អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ CPPមិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា(CPP) មិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជា មួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាទេ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា៖ «គណបក្ស ប្រជាជនកម្ពុជាមិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូ និងក្នុងនាមជាខ្មែរតែមួយ ដើម្បីបម្រើបុព្វហេតុជាតិដោយគ្មានការរើសអើងឡើយ» ។
នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាឱកាសជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនីទូទាំងប្រទេសលើកទី១១ ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការចូលរួម គឺមិនចាំបាច់តែត្រូវស្របមតិគ្នា រហូតនោះទេ ប៉ុន្តែត្រូវផ្អែកលើការវិភាគដែលមានមូលដ្ឋាន ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត និងពង្រឹងការងារជាមួយគ្នា។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា និងការបង្រួបបង្រួមជាតិ ផ្អែកលើភាពស្មោះត្រង់ គុណធម៌នយោបាយ និងការគោរពគ្នាទៅវិញទៅមក។
សូមបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជាដែលបានស្គាល់សុខសន្តិភាព ការឯកភាពទឹកដី និងឯកភាពជាតិរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ដែលផ្តល់ឱកាសពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចសព្វថ្ងៃ គឺជាលទ្ធផលនៃការផ្សះផ្សាបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះ ។
តាមរយៈនយោបាយផ្សះផ្សា បង្រួបបង្រួមជាតិ និងវប្បធម៌សន្ទនា ខ្មែរគ្រប់និន្នាការអាចជជែកគ្នា ធ្វើការជាមួយគ្នា និងរួមរស់ជាមួយគ្នាក្នុងនាមមហាគ្រួសារខ្មែរបាន។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តែងតែសន្តោសប្រោសប្រណី មិនប្រកាន់ទោសពៃរ៍ សូម្បីតែអ្នកដែលធ្លាប់ជេរប្រមាថ ឬធ្លាប់ជាគូប្រយុទ្ធស្លាប់រស់ជាមួយគ្នាក៏ដោយ ។
ជាក់ស្តែង អតីតខ្មែរក្រហម និងអតីតអ្នកនយោបាយបដិបក្ខ សុទ្ធតែទទួលបានការអនុគ្រោះ ហើយអាចធ្វើការរួមគ្នារួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបាន ។ ណធម៌ដ៏ប្រពៃនេះបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការប្រកាសបើកចំហរស្វាគមន៍អ្នកដែលមាននិន្នាការផ្ទុយ តែមានឆន្ទៈចូលរួមចំណែកជួយប្រទេសជាតិពិតប្រាកដពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺជាភស្តុតាងដែលបញ្ជាក់ពីការបន្តវប្បធម៌សន្ទនា និងការផ្សះផ្សាបង្រួបបង្រួមជាតិមិនចេះរីងស្ងួតរបស់រាជរដ្ឋាភិ
បាលគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ជាក់ស្តែង យើងទាំងអស់គ្នា នៅចងចាំបាននូវសារដ៏មានអត្ថន័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់» ។
ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះរួមគ្នា ពួតដៃគ្នា កសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង ប្រកបដោយភាពធន់ ក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង» ។
ឯកឧត្តមបានលើកឡើងថា សារនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌ផ្សះផ្សា បង្រួបបង្រួមជាតិចេញពីបេះដូងអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ៕

ចែករំលែកព័តមាននេះ