្រ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០២៤ ។ ការដ្ឋាន​សាងសង់​អគារ​នេះ ត្រូវ​បាន​បិទ​បញ្ចប់​កាលពីដើម​ឆ្នាំ​២០២៦ ។ ព្រឹទ្ធសភា​បញ្ជាក់​ថា ការ​កសាង​អគារ​ព្រឹទ្ធសភា​ថ្មី​នេះ គឺ​ប្រើប្រាស់​ថវិកា​របស់​បណ្ដា​សប្បុរសជន ប៉ុន្តែ​ពុំ​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​បាន​ចំណាយ​​ឡើយ ៕